ភ្នំពេញ៖ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយទសវត្សរ៍ អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI Cambodia) បានស្ដារឡើងវិញនូវផ្ទៃដីប្រមាណ ៦០០ ហិកតានៃព្រៃលិចទឹកនៃបឹងទន្លេសាប ដែលជាប្រព័ន្ធអេកូឡូស៊ីសំខាន់នៅក្នុងបឹងទន្លេសាបដ៏ធំបំផុតរបស់កម្ពុជា។
គម្រោងនេះធ្វើឡើងក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលជលផល មន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ក្នុងគោលបំណងស្តារឡើងវិញនូវតំបន់ដ៏សំខាន់មួយសម្រាប់ជីវចម្រុះ និងជីវភាពរស់នៅសហគមន៍។
ចាប់តាំងពីឆ្នាំ ២០១០ មក អង្គការអភិរក្សអន្តរជាតិ កម្ពុជា បានគាំទ្រការដាំកូនឈើជាង ២៧ម៉ឺនដើមដោយមានផែនការស្តារផ្ទៃដីជាង ២៦៦០ ហិកតានៅឆ្នាំ ២០៣០។
លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ បានថ្លែងថា៖ «បេកសកម្មសំខាន់នេះគឺជាផ្នែកមួយក្នុងកម្មវិធីអភិរក្សរបស់យើង ស្របតាមគោលនយោបាយជាតិផង ក្នុងគោលបំណងចម្បង គឺស្តារធម្មជាតិឱ្យប្រសើរឡើងវិញ ជាពិសេសរក្សាការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់បំផុតរបស់មច្ឆជាតិ និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់»។
លោកបន្តថា៖ «នៅបឹងទន្លេសាប អង្គការអភិរក្សកម្ពុជា យើងក៏ផ្តោតលើការស្តារប្រភេទឈើលិចទឹកធំសំខាន់ៗ ដូចជា ដើមស្តី ដើមត្អួ និងដើមរទាំង ជាដើម ដែលជាប្រភេទកម្រហើយធន់នឹងជំនន់ទឹក។ ផ្នែកមួយនៃកម្មវិធីអភិរក្សនេះ គឺការធ្វើឱ្យមានភាពធន់ នៅពេលដែលមានទឹកជំនន់ និងការទប់ស្កាត់ភ្លើងឆេះនៅតាមសហគមន៍»។
បឹងទន្លេសាប ជាទីធម្មជាតិផ្ទុកកាបោនដ៏សំខាន់មានតម្លៃឥតគណនា ហើយវាក៏ជាជម្រកនៃត្រីប្រមាណ ៣០០ប្រភេទ រួមមានត្រីមេពូជសំខាន់ៗដែលរងគ្រោះថ្នាក់ជិតផុតពូជបំផុតក្នុងពិភពលោកផង។
អង្គការអភិរក្សអន្ដរជាតិ កម្ពុជា ធ្វើការងារអភិរក្សនៅបឹងទន្លេសាបជាងមួយទសវត្សរ៍មកហើយ ដោយគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការបណ្តុះកូនឈើ ហើយដាំកូនឈើនោះនៅរៀងរាល់ដើមរដូវវស្សាជារៀងរាល់ឆ្នាំ។
យោងតាមហ្វេសប៊ុករបស់អង្គការបានបង្ហាញថា៖ «បេសកកម្មស្តារព្រៃលិចទឹកនេះ មានការចូលរួមពីស្ត្រី និងមានលំហូរសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចមូលដ្ឋានដែរ។ វាជួយបង្កើនសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ និងផ្តល់ឱកាសដល់សហគមន៍ក្នុងការពង្រឹងភាពជាម្ចាស់លើការងារអភិរក្សក្នុងសហគមន៍ខ្លួន»។
ក្រៅពីការងារអភិរក្សនៅតំបន់ទន្លេសាប អង្គការ បាននិងកំពុងធ្វើការងារអភិរក្សធម្មជាតិ និងស្តារព្រៃឈើនៅតំបន់៣ទៀតសំខាន់ៗគឺ តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃ-ព្រៃឡង់ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលជាជម្រកសត្វព្រៃសំខាន់ៗបំផុតនៅកម្ពុជា។
