ភ្នំពេញៈ ប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) គ្រោងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងសប្ដាហ៍នេះរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកក្កដា តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបញ្ជាក់ថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់នាថ្ងៃទី១០ កក្កដា ថា លោក តូ ឡឹម គ្រោងនឹងជួបជាមួយ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា, លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, និងលោកស្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។
ប្រភពដដែលបន្តថា៖ «ជំនួបទាំងនេះត្រូវបានរំពឹងថានឹងគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ»។
លោកប្រធានាធិបតីវៀតណាមក៏គ្រោងនឹងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា និងនៅមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។
លោក ថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងថា ប្រទេសវៀតណាមនៅតែចាត់ទុកកម្ពុជាជាប្រទេសអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួននៅក្នុងបរិបទបម្រែបម្រួលបរិបទភូមិសាស្ត្រនយោបាយ។ ការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម នឹងផ្ដោតលើការរឹតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសទាំងពីរ។
លោកថ្លែងថា៖ «ស្របជាមួយគ្នានេះដែរ ប្រទេសទាំងពីរស្ថិតនៅក្នុងការចរចាបញ្ហាព្រំដែនដែលនៅសេសសល់ និងពង្រីកកិច្ចសហប្រតិបត្តិការ និងយន្តការការពារសន្តិសុខតាមបណ្ដោយព្រំដែន»។
លោកបន្ថែមថា៖ «សម្រាប់វិស័យសេដ្ឋកិច្ច កម្ពុជា និងវៀតណាម គួរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ដូចជាកសិកម្ម ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល កសិកម្ម ការអភិវឌ្ឍសុខាភិបាល និងអប់រំជាដើម។ ចំណុចទាំងអស់នេះ នឹងជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើនការនាំចេញ នាំចូលនៃប្រទេសទាំងពីរ ក៏ដូចជាធានាបានការអភិវឌ្ឍ និងសុខដុមរមនានៅតាមបណ្ដាព្រំដែន»។
លោក ថុង ម៉េងដាវិត ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១០ កក្កដា ថា ស្របពេលដែលកម្ពុជាកំពុងរងសម្ពាធនយោបាយពីបរទេស វៀតណាមអាចចែករំលែក និងជំរុញកិច្ចសហការក្នុងវិស័យស្រាវជ្រាវ យោធា និងការសិក្សាពីគោលនយោបាយអភិវឌ្ឍសាធារណៈ តាមរយៈការផ្ដល់អាហារូបករណ៍ និងការសិក្សាស្រាវជ្រាវរួមគ្នារវាងស្ថាប័ន ឬវិទ្យាស្ថានអប់រំ និងស្រាវជ្រាវ នៃប្រទេសទាំងពីរ។
លោក តូ ឡឹម អតីតរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ត្រូវបានសភាវៀតណាមបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីវៀតណាមកាលពីខែឧសភា។ លោកបន្តតំណែងពីលោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) អតីតប្រធានាធិបតីវៀតណាមដែលបានលាលែងពីតំណែងកាលពីខែមីនា បន្ទាប់ពីកាន់តំណែងបាន១ឆ្នាំ។
កាលពីចុងឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមរយៈពេល២ថ្ងៃ ដើម្បីបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
កាលពីចុងឆ្នាំ២០២១ លោក ង្វៀន សួនហ៊្វុន (Nguyen Xuan Phuc) អតីតប្រធានាធិបតីវៀតណាមបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ៕