ព័ត៌មាន​ក្លែង​ក្លាយ​បាន​កើន​ឡើង​នៅ​ក្នុង​មួយ​រយៈ​ពេល​ចុងក្រោយ។ មន្ត្រី​រដ្ឋាភិបាល​ស្នើ​សុំ​ឲ្យ​សាធារណជន​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ជឿ ឬ ចែកចាយ​បន្ត​ដើម្បី​ការពារ​ខ្លួន​ឯង គ្រួសារ និង​សង្គម​ពី​គ្រោះថ្នាក់​នៃ​ព័ត៌មាន​បែប​នេះ។

ក្នុង​ឆមាសទី១​ ឆ្នាំ​២០២៤​នេះ​ ក្រសួងព័ត៌មាន​បាន​កត់ត្រាទុក​ព័ត៌មាន​ក្លែង​ក្លាយ​សរុប​ចំនួន ​១៧០១​ករណី ដែល​ចំនួន​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​ចំនួន ​១២ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​ចំនួន​កត់ត្រាទុក​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣ ​ដែល​មាន​ចំនួន​ ១៥១៩ ​ករណី។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន។

យោង​តាម​អ្នកនាំពាក្យ​ដដែល​ ក្នុង​ឆ្នាំ​២០២៣ ក្រសួងព័ត៌មាន​បាន​កត់ត្រាទុក​ព័ត៌មាន​ក្លែង​ក្លាយ​ចំនួន​ជាង ៣ ពាន់​ករណី។

អង្គការ​សហប្រជាជាតិ​បែងចែក​និយម​ន័យ​ព័ត៌មាន​មិន​ពិត​ជា​ពីរ​ទម្រង់​គឺ​ ការចែកចាយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ដោយ​ចៃដន្យ ដែលគ្មាន​ចេតនា​អាក្រក់ (misinformation) និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ក្នុង​គោលបំណង​បោក​បញ្ឆោត​ឬ​ក្នុង​គោល​បំណង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ (disinformation)។

សម្រាប់​កម្ពុជា ព័ត៌មាន​ក្លែងក្លាយ​ចុងក្រោយ​មាន​ពាក់​ព័ន្ធ​នឹង​ករណី​មួយ​ចំនួន​ រួម​ទាំង​ករណី​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​បាន​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​និង​ពីរ​នាក់​ទៀត​រង​របួស។ បន្ទាប់​ពី​ករណី​នេះ​កើត​ឡើង ​រូបភាព​ជនជាប់ចោទ​ ស្រី ស៊ីណា ត្រូវ​បាន​កែប្រែ​ពី​ការ​ឈរ​នៅ​មុខ​ពន្ធនាគារ​ដៃ​ជាប់​ខ្នោះ​ ទៅជា​ឈរ​ជ្រែង​ហោប៉ៅ។

ក្នុងករណី​ដដែល​នេះ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​នៅ​ក្រៅ​ប្រទេស​ខ្លះ​បាន​បំភ្លៃ​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ជន​ជាប់ចោទ​​​នៅ​ក្រៅ​ពន្ធនាគារ​ដោយ​គ្រាន់​តែ​បំពាក់​ GPS ហើយ​ពួកគេ​បាន​រូប​ជាប់ចោទ ស្រី ស៊ីណា ​នៅ​លើ​ព័ត៌មាន​របស់​ពួកគេ។

ករណី​ចុង​ក្រោយ គឺ​ការ​អះអាង​ថា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ VinGroup របស់​វៀតណាម​ដំណើរ​ការ​សេវាកម្ម​រ៉ឺម៉កកង់បី​អគ្គិសនី​នៅ​កម្ពុជា។ ករណី​នេះ​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត​ បញ្ជាក់​ជាថ្មី​ថា ជាព័ត៌មាន​ក្លែងក្លាយ និង​បាន​ក្រើន​រំឭក​អំពី​វិធានការ​ផ្លូវ​ច្បាប់​សម្រាប់​អ្នករត់​ម៉ូតូឌុប រឺម៉ក​កង់បី​ដែល​ចង់​ធ្វើ​បាតុកម្ម។

