ព្រៃវែងៈ មន្រ្តី​កសិកម្ម​បាន​អះអាង​ថា សត្វ​ល្អិត​ចង្រៃ​ចំនួន ៣​ ប្រភេទ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ស្រូវ​ជាង ៥​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ចំនួន​៥ ប៉ុន្តែ​ស្ថានភាព​អាច​គ្រប់គ្រង​បាន ហើយ​បាន​អំពាវនាវ ​កុំ​ឱ្យ​កសិករ​ព្រោះ​ស្រូវ​ក្រាស និង​ប្រើប្រាស់​ជី​អាសូត​ខ្លាំងពេក។

ការ​បំផ្លាញ​ដំណាំ​ស្រូវ​របស់​សត្វ​ល្អិត​ចង្រៃ​ដូចជា ដង្កូវហ្វូង រុយស និង​ដង្កូវ​មូរ​ដើម​កើត​មាន​ក្នុង​ខេត្ត​តាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និង​ត្បូងឃ្មុំ ដែល​ប៉ះពាល់​ស្រូវ​ជាង ៥​ម៉ឺន​ហិកតា។ ប៉ុន្តែ​ការ​ខូចខាត​មាន​ទំហំ​តូច​នៅឡើយ​ហើយ​ភាគច្រើន​កើត​មាន​នៅ​ក្នុង​ខេត្ត​ព្រៃវែង និង ខេត្ត​កណ្តាល​តិចតួច​ជាងគេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម។ 

លោក​បញ្ជាក់​ថា៖«រុយស​បាន​ផ្ទុះ​ឡើង​ក្នុង​រយៈកាល​ប្រមាណ​ជា ៣​សប្តាហ៍​មុន​នេះ បើ​ពិនិត្យ​លើ​ផ្ទៃ​ដី​ប៉ះ​ពាល់​មាន​ជាង ៥​ម៉ឺន​ហិកតា​មក​ដល់​ពេល​នេះ។ បើ​ពិនិត្យ​ការ​ខូចខាត​វិញ ​គឺ​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ ដែល​ការ​ខូច​ខាត​នោះ​មាន​ច្រើន​ជាង​គេ​នៅ​ខេត្ត​ព្រៃវែង ហើយ​ប៉ះពាល់​មាន​ច្រើន​ជាងគេ​ដែរ»។ 

លោក​បន្ត​ថា ផ្ទៃដី​ដែល​ត្រូវ​បាន​ដាំ​ដុះ​នៅ​ខេត្ត​ព្រៃវែង​មាន​ប្រមាណ ២៤​ម៉ឺន​ហិកតា ហើយ​ផល​ប៉ះពាល់​មាន​ប្រមាណ​ជាង ៤​ម៉ឺន​ហិកតា។ ផល​ប៉ះពាល់​នេះ​​នៅ​មាន​តិច​តួច​នៅ​ឡើយ ហើយ​ការ​ខូចខាត​ក៏​នៅ​មាន​តិចតួច​ដែរ ​គឺ​មាន​ប្រមាណជា ៤​ភាគរយ នៃ​ផ្ទៃដី​ដាំដុះ​ជាង ២៤​ម៉ឺន​ហិកតា​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ដោយឡែក ការ​ខូចខាត​នោះ វាយ​តម្លៃ​ថា​មាន​ប្រមាណ​ជា​ ១​ម៉ឺន​ហិកតា។ ការ​ខូចខាត​នេះ​មិនមែន​ទាំង​ស្រុង​ទេ។ ស្រែ​ខ្លះ​ក៏​ទាំង​ស្រុង​ទៅ ស្រែ​ខ្លះ​ប្រមាណ​ជា ៥០​ភាគរយ និង ស្រែ​ខ្លះ ៧០​ភាគរយ​ជាដើម...​ការ​រាតត្បាត​របស់​រុយស រហូត​មក​ដល់​ពេល​នេះ​ គឺ​មិនមាន​សភាព​ធ្ងន់ធ្ងរ​គួ​រឱ្យ​ព្រួយ​បារម្ភ​ទេ ហើយ​ស្ថានភាព​ក៏​អាច​គ្រប់គ្រង​បាន»។

