ភ្នំពេញៈ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក តូ ឡឹម (To Lam) ប្រធានាធិបតី​វៀតណាម បាន​ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម​ដើម្បី​ផ្ដល់​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ។ មន្ត្រី​រាជរដ្ឋាភិបាល​បញ្ជាក់​ថា មេដឹកនាំ​ទាំងពីរ​មិន​បាន​ពិភាក្សា​អំពី​គម្រោង​ព្រែកជីក ហ្វូណន តេជោ នោះ​ទេ​ក្នុង​អំឡុង​ពេល​​ជំនួប​ទ្វេភាគី។

ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា លោក តូ ឡឹម បាន​បញ្ជាក់​ថា៖ «វៀតណាម និង​កម្ពុជា​នឹង​បន្ត​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទៅ​មុខ​ឱ្យ​បាន​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ដោយ​ឈរ​លើ​ស្មារតី​ភាព​ជា​អ្នក​ជិត​ខាង​ល្អ និង​វប្បធម៌​ប្រហាក់​ប្រហែល​គ្នា ព្រមទាំង​ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​វៀតណាម-កម្ពុជា ដើម្បី​ឧត្ដម​ប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ»។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​លោក​នាយករដ្ឋមន្ត្រី​នា​ថ្ងៃ​ទី​១៣ កក្កដា។

លោក ប៉ែន បូណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​១៥ កក្កដា ថា នៅក្នុង​ជំនួប​នេះ លោក ហ៊ុន ម៉ាណែត និង​លោក តូ ឡឹម មិន​បាន​ពិភាក្សា​អំពី​គម្រោង​ព្រែកជីក ហ្វូណន តេជោ ដែល​គ្រោង​បើក​ការដ្ឋាន​នៅ​ខែ​ក្រោយ​នោះ​ទេ។​ 

លោក តូ ឡឹម ​មក​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​រយៈ​ពេល​២​ថ្ងៃ ចាប់​ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣​ កក្កដា។ 

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បាន​ដក​ស្រង់​សំដី​លោក ហ៊ុន ម៉ាណែត ​ថា ក្នុង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ក្នុង​កំឡុង​ពេល ៥៧ ឆ្នាំ​កន្លង​មក​នេះ ប្រទេស​ទាំងពីរ​បាន​បន្ត​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ដែល​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ។ លោក​បាន​បញ្ជាក់​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម។ 

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ភាគី​ទាំងពីរ​នឹង​បង្កើន​នូវ​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​កម្រិត​ជាន់ខ្ពស់​បន្ថែម​ទៀត និង [បង្កើន] កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ និង​ថាមពល តាម​រយៈ​ការ​ពង្រឹង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​អស់​សក្ដានុពល និង​ខិតខំ​ជំរុញ​បន្ថែម​ទៀត​នូវ​សកម្មភាព​សេដ្ឋកិច្ច ក្នុង​ក្របខ័ណ្ឌ​រដ្ឋាភិបាល និង​វិស័យ​ឯកជន»។

មេដឹកនាំ​ទាំងពីរ​ប្ដេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ និង​សន្តិសុខ ដោយ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​រួមចំណែក​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ព្រមទាំង​កិច្ច​សហការ​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​គ្នា ក្នុង​ការ​ទប់ស្កាត់​បទល្មើស​តាម​ព្រំដែន ដូចជា​ការ​ជួញដូរ​មនុស្ស គ្រឿងញៀន និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។

មេដឹកនាំ​ទាំងពីរ​សន្យា​ពង្រីក​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន និង​ការ​តភ្ជាប់ ដោយ​ផ្ដោត​លើ​ការ​បន្ត​ផ្ដល់​អាហារូបករណ៍ និង​វគ្គ​បណ្ដុះបណ្ដាល​ដល់​សិក្ខាកាម​ជា​និស្សិត និង​មន្ត្រីរាជការ ការ​ជំរុញ​វិស័យ​ទេសចរណ៍ និង​ការ​ពង្រីក​ជើង​ហោះហើរ​ផ្ទាល់ ក៏ដូចជា​ការ​តភ្ជាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ  ដូចជា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​បាវិត និង ហូជីមិញ-ម៉ុកបៃ។

ពាក់ព័ន្ធ​កិច្ចការ​ព្រំដែន ភាគី​ទាំងពីរ​នៅតែ​ចាត់​ទុក​ការ​បោះ​បង្គោល​ព្រំដែន​គោក ជា​កិច្ចការ​អាទិភាព និង​បន្ត​ពិភាក្សា​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​បោះ​បង្គោល​ព្រំដែន​គោក។ 

លោក​ ថុង ម៉េងដាវិត អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ថា កម្ពុជា និង​វៀតណាម នៅតែ​បន្ត​លើកកម្ពស់​គោលនយោបាយ​ប្រទេស​ជិត​ខាង​ល្អ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ សង្គម-សេដ្ឋកិច្ច និង​វប្បធម៌។ 

លោក​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក តូ ឡឹម មក​កម្ពុជា ឆ្លុះ​បញ្ចាំង​ពី​ភាព​រឹងមាំ​នៃ​ទំនាក់​ទំនង​ទ្វេភាគី និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ដោយ​វៀតណាម​នឹង​បន្ត​ជំរុញ​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​និស្សិត​នៃ​ប្រទេស​ទាំងពីរ ជំរុញ​ការ​វិនិយោគ និង​សកម្មភាព​ពាណិជ្ជកម្ម និង​ទេសចរណ៍​ផង​ដែរ។ 

លោក​ ថុង ម៉េងដាវិត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​ទី​១៥ កក្កដា​ ថា៖ «កម្ពុជា និង​វៀតណាម​ក៏​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដូចជា​បញ្ហា​ព្រំដែន និង​សន្តិសុខ​តំបន់ និង​សហការ​គ្នា​ក្នុង​កិច្ចការ​អាស៊ាន ដើម្បី​ធានា​បាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព​តំបន់ ដើម្បី​ជា​ប្រយោជន៍​រួម និង​ប្រជាជន»៕