ភ្នំពេញៈ រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា បានបញ្ជាក់ថា ចំនួនសត្វផ្សោតនៅកម្ពុជា មានការកើនឡើង ដែលបច្ចុប្បន្ននេះមានចំនួនប្រមាណ១០៥ ក្បាល។
លោកបញ្ជាក់ថា ក្រសួងរបស់លោក បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះបទល្មើសនេសាទ និងការផលិតចែកចាយឧបករណ៍នេសាទដែលមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានជលផល ដូចជា ឧបករណ៍ឆក់ជាដើម។
ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិលើកទី១៩ នៅខេត្តកំពង់ចាម នាថ្ងៃទី១ កក្កដា លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញការលែងត្រីមេពូជ និងត្រីរងគ្រោះថ្នាក់ចូលទៅក្នុងធម្មជាតិវិញនិងបានដាក់បិទឧបករណ៍មួយចំនួនសម្រាប់តាមដានត្រីបំផ្លាស់ទីដែលភាគច្រើនជាប្រភេទត្រីពូជកម្រ។
លោក ឌិត ទីណា ថ្លែងថា៖ «ជាក់ស្ដែង ជាលទ្ធផល យើងក៏បានឃើញថា មានការកើនឡើងនូវចំនួនផ្សោតដែលពីមុនយើងមានការស្លាប់ច្រើន។ នៅក្នុង៦ខែ ដើមឆ្នាំ២០២៤នេះ ផ្សោតកើតកូនបាន៨ក្បាល ហើយស្លាប់តែ២ក្បាលប៉ុណ្ណោះ។ សព្វថ្ងៃនេះ យើងមានផ្សោតចំនួនប្រមាណ១០៥ ក្បាល»។
ថ្លែងក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញដល់រដ្ឋបាលជលផលត្រូវបន្តពង្រឹងការអភិរក្សធនធានជលផលព្រៃលិចទឹក ព្រៃកោងកាង ជាពិសេសការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និងវារីសត្វងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តលែងកូនត្រី ត្រីមេពូជបន្ថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។
លោកថ្លែងថា៖ «រដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក «សហគមន៍នេសាទ គ្មានបទល្មើសជលផល» និងត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិនៅតាមបណ្ដាសហគមន៍ទាំងអស់ ជាពិសេសនៅតំបន់ដែលសម្បូរដោយមច្ឆជាតិ សត្វផ្សោត សត្វស្លាប ព្រៃលិចទឹក និង ព្រៃកោងកាង ដើម្បីគាំទ្រជីវភាពប្រជានេសាទ និង កាត់បន្ថយការពឹងផ្អែកទៅលើការនេសាទតែមួយមុខសម្រាប់ទ្រទ្រង់ជីវភាព»។
កាលពីចុងខែឧសភា កូនផ្សោតក្បាលត្រឡោកថ្មីមួយក្បាលត្រូវបានប្រទះឃើញវត្តមានរបស់វាកំពុងតែហែលជាមួយនឹងផ្សោតឃ្លៀចនៅព្រែកត្នោតស្ថិតក្នុងក្រុងបូកគោ ខេត្តកំពត។
ដោយឡែក កាលពីខែមេសា ក្រុមអ្នកអភិរក្សសត្វផ្សោតទន្លេមេគង្គបានបង្ហាញក្ដីរីករាយនៅពេលដែលកូនផ្សោតមួយក្បាល ដែលជាកូនផ្សោតទី៧ ត្រូវបានប្រទះឃើញនៅក្នុងតំបន់អភិរក្សសត្វផ្សោតអន្លង់កាំពី ក្នុងខេត្តក្រចេះ។
លោក នុត ឫទ្ធី ប្រធានឆ្មាំទន្លេនៃតំបន់កាំពី ធ្លាប់បានប្រាប់អ្នកសារព័ត៌មានកាលពីដើមខែធ្នូ ឆ្នាំ២០២៣ ថា ការអនុវត្តយន្តការយាមល្បាត ២៤ ម៉ោង លើ ២៤ ម៉ោង នៅក្នុងតំបន់អភិរក្សសត្វផ្សោតកាំពី បានជំរុញឱ្យអត្រាស្លាប់របស់ផ្សោតមានការថយចុះ និងផ្សោតកើតថ្មីមានការកើនឡើង ប៉ុន្តែនៅតែមានហានិភ័យមួយចំនួនចំពោះផ្សោតទន្លេមេគង្គ។
លោកបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ មានផ្សោតកើតថ្មីចំនួន ៨ ក្បាល និងស្លាប់ចំនួន ៥ ក្បាល ដែលចំនួនស្លាប់នេះ គឺរាប់ទាំងសត្វផ្សោតដែលស្លាប់ដោយសារវ័យចាស់ និងស្លាប់ដោយសារជាប់មងអ្នកនេសាទ និងការឆក់ដោយឧបករណ៍ខុសច្បាប់របស់អ្នកនេសាទមួយចំនួនជាដើម។
ការរាប់ស្ថិតិសត្វផ្សោតត្រូវបានធ្វើឡើងរៀងរាល់៣ឆ្នាំម្តង។ ក្នុងឆ្នាំ២០២០ ចំនួនផ្សោតត្រូវបានកត់ត្រាមានចំនួនសរុប ៨៩ ក្បាល៕