លោក​បាន​បន្ថែម​ថា រុយស​បំផ្លាញ​ស្រូវ​ស្ទើគ្រប់​ដំណាក់កាល​លួតលាស់​របស់​ស្រូវ។ បើ​រុយ​ស​បំផ្លាញ​ស្រូវ​នៅ​ដំណាក់​កាល​ស្រូវ​ផើម ឬ​ក៍​ស្រូវ​ចាប់​ផ្តើម​ចេញ​ផ្កា និងកួរ ​វា​ធ្វើឱ្យ​មាន​ការ​ប៉ះពាល់​ខ្លាំង។ ក្នុង​ដំណាក់​កាល​នេះ សត្វ​រុយ​ស​បំផ្លាញ​ទៅ​លើ​ស្លឹក​ទង់ជ័យ ដែល​ជា​ស្លឹក​ខាង​លើ​បំផុត​ដែល​ស្ថិត​នៅ​ខាង​ក្រោម​កួរ​ស្រូវ។ វា​ធ្វើឱ្យ​ស្លឹក​ទង់ជ័យ​ស្ងួត ហើយ​ខូច​ដែល​ធ្វើ​ឱ្យ​ទិន្នផល​ថយ​ចុះ​ខ្លាំង។ ស្រែ​ខ្លះ ពេល​ស្លឹក​ទង់​ជ័យ​ខូច​អស់ ធ្វើឱ្យ​ស្រូវ​ស្កក​ងាប់​តែ​ម្តង។ 

ចំពោះ​រុយ​ស​បំផ្លាញ​នៅ​ដំណាក់កាល​បែក​គុម្ពវិញ ការ​ខូចខាត​មិន​ទាន់​កើត​មាន​នៅ​ឡើយ ដោយ​សារ​តែ​ស្រូវ​ អាច​ដុះ​លូត​លាស់​ឡើងវិញ ក្រោយពេល ដែល​កសិករ​ចាប់ផ្តើម​ធ្វើ​អន្តរាគមន៍​ទាន់​ពេល ដោយ​ការ​បាញ់​ថ្នាំ​កម្ចាត់​រុយស​។ 

លោក​បញ្ជាក់​ថា៖ «ចំពោះ​ស្រែ​ដែល​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​បំផ្លាញ​ហ្នឹង​វា​ចម្រុះ​ ពេល​រុយ​ស​ចាប់​ផ្តើម​បំផ្លាញ ក៏​មាន​សត្វ​ដង្កូវ​មូរ​ស្លឹក​មក​បន្ថែម​ពី​លើ​ទៀត ចឹងស្រែ​ដែល​មាន​ការ​បំផ្លាញ​ដោយ​រុយ​ស និង​ដង្កូវ​មូរ​ស្លឹកផង ធ្វើឱ្យ​ស្រូវ​មាន​សភាព​មួយ​ធ្ងន់ធ្ងរ រហូត​ដល់​ខូចខាត​ទាំង​ស្រុង ឬ​ស្រែខ្លះ​ខូចខាត​ដល់​ ៥០​ភាគរយ»។ 

ទោះយ៉ាងណា​ ផ្ទៃដី​ដែល​ខូចខាត​នោះ កសិករ​កំពុង​តែ​ចាប់​ផ្តើម​ភ្ជួររាស់ និង​សាប​ព្រោះ​បណ្តើរៗ ដើម្បី​ធ្វើ​ការ​ដាំដុះ​ឡើងវិញ ដោយ​សារតែ​នៅ​មាន​ពេលវេលា​ច្រើន​រហូត​ដល់ ​ខែ​សីហា​ខាងមុខ ខណៈ​ដែល​ទឹក​ភ្លៀង​នៅ​មាន​ធ្លាក់។

មន្រ្តី​ជំនាញ​បាន​សង្កេត​ឃើញ​ផងដែរ​ថា ការ​បំផ្លាញ​របស់​សត្វ​រុយស​នេះ ភាគច្រើន​កើត​នៅ​លើ​ប្រភេទ​ស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ។ ចំពោះ​ពូជ​ស្រូវ​ប្រកាន់​រដូវរបស់​ខ្មែរ​មិនមាន​ការ​បំផ្លាញ​ទេ ទោះ​បី​ជា​មាន​វត្តមាន​រុយ​ស​យ៉ាង​ណាក៏​ដោយ​។ លើស​ពី​នោះ ស្រែ​ដែល​ព្រោះ​ក្រាស និង​ស្រែ​ប្រើ​ជីអាសូត​ច្រើនពេក គឺ​ទទួល​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ជាងគេ។ 

