កំពតៈ ជ្រូកទឹកមួយក្បាល ដែលជាប្រភេទងាយរងគ្រោះត្រូវបានក្រុមអ្នកស្រាវជ្រាវប្រទះឃើញនៅក្នុងសហគមន៍នេសាទព្រែកត្នោត ស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ក្រោយពីមានគម្រោងអភិរក្សទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត ដើម្បីការពារជម្រករបស់វារួចមក។
លោក ស សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានឱ្យដឹងថា ក្រុមការងាររដ្ឋបាលជលផល និងការអភិរក្សសមុទ្រនៅកម្ពុជា (MCC) បានសហការគ្នាបន្តសិក្សា និង ស្រាវជ្រាវពីប្រភេទសត្វកម្រនៅក្នុងដែនសមុទ្រខេត្តកំពត។ ខណៈពេលនោះ ពួកគេបានប្រទះឃើញវត្តមានជ្រូកទឹកមួយក្បាលជាលើកទី១ នៅក្នុងសហគមន៍នេសាទព្រែកត្នោត កាលពីថ្ងៃទី៤ និងទី៥ ខែកក្កដានេះ។
លោកបញ្ជាក់ថា៖ «យើងមិនទាន់ដឹងថា មានជ្រូកទឹកប៉ុន្មានក្បាលទេ។ ក្រុមការងារបានប្រទះឃើញមួយក្បាលហ្នឹង ហើយកំពុងតែបន្តសិក្សាទៀតថាមានចំនួនប៉ុន្មានក្បាល។ យើងថតពីលើ និង ឃើញពីចម្ងាយដែរ ចឹងយើងមិនទាន់អាចកំណត់អត្តសញ្ញាណបានទេថា ញីឬក៏ឈ្មោល។ តែទម្ងន់វាមិនតូចទេ ប្រហែលជាជាង ២០០គីឡូក្រាម»។
លោកបានបន្តថា កាលពីខែមុន អ្នកនេសាទក៏បានអះអាងថា បានប្រទះឃើញជ្រូកទឹកមួយក្បាលផងដែរនៅតំបន់សមុទ្រនោះ ប៉ុន្តែគាត់ថតមិនបាន។ ក្រៅពីនោះ នៅខេត្តកែបក៏ធ្លាប់ត្រូវបានប្រទះឃើញដែរកន្លងមក ព្រោះថាពពួកសត្វប្រភេទនេះចល័តនៅក្នុងសមុទ្រទៅតាមទីកន្លែងដែលសម្បូរចំណី និងសុវត្ថិភាព។
លោកថ្លែងដូច្នេះថា៖ «ចឹងបានន័យថាតំបន់យើងហ្នឹងជាតំបន់សុវត្ថិភាព វាមានចំណី មានប្រព័ន្ធអេកូឡូស៊ីល្អ ដោយសារតែយើងល្បាត បង្រ្កាបបទល្មើសការពារបានល្អ ដោយមានការចូលរួមពីសហគមន៍នេសាទ និង អាជ្ញាធរដែនដី ទើបមានប្រភេទសត្វកម្រមានវត្តមានមកវិញ»។
លោកក៏បានឱ្យដឹងផងដែរថា ដើម្បីធ្វើការអភិរក្សប្រភេទសត្វសមុទ្រនេះ ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិតធំៗប្រមាណជា៦០ និងតូចៗចន្លោះពី ២០០ទៅ ៣០០ ត្រូវបានទម្លាក់ទៅក្នុងសមុទ្រចាប់តាំងពីឆ្នាំ ២០២៣មក។ ក្រៅពីនោះក៏មានបោះបង្គោលបេតុងប្រមាណជាជាង ៣០០បង្គោលផងដែរ។ គម្រោងទំាងនេះនឹងបន្តទៅថ្ងៃមុខទៀតផងដែរ ដើម្បីជួយការពារពពួកសត្វទាំងនោះពីការរំខានដោយការនេសាទ។
ការអភិរក្សសមុទ្រនៅកម្ពុជាបានបង្ហោះវីដេអូខ្លីពីការប្រទះឃើញជ្រូកទឹកនៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១៤ កក្កដា។
អង្គការបានសរសេរថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការចែករំលែកព័ត៌មានមួយនេះទៅកាន់អ្នកស្រឡាញ់ធម្មជាតិ... សត្វសមុទ្រដ៏កម្រមួយនេះ គឺជាសញ្ញាបង្ហាញថា ជីវចម្រុះសមុទ្រមានភាពល្អប្រសើរ និងជាប្រភេទសត្វដែលងាយរងគ្រោះ។ របកគំហើញនេះមិនត្រឹមតែជាលើកទីមួយសម្រាប់តំបន់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបោះជំហានទៅមុខដ៏សំខាន់សម្រាប់ការស្រាវជ្រាវ និងអភិរក្សថនិកសត្វសមុទ្រដ៏អស្ចារ្យទាំងនេះនៅក្នុងប្រទេសកម្ពុជាផងដែរ»។
អង្គការសង្ឃឹមថា ការរកឃើញនេះនឹងជួយជំរុញសាធារណជនឱ្យស្រឡាញ់ និងការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏មានតម្លៃរបស់កម្ពុជាថែមទៀត។ អង្គការអភិរក្សមួយនេះក៏បានអំពាវនាវឱ្យមានការរួបរួមគ្នាដើម្បីការពារដល់ជ្រូកទឹកនេះ និងសត្វសមុទ្រផ្សេងទៀតនៅតែបន្តមានវត្តមាននៅក្នុងសមុទ្រកម្ពុជា។
យោងតាមក្រសួងព័ត៌មានបានឱ្យដឹងថា ខេត្តកំពតមានសហគមន៍នេសាទចំនួន ៩កន្លែង មានស្មៅសមុទ្រចំនួន ១១ប្រភេទ លើផ្ទៃបាតសមុទ្រ ៨ ៤៣៥ហិកតា ផ្កាថ្ម ៩៥៣ហិកតា ព្រៃកោងកាង ១ ៩៦៦ហិកតា និងទីតាំងអភិរក្សមានចំនួន ១៣កន្លែង៕