ព្រះវិហារ/ស្ទឹងត្រែងៈ រដ្ឋបាល​ស្រុក​ឆែប កំពុង​តែ​ធ្វើ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ពី​គ្រោះជំនន់​ទឹកភ្លៀង ខណៈ​ពលរដ្ឋ​ប្រមាណ ១ ០០០​នាក់​ក្នុង​ស្រុក​ ថាឡាបរិវ៉ាត់​ ត្រូវ​ទឹក​លិច​ចូល​ក្រោម​ផ្ទះ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មក​នេះ។

ការ​ធ្លាក់​ភ្លៀង​ជាប់ៗ​គ្នា​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បណ្តាល​ឱ្យ​ភូមិ​ជោគជ័យ និង ភូមិ​សំបូរ ក្នុង​ឃុំ​សង្កែ២ និង​ភូមិ​សង្កែ ស្ថិតក្នុង​ឃុំ​សង្កែ១ ស្រុក​ឆែប ខេត្ត ព្រះវិហារ ទទួល​រង​ផល​ប៉ះពាល់ ហើយ​ពេល​នេះ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​តែ​ធ្វើ​ការ​វាយ​តម្លៃ​ពី​ការ​ខូចខាត។ នេះ​បើ​យោង​តាម​លោក អ៊ុំ សុភឿន អភិបាលស្រុក​ស្តីទី​នា​ថ្ងៃ​អង្គារ ទី១៦ កក្កដា​នេះ។

លោក​បញ្ជាក់​ថា៖ «ភ្លៀង​ធ្លាក់ ២​ថ្ងៃ​ជាប់​គ្នា។ ពេល​ទឹក​ភ្លៀង​បុក​មក​ហ្នឹង យើង​ខូចខាត​ផ្លូវ​អស់​ច្រើន​កន្លែង ផល​ដំណាំ​ស្រូវ​ទើប​ស្ទូង​រួច​មួយ​ចំនួន ស្រូវ​ស្តុក​ទុក​តាម​ផ្ទះ។ ផ្លូវ១​ខ្សែ​លិច​ហ្នឹង​ប្រហែល ៧​គីឡូម៉ែត្រ ស្ពាន​ប្រមាណ​ជា​ ៤​កន្លែង និង​មាន​ផ្ទះ​មួយ​ចំនួន​ដែរ។ ខាង​ឃុំ​កំពុង​ស្រង់​ទិន្នន័យ​ពី​ការ​ខូចខាត​នេះ»។ 

លោក​បន្ត​ថា ភូមិ​ជោគជ័យ និង​ភូមិ​សំបូរ​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ ដែល​ក្នុង​នោះ​សាលា​បឋម​សិក្សា​ជោគជ័យ​បាន​លិច បណ្តាល​ឱ្យ​សិស្ស​ខក​ខាន​សិក្សា កាល​ពី​ថ្ងៃទី​១៥ ខែ​កក្កដា។ ទោះយ៉ាងណា ទឹក​បាន​កំពុង​​តែ​ស្រក​ទៅ​វិញ​ហើយ​ដែរ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

លោកថា​៖​«ក្រៅពី​បញ្ហា​ផ្លូវ និង​ស្ពាន​អត់​មាន​អី​ផ្សេង​ទេ។ ទឹកស្រក​ទៅវិញ​លឿន​មិន​សូវ​បង្ក​បញ្ហា​អី​ប៉ុន្មាន​ទេ។ គ្រាន់​តែ​ធ្ងន់ធ្ងរ​គឺ​មាន​តែ​ផ្លូវ ស្ពាន និង​លូ​ហ្នឹងហើយ»។ 

លោក សុទ្ធ គឹមកុលមុនី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឱ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​ធ្វើឱ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ស្រុក ឆែប ខេត្ត​ព្រះវិហារ និង​ស្រុក ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ ក្នុង​នោះ នៅ​ខេត្ត​ព្រះវិហារ ស្ថានភាព​ទឹក​ស្រក​ទៅវិញ​ជិត​អស់​ហើយ គឺ​នៅ​សល់​តិច​តួច​ប៉ុណ្ណោះ ដោយ​សារ​តែ​កាល​ពី​យប់​មិញ​មាន​ភ្លៀង​បន្ថែម​ទៀត។ ប៉ុន្តែ​មិន​បង្ក​បញ្ហា​គួរ​ឱ្យ​កត់​សំគាល់​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ខេត្ត​ស្ទឹងត្រែង​មក​ដល់​ពេល​នេះ ទឹក​កន្លែង​ខ្លះ​បាន​នឹង និង​ខ្លះ​បាន​កំពុង​តែ​ឡើង​តិច​តួច​នៅ​ឡើយ ដោយសារ​យប់មិញ​មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​បន្ត​លិច​នៅឡើយ»។ 

