ភ្នំពេញៈ ដើម្បី​ជួយ​សង្រ្គោះ​ជន​រងគ្រោះ​ដោយសារ​តែ​ថ្នាំ​ញៀន ក្រោយ​ពេល​ដែល​គ្រឿងញៀន​កាន់​តែ​មាន​ចំនួន​ច្រើន​ នោះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ណែ​នាំ​ឱ្យ​អភិបាល​រាជធានី-ខេត្ត ទាក់​ទាញ និង​គាំទ្រ​គម្រោង​បង្កើត​មណ្ឌល​បន្សាប​គ្រឿង​ញៀន​បន្ថែម​ទៀត​នៅ​តាម​ខេត្ត​នីមួយៗ។ 

ការ​ណែនាំ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​ខេត្ត​ ត្បូងឃ្មុំ ថ្មី លោក ប៉ែន កុសល្យ​នា​ថ្ងៃ​ទី១១ ខែ​កក្កដា​នេះ។ 

លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា ការ​បង្កើត​មណ្ឌល​ព្យាបាល បន្សាប និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន គឺជា​ការ​ផ្ដល់​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ស្រោច​ស្រង់ និង​សង្គ្រោះ​ជន​រង​គ្រោះ ពីព្រោះ​យន្ត​ការ​នេះ​មាន​ភាគ​រយ​ខ្ពស់​បំផុត​ក្នុង​ការ​ប្រែ​ក្លាយ​ជន​រងគ្រោះ​ឱ្យ​ផ្ដាច់​បាន​ដោយ​ជោគជ័យ​ពី​គ្រឿង​ញៀន។ លើស​ពី​នោះ ជន​រងគ្រោះ​ថែម​ទាំង​ទទួល​បាន​ការ​អប់រំ និង​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ប្រើប្រាស់ និង​ប្រកបរបរ​ចិញ្ចឹម​ជីវិត ក្រោយ​ពី​ការ​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​សហគមន៍​វិញ។ 

លោក​ឧបនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «និន្នាការ​នៃ​ការ​ជួញដូរ​គ្រឿងញៀន​របស់​ពួក​ឧក្រិដ្ឋជន ដែល​កន្លង​ទៅ​សមត្ថកិច្ច​បង្ក្រាប​បាន​ត្រឹម​កម្រិត​រាប់សិប​គីឡូ ឬ​យ៉ាង​ហោច​ណាស់​ត្រឹម​រយគីឡូ ប៉ុន្តែ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​២០២៤ នេះ​មាន​ដល់​ទៅ​ជាង ៥​ពាន់​គីឡូ​រួច​ជាស្រេច ខណៈ​មាន​ជន​រងគ្រោះ ដែល​ភាគច្រើន​ជា​យុវជន​តិច​តួច​នៅ​ឡើយ​ដែល​បាន​ស្ម័គ្រចិត្ត និង​ទទួល​ការ​ជ្រោមជ្រែង​ពី​ក្រុម​គ្រួសារ ដើម្បី​ទទួល​សេវា​ព្យាបាល បន្សាប និងស្ដារនីតិសម្បទា»។ 

លោក​មាន​ប្រសាសន៍​បន្ត​ថា ការ​វិនិយោគ​បង្កើត​មណ្ឌល​បន្សាប​គ្រឿង​ញៀន​នេះ នឹង​ពិបាក​លេច​ចេញ​ជា​រូបរាង​ណាស់ ប្រសិនណា​បើ​អ្នក​វិនិយោគ​រំពឹង​ខ្ពស់​តែ​លើ​ប្រាក់​ចំណេញ និង​ថែម​ទាំង​មិន​មាន​ការ​សម្បទាន​គាំទ្រ​ពី​រដ្ឋ។ ប៉ុន្តែ​តាម​រយៈរូបមន្ត​ជួយគ្នា​ទៅវិញ​ទៅមក រវា​ងរដ្ឋបាល​ខេត្ត អ្នក​វិនិយោគ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ ​មណ្ឌល​ជា​បន្ត​បន្ទាប់​ត្រូវ​បាន​បង្កើត​ឡើង និង​ដំណើរការ​ដល់​សព្វថ្ងៃ។

លោក ស សុខា ដែល​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ផង​នោះ​បាន​ណែនាំ​ឱ្យ​​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ ពិនិត្យ​មើល​ទីតាំង​ដី ដែល​សមរម្យ​របស់​ខេត្ត  យក​ធ្វើ​ជា​ធ្នាក់​បោះ​ទុន​ជាមុន ដើម្បី​ទាក់​ទាញ​វិស័យ​ឯកជន​មក​ចូល​រួមវិនិយោគ។ 