លោក ងិន ឆាយ ថ្លែង​ដូច្នេះ​ថា៖ «ការ​ប្រើប្រាស់​ជី​ត្រូវ​ពិនិត្យ​មើល​លើ​ស្ថានភាព​ដី ​ឬ​ក៏​ដំណាក់កាល​លូតលាស់​របស់​ដំណាំ​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ប្រើ​ជីអាសូត​ខ្លាំងពេក វា​ធ្វើឱ្យ​ស្រូវ​ដុះ​លូតលាស់​ខៀវ​ខ្លាំង ខ្ចីខ្លាំង វា​ទាក់​ទាញ​សត្វ​រុយ​ស ឬ​ពពួក​ដង្កូវ​មូរស្លឹក ហើយ​អាច​មមាចត្នោត ក៏​មក​បំផ្លាញ​ស្រូវ​ដែរ»។

លោក​បាន​ណែនាំ​កសិករ​ឱ្យ​កាត់​បន្ថយ​បរិមាណ​គ្រប់​ពូជ​ក្នុង​ការ​ដាំដុះ។ ជា​មធ្យម​បើ​ស្រូវ​ពូជ​បក់​សម្អាត​ស្អាត​ល្អ ក្នុង​១​ហិកតា ប្រើ​ប្រមាណ​តែ ១៥០​គីឡូក្រាម​ប៉ុណ្ណោះ​ តែ​បើ​បក់​មិន​សូវ​ស្អាត គឺ​ប្រើយ៉ាង​ច្រើន​បំផុត ២០០​គីឡូក្រាម។ បន្ថែម​ពីនោះ កសិករ​ក៏​ត្រូវតែ​ចុះ​ពិនិត្យ​មើល​សត្វ​ចង្រៃ​ឱ្យ​បាន​ទៀតទាត់ ដើម្បី​ចាត់​វិធានការ​ឱ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ដោយ​សហការណ៍​ជាមួយ​នឹង​មន្រ្តី​ពាក់​ព័ន្ធ។

កាល​ពី​ជាង​មួយ​ខែ​កន្លង​មក មាន​ការ​ផ្ទុះ​ឡើង​នូវ​ដង្កូវ​ហ្វូង ដែល​បង្ក​ការ​ប៉ះពាល់​ដំណាំ​ស្រូវ​ជាង ២​ម៉ឺន​ហិកតា នៅ​ក្នុង​ខេត្ត​ចំនួ ១៨។​ ក្រសួង​កសិកម្ម​បាន​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​មាត់ ដោយ​បញ្ជូន​ក្រុម​ការងារ​ចុះ​អន្តរាគមន៍​ជា​បន្ទាន់​ប្រកប​ដោយ​ប្រសិទ្ធភាព។ រហូត​មក​ដល់​ពេល​នេះ ពុំមាន​ដង្កូវ​ហ្វូង​បំផ្លាញ​ដំណាំ​ស្រូវ​ធ្ងន់ធ្ងរ​ទៀត​ទេ ប៉ុន្តែ​នៅ​មាន​វត្តមាន​ក្នុង​បណ្តា​តំបន់​ខ្លះ​តិចតួច​តែ​ប៉ុណ្ណោះ។

លោកស្រី ស៊ឹម ហែន ជា​កសិករ​នៅ​ក្នុង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​បាន​ឱ្យ​ដឹង​ថា ស្រូវ​អ្នកស្រី​ប្រមាណជា ៧​ហិកតា​បាន​ទទួល​រង​ផល​ប៉ះពាល់​ពីរុយស។ ក្នុង​នោះ​ស្រូវ​ភាគច្រើន​ចេញ​មិន​រួច ហើយ​ខូចខាត បើ​ទោះបី​ជាប្តី​លោក​ស្រី​ខំ​បាញ់ថ្នាំ​ និង​ដាក់​ជី​យ៉ាង​ណា​ក៏ដោយ។ ទោះយ៉ាងណា លោកស្រីនឹង​មិន​ធ្វើការ​ដាំដុះ​ឡើង​វិញ​ទេ​នៅ​លើផ្ទៃ​ដី​ដែល​ខូច​នោះ​ ព្រោះ​ខ្លាច​មាន​ទឹក​ជំនន់​លិច​ខូចខាត​ទៀត៕