ភ្នំពេញៈ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ គ្រោះអគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើងចំនួន ៧៣៨លើក ដែលមានការកើនឡើង ២២២លើក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈពេលដែលកម្លាំងនគរបាលបន្តចុះអប់រំពលរដ្ឋ ដើម្បីបញ្ជៀសគ្រោះថ្នាក់អគ្គិភ័យនេះ។ នេះបើយោងតាមនគរបាលជាតិ។
ហេតុការណ៍គ្រោះអគ្គិភ័យទាំងជាង ៧០០លើកនោះបានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៩នាក់ របួស ២៥នាក់ ឆេះផ្ទះ៤៥០ខ្នង និងចំនួនតូប ៥០២ផងដែរ។
ចំពោះមូលហេតុអគ្គិភ័យទាំងនោះ គឺបណ្តាលមកពីចរន្ដអគ្គីសនីចំនួន ៤១.៥៦ភាគរយ ប្រើប្រាស់ភ្លើង ៣៩.៣៣ភាគរយ និងមូលហេតុដែលកំណត់មិនទាន់បានចំនួន ១៩.១១ភាគរយផងដែរ។
ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៣ កន្លងមក មានអគ្គិសភ័យចំនួន ៥១៦លើកប៉ុណ្ណោះ ដែលបានបណ្តាលឱ្យមនុស្សស្លាប់រហូតដល់ទៅ ៤១នាក់។ គ្រោះអគ្គិភ័យពេញមួយឆ្នាំ ២០២៣មាន ៧៦១លើក និងសម្លាប់មនុស្ស ៥៤នាក់ និងរបួស៩៧នាក់។
គ្រោះអគ្គិសភ័យមានការកើនឡើង ៣ឆ្នាំជាប់ៗគ្នាក្នុងរយៈពេល ៦ខែ។ កាលពីពាក់កណ្តាលឆ្នាំ ២០២២ មានអគ្គិភ័យកើតមានតែ ៣៧២លើកប៉ុណ្ណោះ។
បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហាន្តរាយបានឱ្យដឹងផងដែរថា ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ គ្រោះអគ្គិភ័យបានកើតមានច្រើនជាងគេនៅរាជធានីភ្នំពេញ ចំនួន ៨០លើក បំផ្លាញផ្ទះអស់ ១០០ខ្នង បន្ទាប់មកខេត្តសៀមរាបចំនួន ៣៩លើក និង ខេត្តបន្ទាយមានជ័យចំនួន ៣០លើក។
លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះនាថ្ងៃទី១០ ខែកក្កដា បានអំពាវនាវដល់ម្ចាស់ផ្សារ សហគ្រាស គ្រឹះស្ថាន និង អគារធំៗជាដើម គួរបង្កើនកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ បង្ការ និង ពន្លត់អគ្គិភ័យទៅតាមច្បាប់អគ្គិភ័យដែលបានកំណត់។ ច្បាប់នេះតម្រូវឱ្យម្ចាស់គោលដៅ សហការជាមួយមន្ដ្រីជំនាញ ពិសេសការធ្វើលំហាត់សមយុទ្ធរួមគ្នា ដើម្បីបញ្ជ្រៀបការយល់ដឹងបន្ថែមពីដល់បុគ្គលិក និងមន្ដ្រីរបស់ខ្លួន។
លោកឧត្តមសេនីយ៍ឯកបានបង្ហាញនូវក្ដីព្រួយបារម្ភថា៖ «ស្របពេលដែលប្រទេសកម្ពុជា កំពុងតែមានការអភិវឌ្ឍរីកចម្រើន វិស័យសំណង់អគារខ្ពស់ក៏មានកាន់តែច្រើន ប៉ុន្ដែប្រសិនបើម្ចាស់ទីតាំងទាំងនោះមិនបានយកចិត្តទុកដាក់សហការជាមួយមន្ដ្រីជំនាញ ដើម្បីបញ្ច្រាបការយល់ដឹងអំពីវិធីសាស្ដ្រក្នុងការទប់ស្កាត់ និងបង្ការទេនោះ នៅពេលមានហេតុការណ៍កើតឡើង មន្ដ្រីជំនាញពិបាកក្នុងការជួយអន្ដរាគមន៍»។
ការអំពាវនាវ និងបង្ហាញក្តីបារម្ភនេះត្រូវបានធ្វើឡើងក្នុងពេលដែលនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើសមយុទ្ធលំហាត់ពន្លត់អគ្គិភ័យ សង្គ្រោះ និងជម្លៀសមនុស្ស នៅផ្សារទំនើបអ៊ីអន១។
ការធ្វើសមយុទ្ធនេះគឺដើម្បីពង្រឹងស្មារតីដល់បុគ្គលិកទាំងអស់ឱ្យមានភាពម្ចាស់ការគ្រប់គ្រាន់ និងបានយល់ច្បាស់អំពីវិធានការបង្ការ ទប់ស្កាត់ និង សង្គ្រោះបឋមនៅពេលមានហេតុការណ៍កើតឡើង។ នេះបើយោងតាមនគរបាលជាតិ។
លោក នេត វន្ថា ក៏បានលើកឡើងក្នុងឱកាសនោះផងដែរថា ការធ្វើសមយុទ្ធពន្លត់អគ្គិភ័យជាមួយផ្សារទំនើបអ៊ីអន១នេះ គឺត្រូវបានអនុវត្តរយៈពេល ៩ឆ្នាំមកហើយ។ ផ្សារទំនើបអ៊ីអនគ្រប់សាខាទាំងអស់ គឺជាគំរូមួយ ដែលតែងផ្ដល់កិច្ចសហការល្អជាមួយកម្លាំងសមត្ថកិច្ច ពិសេសនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះក្នុងការធ្វើសមយុទ្ធរួមគ្នា និងអប់រំ ផ្សព្វផ្សាយដល់បុគ្គលិករបស់ខ្លួន ទាំង៣សាខាតែម្ដង។ នេះជាគំរូមួយ ដែលម្ចាស់ទីតាំងដ៏ទៃទៀត គួរអនុវត្តតាម។
ដើម្បីឱ្យពលរដ្ឋបានយល់ដឹងពីគ្រោះថ្នាក់អគ្គិភ័យ វិធីបង្ការ និងវិធីសង្គ្រោះបឋម កម្លាំងការិយាល័យបង្កា និងពន្លត់អគ្គិភ័យនៃនគរបាលរាជធានីភ្នំពេញបាននិងកំពុងតែបន្តចុះផ្សព្វផ្សាយអប់រំ ណែនាំ ការងារ បង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះដល់ពលរដ្ឋនៅទីតាំងខ្នងផ្ទះផងដែរ។
វិធីទាំងនោះរួមមាន របៀបប្រើប្រាស់ និងត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យ, ណែនាំពីការប្រើប្រាស់ហ្គាស និងប្រព័ន្ធ អគ្គីសនី ឬសារធាតុផ្សេងៗ ដែលអាចបង្កឱ្យកើតមានគ្រោះថ្នាក់អគ្គិភ័យ, ដាស់តឿនក្រើនរំលឹកពលរដ្ឋ មុនពេលចាកចេញពីលំនៅឋានឱ្យពិនិត្យលើការបិទបារ៉ែតភ្លើង បិទប្រព័ន្ធហ្គាស និងពន្លត់ធូបទៀន និងចុងក្រោយគឺណែនាំឱ្យបុគ្គលិក កម្មករ ឱ្យបានដឹងពីវិធីជំលៀសខ្លួនពេលមានហេតុការណ៍ អគ្គិភ័យ និងសង្គ្រោះបឋម៕