លោក សន សារឿន អភិបាល​ស្រុក ថាឡាបរិវ៉ាត់ ក៏​បាន​ឱ្យ​ដឹង​ថា ផ្ទះ​ចំនួន ២២៦ខ្នង ដែល​មាន​ពលរដ្ឋ​រស់​នៅ​ប្រមាណ​ជា ១ ០០០នាក់​ត្រូវ​បាន​ទឹក​លិច​ចូល​ក្រោម​ផ្ទះ ដោយសារ​តែ​ទឹក​អូហូរ​ចូល។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ជំលៀស​ចេញ​ពី​លំនៅឋាន​នោះ​ទេ។

កម្ពស់​ទឹក​នៅ​ស្ថានីយ​ជលសាស្រ្ត​នៅ​ទន្លេ​មេគង្គ​ក៏​កំពុង​តែ​បន្ត​ឡើង​ផងដែរ​នា​ថ្ងៃទី​១៦​ខែ​កក្កដា​នេះ។ ក្នុង​នោះ​ខេត្ត​ស្ទឹងត្រែង​កម្ពស់​ទឹក​មាន ៥,៦០ ម៉ែត្រ និង​នៅ​ថ្ងៃទី​១៩ នឹង​ឡើង​ដល់ ៥,៨៦ម៉ែត្រ។ កម្ពស់​ទឹក​ខេត្ត​ក្រចេះ​មាន ១៣,៨៩ម៉ែត្រ និង​នៅ​ថ្ងៃទី​១៩ នឹង​ឡើង​ដល់ ១៤,៣៧ម៉ែត្រ។ រីឯ​កម្ពស់​ទឹក​នៅ​ខេត្ត​កំពង់ចាម​មាន ៧,៣០ម៉ែត្រ និង​នៅ​ថ្ងៃទី​១៩ នឹង​ឡើង​ដល់ ៧,៩៥ម៉ែត្រ។

មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ស្ទឹងត្រែង បាន​ប្រកាស​ថា ចាប់​ពី​ថ្ងៃទី​១៥ រហូត​ដល់​ថ្ងៃទី​១៨ ខែ​កក្កដា​នេះ សម្ពាធ​ទាប​សកម្ម​បាន​និង​កំពុង​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង បង្កើន​ឥទ្ធិពល​ទៅ​ជា​វិសម្ពាធ និង​ធ្វើ​ដំណើរ​មក​ទិស​បស្ចិម​ចូល​ទៅ​លើ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ។ ជ្រលង វិសម្ពាធនេះ និង​មាន​ឥទ្ធិពល​មក​លើ​ខេត្ត​ស្ទឹងត្រែង ដែល​ស្ថាន​ភាព​បែបនេះ និង​ធ្វើឲ្យ​មាន​ពពក​ច្រើន​ដេរដាស មាន ភ្លៀងផ្គរ​រន្ទះ​ពី​តិច​ទៅ​ច្រើន​លើស​កម្រិត​ធម្មតា ក្នុង​បរិមាណ​ជា​មធ្យម​ពី ៥០​ទៅ​ ៦០​ភាគរយ និង​មាន​ខ្យល់​ខ្លាំង​បក់​ក្នុង​ល្បឿន​ពី ១១ ទៅ ១៥​ម៉ែត្រ​ក្នុង ១វិនាទី។

មន្ទីរ​ធនធាន​ទឹក​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ អំពី​ស្ថានភាព​ធាតុ​អាកាស​មាន​ភ្លៀង​ធ្លាក់​ច្រើនលើស​កម្រិត​ធម្មតា ខ្យល់​បក់​បោក​ខ្លាំង​នេះ ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​មាន​ជាយថាហេតុ៕