ភ្នំពេញៈ សមាជិក​ព្រឹទ្ធសភា​ជប៉ុន លោក Natsuo Yamaguchi សន្យា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​កម្ពុជា ខណៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ស្នើ​ជា​ថ្មី​ឱ្យ​ភាគី​ជប៉ុន​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នេះ​បន្ថែម​ទៀត។ 

លោក Natsuo Yamaguchi ដែល​ជា​ប្រធាន​គណបក្ស Komeito ជប៉ុន សន្យា​ដូច្នេះ​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ាណែត​ នា​ថ្ងៃ​ទី​១៥ កក្កដា នៅ​រាជធានី​ភ្នំពេញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​លោក ហ៊ុន ម៉ាណែត នា​ថ្ងៃ​ទី​១៥ កក្កដា បញ្ជាក់​ថា៖ «ឯកឧត្ដម Natsuo Yamaguchi នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ប្រែប្រួល​អាកាសធាតុ សន្តិសុខ​សាយប័រ [សន្តិសុខអ៊ីនធឺណិត] និងជាពិសេស លើវិស័យបោសសម្អាតមីន»។

សេចក្ដី​ប្រកាស​ព័ត៌មាន បាន​ដក​ស្រង់​សំដី​លោក Natsuo Yamaguchi ថា កន្លង​មក ជប៉ុន​មាន​កិច្ច​សហការ​ដ៏​ល្អ និង​ជិតស្និទ្ធ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ហើយ CMAC គឺ​ជា​កងកម្លាំង​ដែល​មាន​ជំនាញ និង​បទពិសោធន៍​ល្អ​បំផុត​ក្នុង​ការ​បោសសម្អាត​មីន។ 

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ព្រោះ​នេះ​គឺ​ជា​គោលដៅ​អាទិភាព​របស់​ខ្លួន។ 

លោក​បន្ត​ថា គិត​មក​ដល់​ពេល​បច្ចុប្បន្ន កម្ពុជា​បាន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃដី​ជាង ៣ ០០០ គីឡូម៉ែត្រ​ការ៉េ។ កម្ពុជា​នឹង​ខិតខំ​បន្ត​ការ​បោសសម្អាត​មីន​ប្រមាណ​ជាង ១ ៧០០ គីឡូម៉ែត្រ​ការ៉េ​បន្ថែម​ទៀត ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​គ្រោះថ្នាក់ ដែល​បង្ក​ឡើង​ដោយ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​រួមចំណែក​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ។ 

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា៖ «ក្នុង​ន័យ​នេះ សម្ដេច​ធិបតី  បាន​លើកទឹកចិត្ត​ដល់​ភាគី​ជប៉ុន​ក្នុង​ការ​បន្ត​នូវ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បោសសម្អាត​មី​នបន្ថែម​ទៀត»។

កម្ពុជា និង​ជប៉ុន​បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​របស់​ខ្លួន​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កាល​ពី​ឆ្នាំ​២០២៣។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា-ជប៉ុន​ជា​ទំនាក់ទំនង​ស្ថិត​ក្នុង​កម្រិត​ល្អ​ប្រសើរ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បន្ទាប់​ពី​ការដំឡើង​កម្រិត​ទំនាក់ទំនង​នេះ និង​ការ​ដាក់​ចេញ​អភិក្រម​ថ្មី​របស់​ជប៉ុន​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត។

អភិក្រម​ថ្មី​នេះ​ផ្ដោត​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម, ការ​តភ្ជាប់​សមុទ្រ, និង​ការ​បោស​សម្អាត​​មីន។

លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី​១​នៃ​អាជ្ញាធរ​មីន បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​លោក Natsuo Yamaguchi នា​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​ដើម្បី​សហការ​គាំទ្រ​ចំពោះ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ «គំនិត​ផ្ដួចផ្ដើម​ថ្មី​លើ​សកម្មភាព​មីន ជប៉ុន-កម្ពុជា»។ 

លោក​ថ្លែង​ថា៖ «កម្ពុជា​ត្រៀម​សហការ និង​ផ្ដល់​ភាព​ជា​ដៃគូ ដើម្បី​ភាព​ជោគជ័យ​របស់​ជប៉ុន​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋ​ភាគី​លើក​ទី២២ ឆ្នាំ​២០២៥ នៃ​អនុសញ្ញា​ស្ដីពី​ការ​ហាម​ប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (អនុសញ្ញា​អូតាវ៉ា)»។

សេចក្ដី​ប្រកាស​ព័ត៌មាន​អាជ្ញាធរ​មីន​នា​ថ្ងៃ​ទី១៥ កក្កដា ​បាន​ដក​ស្រង់​សំដី​លោក Natsuo Yamaguchi ថា ជប៉ុន បាន​ដាក់​ចេញ​គោលការណ៍​ចំនួន​៣ក្នុង​ការ​រួមចំណែក​ដល់​វិស័យ​មីន​នៅ​កម្ពុជា រួមមាន​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម, ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​មីន, និង​កិច្ច​សង្គ្រោះ​ជន​រងគ្រោះ រួម​ទាំង​ការ​ស្តារ​សម្បទា​ឡើង​វិញ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

លោក​ត្រូវ​បាន​ស្រង់​សំដី​ថា កម្ពុជា​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការងារ​បោសសម្អាត​មីន និង​ចែករំលែក​បទពិសោធន៍​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក ដែល​កំពុង​ជួប​ហានិភ័យ​ដោយសារ​មីន។

លោក Natsuo Yamaguchi បាន​ស្នើ​ឱ្យ​ជប៉ុន និង​កម្ពុជា បន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​មីន​នៅ​លើ​ពិភពលោក៕