លោក ប៉ែន បូណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា លោក​កត់​សម្គាល់​ឃើញ​ថា មួយ​រយៈ​ពេល​ចុងក្រោយ​នេះ​ពិត​ជា​មាន​ការ​កើន​ឡើង​នៃ​ព័ត៌មាន​ក្លែងក្លាយ​មែន ដោយ​រឿង​ខ្លះ​ត្រូវ​បាន​ប្រឌិត​ឡើង​ទាំង​ស្រុង​ រីឯ​ព័ត៌មាន​ខ្លះ​ត្រូវ​បាន​បំភ្លើស ឬ បំភ្លៃ​រឿង​អ្វី​មួយ​ឲ្យ​​ទៅ​ជា​រឿង​ផ្សេង។

លោក​ថា៖ «អ្នកដែល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ គោល​បំណង​របស់​គេ​ពិត​ប្រាកដ​គឺ​ធ្វើ​ម៉េច​ឲ្យ​ប្រជា​ពលរដ្ឋ​ខឹង​សម្បា​ជាមួយ​អាជ្ញាធរ ឬ​ រាជ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​គេ​ទទួល​បាន​ផល​ចំណែញ​ផ្នែក​នយោបាយ​ដែល​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ។ អ្នកដែល​បង្កើត​ព័ត៌មានក្លែង​ក្លាយ មួយ​ថ្ងៃៗ​គេ​អង្គុយ​គិត​តែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ឬ​បំភ្លៃ​រឿង​ធ្វើ​ម៉េច​ឲ្យ​សង្គម​វឹកវរ ប្រជាពលរដ្ឋ​ច្របូក​ច្របល់ ដែល​ជា​ផល​របស់​ពួកគេ ប៉ុន្តែ​មិន​មែន​ជា​ផល​ចំណេញ​សម្រាប់​សង្គម​ពិត​ប្រាកដ»។

លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​នូវ​ប្រភព​ព៌ត៌មាន​​មុននឹង​ជឿ ឬចែក​រំលែក​ព័ត៌មាន​ ឬ​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​ព័ត៌មាន​ទាំង​នោះ។

លោក ទេព អស្នារិទ្ធ បាន​ឲ្យ​ដឹង​ថា ​ការបំភ្លៃ​ព័ត៌មាន ការ​កាឡៃ​ការពិត​បាន​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភាន់​ច្រឡំ ​អាច​បង្កភាព​វិកវរ ​ចលាចល​ ប៉ះ​ពាល់​ដល់​ការ​រក្សា​សណ្តាប់​ធ្នាប់ និង​ស្ថិរភាព​ក្នុង​សង្គម។​ លោក​ថា វា​ជា​ទង្វើ​បំពុល​សង្គម ​ដែល​អាច​ឈាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ និង​ផលវិបាក​នានា​ដែល​មិន​អាច​នឹក​ស្មាន​ដល់។

លោក​ថា ក្រសួង​សង្កេត​ឃើញ​ថា អ្នក​បង្កើត​មាតិកា​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​និង​អ្នក​រកប្រាក់​តាម​អនឡាញ​មួយ​ចំនួន​ក៏​បាន​ដើរ​ប្រាស​ចាស​ពី​គន្លង​នៃ​សីលធម៌​សង្គម​ និង​ក្រមសីលធម៌​សម្រាប់​ការផ្ស​ព្វផ្សាយ​ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាសាធារណៈ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដោយសារ​តែ​មហិច្ឆតា​ក្នុង​ការ​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ឬ​ស្វែង​រក​ប្រជាប្រិយភាព​សម្រាប់​ខ្លួន​ឯង។

លោក​និយាយ​ថា៖ «ទង្វើ​ទាំង​នេះ ​ជាការ​បំពាន​លើ​ក្រមសីលធម៌ ហើយ​ដែល​សង្គម​មិន​ឲ្យ​តម្លៃ​សោះ​ ជាពិសេស​ប្រធានបទ​ទាក់ទង​នឹង​ជីវិតមនុស្ស ​ឯកជនភាព​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជាជន ​និង​ការ​រស់​នៅ​ក្នុង​សង្គម»។