លោក សេង ជ័យវុធ នាយករដ្ឋបាល​សាលា​ខេត្ត​ត្បូងឃ្មុំ បាន​ឱ្យ​ដឹង​ថា នាពេល​បច្ចុប្ប​នេះ​ការ​ព្យាបាល​បន្សាប​ថ្នាំ​ញៀន​មាន​តែ​នៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង យុវនីតិសម្បទា​ខេត្ត។ ក្នុង​ចំណោម ៣៨​ក្រុមហ៊ុន​ដែល​កំពុង​តែ​វិនិយោគ​នៅ​ក្នុង​ខេត្ត មិនទាន់​មាន​ក្រុមហ៊ុន​ណា​វិនិយោគ​លើ​ផ្នែក​បន្សាប​គ្រឿង​នោះ​នៅ​ឡើយ​ទេ។ ហេតុ​នេះ រដ្ឋបាល​ខេត្ត លើក​ទឹក​ចិត្ត និង​រងចាំ​ស្វាគមន៍​ក្រុមហ៊ុន​ឯកជន​ណា ដែល​មាន​បំណង​ចង់​វិនិយោគ​លើ​ការ​បង្កើត​មណ្ឌល​បន្សាប​គ្រឿង​ញៀន​នេះ។

លោក លឹម តុងហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ និង​ទំនាក់ទំនង​សាធារណ: នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន (NACD) បាន​ឱ្យ​ដឹង​ថា នា​ពេល​បច្ចុប្ប​នេះ ការ​ព្យាបាល​បន្សាប​គ្រឿងញៀន​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ស្តង់ដា​ចំនួន ២។ ក្នុង​នោះ​រួម​មាន​ការ​ព្យាបាល​នៅ​តាម​មណ្ឌល ដែល​មាន ១៥មណ្ឌល និង​មួយ​វិញ​ទៀតគឺ ព្យាបាល​នៅ​តាម​សហគមន៍ ដូចជា នៅ​តាម​មន្ទីរពេទ្យ​បង្អែក មណ្ឌល​សុខភាព​ឃុំ-សង្កាត់​ចំនួន ៤៥០​កន្លែង។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្រ្គោះ​ជន​រងគ្រោះ​ដោយ​គ្រឿង​ញៀន​កម្ពុជា (DARAC) បាន​យល់​ឃើញ​ថា ការ​បង្កើត​មណ្ឌល​បន្សាប​គ្រឿងញៀន​ជា​រឿង​ត្រឹមត្រូវ ដើម្បី​ជួយ​ជន​រងគ្រោះ។ ប៉ុន្តែ​តាម​រយៈបទ​ពិសោធន៍ ដែល​លោក​បាន​នឹង​កំពុង​ប្រឡូក​ក្នុង​កិច្ចការ​នេះ​អស់​រយៈពេល​ជាង ២០​មក​ហើយ​នោះ ការ​បង្កើត​មណ្ឌល​នីមួយៗ​មិនមែន​ជាការ​ងាយ​ស្រួល​នោះទេ​ ព្រោះ​វា​ត្រូវ​ការ​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ និង​មាន​ការ​លះបង់​ដោយ​ការ​ស្ម័គ្រចិត្ត​ខ្ពស់​ណាស់​។ លើសពី នោះ ការ​វិនិយោគ​លើក​ផ្នែក​នេះ គឺ​មិនមែន​សង្ឃឹម​ទៅ​លើ​ផល​ចំណេញ​មក​វិញ​នោះ​ទេ តែវា​បាន​ជួយ​សង្គម​ជាតិ​បាន​ច្រើន។

លោកថ្លែង​ថា៖ «ការ​បង្កើត​មណ្ឌល ទាំង​មាន​ការ​ចូលរួម​ពី​វិស័យ​ឯកជន​ក៏​ដោយ​គឺ​ទាល់តែ​យើង​ពិនិត្យ​លើ​បច្ចេកទេស ចំណេះដឹង​អប់រំ និង​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ និង​ហ្មត់ចត់។ មិន​អាច​យក​ផល​ចំណេញ​ពី​ហ្នឹង​បាន​ទេ។ ត្រូវ​លះបង់​ច្រើន​​ណាស់ ​ដូច​​ការ​ធ្វើ​វត្ត​អញ្ជឹង​ដែរ។ បើ​យក​អាហ្នឹង​ជា​ផលចំណេញ​មិន​កើត​ឡើយ»។ 

លោក​បាន​ឱ្យ​ដឹង​ថា កាល​ពី​ជាង​១០ឆ្នាំ​មុន​ កម្ពុជា​មាន​មណ្ឌល​បង្សាប​គ្រឿងញៀន​ទាំង​រដ្ឋ ឯកជន និង​អង្គការ​ប្រមាណ​ជា ១៤​មណ្ឌល។ មណ្ឌល​ទាំង​នោះ​សុទ្ធតែ​មាន​អ្នក​គ្រប់គ្រង និង​អ្នក​ជំនាញ​បង្សាប​ច្បាស់​លាស់​ជាង​ ៦០​នាក់។ ប៉ុន្តែ​នា​ពេល​បច្ចុប្ប​នេះ ពួកគាត់ រួម​ទាំង​រូប​លោក​ផង​បាន​ចូល​និវត្តន៍​អស់​ហើយ៕