ភ្នំពេញៈ ក្រសួង​បរិស្ថាន អង្គការ​ដៃគូ និង​វិស័យ​ឯកជន​កំពុង​តែ​ចែក​កូន​ឈើ​ជាង ៤​ម៉ឺន​ដើម​ដល់​ពលរដ្ឋ​យក​ទៅ​ដាំ ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រយៈពេល ៣ថ្ងៃ នៅ​ក្នុង​ពិធី​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែក​កូនឈើ ក្រោម​មូលបទ «ពន្លកបៃតង» និង​វេទិកា​កេសរកូល​ជាតិ​លើកទី​៤ នៅ​ទីស្តី​ការ​ក្រសួង។ 

ពិធីនេះ​មាន​រយៈពេល ៣ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែ​កក្កដា។ 

ក្រសួង​បរិស្ថាន​មាន​កូន​ឈើ​សម្រាប់​ចែក​ជូន​សាធារណជន​ប្រមាណ​ជាង ៣៣ ០០០ដើម ដែល​បាន​មក​ពី​មន្ទីរ​បរិស្ថាន​រាជធានីខេត្ត, អង្គការ​ដៃគូ​មួយ​ចំនួន​បាន​ចូលរួម​ចំណែក​ផ្តល់​កូន​ឈើ​ចំនួន ៧០០០ដើម, សហគ្រាស​ឯកជន ចំនួន ៣០០០ ដើម។ 

ជារួមនៅ​ក្នុង​ឱកាស​នោះ មាន ៤៤ ៦៥៤ ដើម ដែល​រួម​មាន​ ៤​ប្រភេទ​សំខាន់ៗ ដើម្បី​ចែក​ជូន​ពលរដ្ឋ ដូចជា​ឈើ​ប្រណិត (១១ប្រភេទ) ឈើហូបផ្លែ (១៣ប្រភេទ) កូនឈើ​ព្រៃ​លិចទឹក(១ប្រភេទ) និង​កូនឈើ​លម្អ(១៧ប្រភេទ)។ 

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី បាន​ថ្លែង​ក្នុង​ពេល​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រ និង​ចែក​កូន​ឈើ​នាថ្ងៃ​ទី១០ ខែ​កក្កដា​ថា ពិធី​នេះ​គឺជា​ការ​បណ្តុះ​ផ្នត់​គំនិត ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​វ័យ ឱ្យ​ស្រលាញ់​ដើមឈើ តាម​រយៈការ​យល់​ដឹង អំពី​អត្ថប្រយោជន៍​នៃ​ព្រៃឈើ​រុក្ខជាតិ និង កេសរកូលព្រៃ​នៅ​កម្ពុជា និង ការ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​ដាំ​ដើមឈើ និង ការ​ដាំ​ស្តារ​ព្រៃឈើ​នៅ​កម្ពុជា។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា៖ «មិន​ថា​មន្ត្រីរាជការ មិនថា​កុមារា កុមារី ឬ​ក៏​សាធារណជន​ទូទៅ​សុទ្ធតែ​ផ្សារ​ភ្ជាប់​ទៅ​នឹង​បរិស្ថាន ហើយ​មាន​តួនាទី​គ្រប់ៗ​គ្នា​ក្នុង​ការ​ចូលរួម​ថែ​រក្សា​បរិស្ថាន ដើម្បី​ចូលរួម​ក្នុង​ការ​ថែ​រក្សា​បរិស្ថាន និង​ចូលរួម​បង្កើត​ទម្លាប់​ល្អ ដើម្បី​ជួយ​ដល់​បរិស្ថាន​របស់​យើង»។

ការ​តាំង​ពិព័រណ៍​នេះ មាន​ស្តង់​សរុប ចំនួន ១៦០ ក្នុង​នោះ​រួមមាន​ស្តង់​មន្ទីរបរិស្ថាន​ទាំង ២៥​រាជធានី ខេត្ត, ស្តង់​សហគមន៍​ក្នុងតំបន់​ការពារ​ធម្មជាតិ, ស្តង់​ដៃគូ​អភិវឌ្ឍន៍, វិស័យ​ឯកជន, ក្រុម​អ្នក​ប្រមាញ់​រូបភាព​ជីវៈចម្រុះ និង​យុវជន​អ្នក​ស្រឡាញ់​បរិស្ថាន​ជា​ដើម។

ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា ការ​តាំង​ពិព័រណ៍​គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ដាំ​ដើមឈើ ជាង ១លាន​ដើម​ដល់​សាធារណជន លើក​កម្ពស់​ការ​យល់ដឹង និង​ការ​ចូលរួម​ពី​សាធារណជន​លើ​ការងារ​បណ្តុះ ការ​ដាំ​ដើមឈើ និង​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ។ ក្រៅពី​នោះ​ក៏​ដើម្បី លើក​កម្ពស់​ការ​យល់​ដឹង​ពី​សារៈសំខាន់ និង គុណ​តម្លៃ​កេសកូលព្រៃ និង រុក្ខជាតិ​នៅ​កម្ពុជា សំដៅ​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម និង​ថែ​រក្សា​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ពី​សាធារណជន និង អ្នក​ពាក់ព័ន្ធ។ បន្ថែម​ពី​នោះ ក៏​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាងស្ថានប័ន និង​វិស័យឯកជន ពិសេស​គឺ​កសាង​បណ្តាញ​អ្នក​ស្រលាញ់​រុក្ខជាតិ ដើមឈើ ពិសេស​ប្រភេទ​កេសកូល​ព្រៃ ដើម្បី​ចូលរួម និង​គាំទ្រ​ដល់​ការ​ការពារ និង​ការ​អភិរក្ស​កេសកូល​ព្រៃ​កម្ពុជា​ជាដើម។

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​លើក​ឡើង​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រ​នោះ​ថា ការ​ដាំ​ដើមឈើ​នៅ​ពេល​នេះ គឺ​ការ​វិនិយោគ​ទុន​មួយ ដើម្បី​ទុក​ជូន​មនុស្ស​ជំនាន់​ក្រោយ។ ភាព​បៃតង​នេះ ជា​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​បរិសុទ្ធ​សម្រាប់​ទ្រទ្រង់​ជីវិត​មនុស្ស​គ្រប់​គ្នា។ លើស​ពី​នេះ​ទៅ​ទៀត ដើមឈើ​ជា​ប្រភព​ចំណូល ដែល​កម្ពុជា​អាច​នឹង​ទទួល​បាន​ច្រើន​នា​ពេល​អនាគត។

លោក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍៖ «ការ​ដាំ​ដើមឈើ​នៅ​ពេល​នេះ គឺ​ការ​វិនិយោគ​ទុន​ទុក​ជូន​មនុស្ស​ជំនាន់​ក្រោយ ទទួល​បាន​ផល​ទាំងសេដ្ឋកិច្ច សុខុមាលភាព។ ពោល គឺ​យើង​កំពុង​តែ​រៀបចំ​ផ្ទះ និង​កំណប់​ទ្រព្យ ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង។ គ្មានខ្យល់​បរិសុទ្ធ​សម្រាប់​ដក​ដង្ហើម សុខភាព របស់​យើង​គឺ​មិន​ល្អ​នោះទេ»។

អ្នកចូលរួម និង​ទទួល​បាន​កូន​ឈើ​ក្នុង​មួយ​នាក់ ១០​ដើម ដើម្បី​យក​ទៅ​ដាំ​នៅ​គេហដ្ឋាន ទីសាធារណៈ វត្តអារាម សាលារៀន ដោយ​ឥត​គិតថ្លៃ ។ ដើម្បី​ទទួល​បាន​ដើមឈើ ពលរដ្ឋ​ត្រូវ​ចុះ​ឈ្មោះ​ស្នើសុំ​តាម​រយៈការស្កែន QR Code ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​អ្នក​ស្នើសុំ ចំនួន​ដើមឈើ និង​ទីតាំង​ដែល​ត្រូវ​យក​ទៅ​ដាំ​ផងដែរ។

ស្រ្តី​អ្នក​ចូលរួម​មក​ពី​ខេត្ត​ព្រៃវែង​ម្នាក់​បាន​សម្តែង​ក្តី​រំភើប ពេល​ទទួល​បាន​ដើមឈើ​ប្រណិត​យក​ទៅ​ដាំ​នៅ​ចំការ ដូចជា ដើមបេង និង នាងនួន​ជាដើម។ 

ស្រ្តីរូបនេះ​បាន​និយាយ​ដូច្នេះ​ថា៖ «កម្មវិធី​នេះ​ល្អ​ណាស់ ព្រោះ​ធ្វើឱ្យ​ប្រជាជន​មាន​ចិត្ត​ចូលរួម​ក្នុង​ការ​ដាំ​ដុះដើមឈើ ដែល​ជា​ចំណែក​មួយ​ក្នុង​ការ​ថែរក្សា​បរិស្ថាន​របស់​យើង។ ខ្ញុំ​ចង់​ចូលរួម​ចំណែក​រក្សា​នូវ​ឈើ​ប្រណិត​ខ្មែរ និង​ជួយ​បរិស្ថាន។ ខ្ញុំពិតជា​សប្បាយ​ចិត្ត​មែនទែន​ពេល​ឃើញ​កម្មវិធី​អញ្ជឹង»។ 

លោកស្រី​ចង់​ឱ្យ​មាន​កម្មវិធី​ចែក​ជូន​កូន​ឈើ​ដោយ​ឥត​គិត​ថ្លៃ​បែបនេះ​ទៀត​ជា​រៀងរាល់ឆ្នាំ៕