លោក​បន្ត​ថា ក្រសួង​ព័ត៌មាន​ធ្លាប់​បាន​ចេញ​សេចក្ដី​ណែនាំ​អំពី​ក្រមសីលធម៌​សម្រាប់​អ្នក​បង្កើត​មាតិកា​រក​ប្រាក់​នៅ​លើ​បណ្ដាញ​សង្គម ឲ្យ​ពួកគេ​យល់​ឲ្យ​បាន​ច្បាស់​អំពី​ការ​ផ្សាយ​ណា​ដែល​រំលោភ​បំពាន​លើ​ក្រម​សីលធម៌ ដូចជា ការ​ផ្សាយ​ឬ​ចែករំលែក​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​ដែល​បង្ហាញ​សោក​នាដកម្ម រូបភាព​អាសអាភាស រូបភាព​បង្ហាញ​ភាព​ឃោរឃៅ ឬ​សកម្មភាព​ហិង្សា ដោយ​មិន​មាន​ការ​បិទបាំង​ត្រឹមត្រូវ។

លោក​បន្ត​ថា មាន​ប្រភេទ​ព័ត៌មាន​មួយ​​ទៀត​ត្រូវ​បាន​ផ្សាយ​ដោយ​បំផ្លើស​បំភ្លៃ​ព័ត៌មាន​ កាឡៃការពិត ឬ​គ្មាន​ប្រភព​ច្បាស់​លាស់ ​បង្កប់​ជំហ​លម្អៀង ដោយ​មាន​ឧបាយកល​នយោបាយ​ទុចរិត ​ដើម្បី​បំភាន់​មតិសាធារណៈ​ បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ទៅ​លើ​កិច្ច​ខិត​ខំ​របស់​រាជា​រដ្ឋាភិបាល​ ឬ​បង្ក​ចលាចល​ក្នុង​សង្គម។​
លោក​ចាត់​ទុក​ព័ត៌មាន​បែប​នេះ ថា​ ទង្វើបង្កប់​របៀបវារៈ​នៅ​ពីក្រោយ​ដើម្បី​កេង​ចំណេញ​នយោបាយ​ណា​មួយ។

ក្រសួង​ព័ត៌មាន​កំពុង​ធ្វើការ​លើ​រឿង​នេះ​ ជាពិសេស​ជាមួយ​អ្នក​ដែល​បង្កើត​មាតិកា​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​រក​ប្រាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អស្នារិទ្ធ។

លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ថ្លែង​ថា ការ​កំណត់​ថា​ព័ត៌មាន​ណា​មួយ​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ វា​ចាំបាច់​ត្រូវ​មាន​ការ​ស្រាវជ្រាវ។ យ៉ាងណា​ក៏ដោយ លោក​ទទួល​ស្គាល់​ដែរ​ថា ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​កើត​មាន​ជាច្រើន​ករណី​នៅ​លើ​បណ្ដាញ​សង្គម​ ដោយសារ​តែ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មាន​ភាពទូលំទូលាយ ប៉ុន្តែ​ការ​យល់​ដឹង​របស់​ពួក​គាត់​អំពី​ព័ត៌មាន​នៅ​មាន​កម្រិត។

លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ចែក​រំលែក ឬ ផ្សព្វផ្សាយ។ លោក​ក៏ស្នើ​ឲ្យ​មាន​ការ​ពង្រីក​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួក​គេ​អាច​កំណត់​បាន​ថា​ ព័ត៌មាន​បែប​ណា​ជា​ព័ត៌មាន​ក្លែងក្លា និង​ព័ត៌មាន​បែប​ណា​ជា​ព័ត៌មាន​ពិត។

លោក​និយាយ​ថា៖ «ការអប់រំ​ផ្សព្វផ្សាយ​ជារឿង​សំខាន់ណាស់។ បើ​សិន​យើង​មិន​បាន​អប់រំ​ផ្សព្វផ្សាយ​ ហើយ​ចាត់​វិធានការ​ដើម្បី​បង្ក្រាប​ ខ្ញុំ​គិត​ថា​នឹង​មាន​ផល​ប៉ះពាល់​ពីរ​ ផលប៉ះពាល់​ទី១ គឺ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គំនិត​ច្នៃប្រឌិត ឬ​គំនិត​នវានុវត្តន៍​របស់​ពលរដ្ឋ ឬ​ប៉ះពាល់​ដល់​បរិយាកាស​សិទ្ធិ​របស់​ពួក​គាត់»។

លោក​បន្ត​ថា៖ «ដូច្នេះ គប្បី​ពង្រឹង​ការផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​គាត់​យល់​ដឹង​អំពី​ហានិភ័យ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ នៅ​ពេល​ពួក​គាត់​យល់​ពី​ហានិភ័យ​ហើយ ពួកគាត់​នឹង​ចូលរួម​កាត់​បន្ថយ​បាន»៕