កម្មវិធីអភិរក្សនៅតំបន់ទេសភាពដែលមានតម្លៃទាំងនេះ ផ្តោតលើអនុវត្តការគ្រប់គ្រងដោយនិរន្តរភាព ការអភិវឌ្ឍជីវភាពសហគមន៍ និងការអភិរក្សជីវៈចម្រុះ។
គំនិតផ្តួចផ្តើមនេះជាកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងសហគមន៍នេសាទ។
លោក សូនី បាននិឱ្យដឹងថា៖ «គោលដៅចម្បងគឺការស្តារឡើងវិញនូវតំបន់ដែលត្រូវបានឆេះ និងខូចគុណភាព ដើម្បីធានាថា បឹងទន្លេសាប និងតំបន់ទំនាបលិចទឹកនៅតែជាប្រព័ន្ធអេកូឡូស៊ីទឹកសាបដែលមានសុខភាពល្អ អាចទ្រទ្រង់ប្រជាជនក្នុងស្រុក ត្រី សត្វព្រៃ និងសេដ្ឋកិច្ចជាតិ»។
ទោះបីជាមានសមិទ្ធផលសំខាន់ៗទាំងនេះក៏ដោយ ក៏ប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបប្រឈមមុខនឹងបញ្ហាជាច្រើន។ មន្ត្រីរបស់អង្គការ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍អំពីបញ្ហាប្រឈមនៃដំណើរការស្តារឡើងវិញ។
ការនេសាទខុសច្បាប់ និងការនេសាទលើសកម្រិតរំខានដល់តុល្យភាពទឹក ខណៈដែលការកាប់បំផ្លាញព្រៃឈើ ដែលជារឿយៗកាន់តែធ្ងន់ធ្ងរឡើងដោយភ្លើងឆេះព្រៃ និងការទន្ទ្រានកាន់កាប់ខុសច្បាប់ គំរាមកំហែងដល់តំបន់។
បម្រែបម្រួលអាកាសធាតុផ្លាស់ប្តូរលំនាំទឹកភ្លៀង បង្កើនភាពរាំងស្ងួត និងប៉ះពាល់ដល់ការរស់រានរបស់សំណាប។
ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គប៉ះពាល់ដល់លំហូរទឹក និងការបែងចែកដីល្បាប់ ដែលមានសារៈសំខាន់សម្រាប់ការថែរក្សាប្រព័ន្ធអេកូឡូស៊ីរបស់បឹង។ លើសពីនេះ ការដុតស្មៅចាស់ៗ ដើម្បីឱ្យស្មៅលាស់ថ្មីសម្រាប់ការចិញ្ចឹមក្របី។ ប៉ុន្តែការដុតស្មៅនោះវាមិនត្រឹមតែឆេះស្មៅទេ ប៉ុន្តែវាក៏រាលដាលឆេះដល់ព្រៃលិចទឹកនារដូវប្រាំងដែរ។
មន្ដ្រីអង្គការបាននិយាយថា៖ «បញ្ហាប្រឈមទាំងនេះ ទាមទារយុទ្ធសាស្ត្រគ្រប់គ្រងបន្ត និងការសម្របខ្លួន។ អង្គការគ្រោងនឹងបន្តគាំទ្រសហគមន៍នេសាទជុំវិញបឹងទន្លេសាប តាមរយៈការអភិរក្សសត្វព្រៃ ការគ្រប់គ្រងជលផល និងគំនិតផ្តួចផ្តើមបង្កើតព្រៃឈើឡើងវិញ ស្របតាមផែនការយុទ្ធសាស្ត្រប្រាំឆ្នាំ (២០២៥-២០៣០) នៃកម្មវិធីអភិរក្សបឹងទន្លេសាប»។
នៅឆ្នាំ ២០៣០ អង្គការមានគោលបំណងពង្រីកកិច្ចខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញលើផ្ទៃដីប្រមាណ ២៦៦០ ហិកតា តាមដានអត្រារស់រានមានជីវិតរបស់សំណាបព្រៃឈើ និងបង្កើនការចូលរួមរបស់សហគមន៍ក្នុងសកម្មភាពអភិរក្ស។
លោក សូនី បានថ្លែងថា៖ «នៅពេលយើងប្រារព្ធរុក្ខទិវា សូមឱ្យយើងប្តេជ្ញាការពារធនធានធម្មជាតិរបស់យើង បញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងការកំណត់ធម្មជាតិនៅលើផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី»។
លោកថា ការស្ដារព្រៃលិចទឹកបឹងទន្លេសាបឡើងវិញជាសក្ខីភាពបញ្ជាក់ថាការសហការគ្នាធ្វើការដោយនិរន្តរភាពអាចសម្រេចបានក្នុងការថែរក្សាផែនដីសម្រាប់មនុស្សជំនាន់ក្រោយ៕