ភ្នំពេញៈ ក្រសួង​បរិ​ស្ថាន​គ្រោង​នឹង​ប្រារព្ធ​ពិព័រណ៍«ពន្លក​បៃតង» ដើម្បី​ចែក​កូន​ឈើដល់​ពលរដ្ឋ​យក​ទៅ​ដាំ​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ​ បន្ទាប់​ពី​កូន​ឈើ​ចម្រុះជាង​៩២ម៉ឺន​ដើម​ត្រូវ​បាន​ចែក​ជូនពលរដ្ឋ​នៅ​ក្នុង​ការសាក​ល្បង​ធ្វើ​លើក​ទី១​ ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​កុះកររួច​មក។

​ក្រ​សួងបរិស្ថាន​បាន​លើក​ឡើង​ថា ​ពិព័រណ៍«ពន្លកបៃតង» លើក​ទីមួយ ​រយៈ​ពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ទី១២ ខែ​កក្កដា​នៅ​ក្រ​សួងបរិស្ថាន​បាន​បញ្ចប់​ដោយ​ទទួល​បាន​លទ្ធផល​ជា​ទី​មោទនៈ។ ក្នុងនោះ ​កូន​ឈើ​ចម្រុះ​ជាង​៩២ម៉ឺន​ដើម លើ១​លាន៣សែន​ដើម​ត្រូវ​បានចែក​ជូន​សាធារ​ណជនយក​ទៅ​ដាំ។

រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន ​លោកអ៊ាង សុផល្លែត​មាន​ប្រសាសន៍​ថា៖«ពិព័រណ៍នេះ​មាន​លទ្ធផល​ជា​ទី​មោទនជា​ទីបំផុត។ យើង​មាន​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈទាំង​អស់​យ៉ាង​ច្រើន​កុះ​ករ​មក​ទទួល​យក​ដើម​ឈើជាង​៩២​ម៉ឺន​ដើម ​លើ១​លាន​៣សែ​ន​ដើម​ដែល​យើង​មាន។ ការងារ​នេះ​គឺ​មិន​ទាន់​ចប់​ទេ ពេល​នេះ​មន្ទីរបរិ​ស្ថាន​ទាំង​២៥​ខេត្ត​ក្រុង​កំពុង​តែចែ​ក​កូ​ន​ឈើ​ ដែលនៅសេ​សសល់ជា​ង៥០​ម៉ឺន​ដើម​ទៀតជូន​ពលរដ្ឋ»។

លោក​រដ្ឋ​មន្រ្តី​បាន​បន្ថែម​ថា​ ការ​រៀប​ចំ​ពិព័រណ៍​នោះ ជា​ការងារ​សាក​ល្បង​លើក​ទី១។ ការ​សាក​ល្បង ដែល​មាន​លទ្ធផល​ជាទី​គប់ចិត្ត​នេះ គីជាការ ​លើក​ទឹក​ចិត្តស​ម្រាប់​ក្រ​សួង​បរិស្ថាន ​ដែល​ធ្វើឱ្យ​ក្រសួង​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង ក្នុង​ការ​ប្រឹង​ប្រែង​បណ្តុះ​កូន​ឈើថែ​មទៀ​ត​ដើម្បី​ចែក​ជូន​ពលរដ្ឋ​យក​ទៅ​ដាំ សំដៅ​ទទួល​បាន​ជោគជ័យ​ស្របតា​មយុ​ទ្ធសា​ស្រ្តប​ញ្ចកោ​ដរបស់រ​ដ្ឋាភិ​បាល ​ដែល​បាន​ដាក់​ចេញ។ 

លោក​រដ្ឋ​មន្រ្តីមាន​ប្រសាសន៍​ថា៖«ឆ្នាំ​ក្រោយ​យើង​នឹង​ធ្វើ​ទៀត។ ការ​ធ្វើ​សាក​ល្បង​លើក​ទី១​នៅភ្នំ​ពេញ ​លើក​ទី២​ធ្វើ​នៅ​ភ្នំពេញ​ទៀត និង​ធ្វើ​នៅ​លើកទី៣​គឺ​ជូន​ខេត្ត​មន្ទីរ​បរិស្ថាន​២៥​ខេត្តក្រុង​អស់​ធ្វើនៅ​តាម​ខេត្ត​តែម្តង​។ យើង​ធ្វើ​សាក​ល្បង​នៅ​នេះ​រួមគ្នា​ឱ្យ​បាន​ល្អឥត​ខ្ចោះ ហើយ​ចាំយើងបញ្ជូន​ទៅធ្វើ​តាម​ខេត្តតែ​ម្តង»។ 

លោក​រដ្ឋ​មន្រ្តី​បញ្ជាក់​ដូច្នេះ​ថា៖«ទីបំផុត​រាល់​ខេត្ត​ទាំង​អស់​នឹង​ធ្វើពិព័រណ៍​ចែក​កូន​ឈើជា​ប្រចាំជា​រៀង​រាល់​ឆ្នាំ យើង​មិន​ត្រឹម​តែ​ប៉ុណ្ណឹង ​ជំហាន​បន្ទាប់​ទៀត​នោះ​គឺចែក​កូន​ឈើចម្រុះ ហើយ​រួមគ្នា​ដាំតែ​ម្តង»។

លោក​ក៏បាន​ឱ្យដឹង​ផង​ដែរ​ថា នៅ​ឆ្នាំ​ក្រោយ​ក្រសួង​បរិស្ថាន ​អាច​បណ្តុះ​បាន​កូន​ឈើ​យ៉ាង​តិច​៥លាន​ដើម សម្រាប់​ទុក​ចែក​ជូន​ពលរដ្ឋ ​ដោយ​មិនគិតថ្លៃ ​។ លើស​ពី​នោះ​ នឹង​មាន​ថ្នាលសម្រាប់បណ្តុះកូន​ឈើ​លក្ខណៈ​តំបន់ ដែល​អាច​ផលិត​កូន​ឈើ ​បាន​ចំនួន​១០​លាន​ដើម​ក្នុង​មួយ​ឆ្នាំផងដែរ។

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា ការចែក​ជូន​កូន​ឈើនេះ​បាន​កំពុង​តែ​បណ្ដុះ​គំនិត​របស់​ពលរដ្ឋ​ ឱ្យ​ស្រឡាញ់​ដើម​ឈើ ស្រឡាញ់​ភាព​បៃតង ​និង​ស្រឡាញ់​បរិស្ថាន​បន្ថែម​ទៀត​ផង​ដែរ។ 

ទោះ​បី​ជា​ពិធីចែក​ដើម​ឈើនេះ​ត្រូវ​បាន​បញ្ចប់​នៅ​ក្រសួង​បរិស្ថាន​យ៉ាង​ណា​ក៏​ដោយ ​ក៏​មន្ទីរ​បរិស្ថាន​រាជធានី ​និង​ខេត្តនា​នា​នៅ​តែបន្ត​ធ្វើ​ការចែក​ជូន​ដើម​កូន​ឈើ​រហូត​ដល់​ថ្ងៃ​ទី១៦ ​ខែ​កក្កដា​នេះ៕