ភ្នំពេញ៖ រំឭកដល់​ការ​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ទៅ​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​អំពី​សហគ្រាស​ជលផល​គម្រោង CAPFish កាលពី​ខែកញ្ញា ឆ្នាំ​២០២៣​ កញ្ញា អ៊ីម រចនា បាន​និយាយក្នុង​កម្មវិធី​ទស្សនកិច្ច​ឆ្នាំ​២០២៤ នេះថា កញ្ញា​រង​នូវការ​រិះគន់​ចំពោះ​ការ​បង្ហាញ​សមិទ្ធផល​នាំចេញ​បង្កក​ប៉ាក ឬ​បង្កង​កណ្ដូប​ ៤៥ គីឡូក្រាម​ទៅ​កាន់​ប្រទេស​ចិន។

កញ្ញា រចនា ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​បាន​ឱ្យ​ដឹង​ថា៖ «វាជា​ជំហាន​ដំបូង​សម្រាប់​កម្ពុជា​ក្នុង​ការ​នាំចេញ​បង្កង​កណ្ដូប​ទាំង​រស់​តាម​ធម្មជាតិ។ វា​ជាការ​ថ្លឹងថ្លែង​រក្សា​តុល្យភាព ស្រប​ពេល​បង្កង​ប្រភេទនេះ​មាន​តម្លៃ​ថ្លៃ»។

កញ្ញា​បាន​ថ្លែង​ថា៖ «ជា​លទ្ធផល​ នៅ​ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​នាំ​ចេញ​ទីផ្សារ​ជាង ១ តោន និង​ដើម​ឆ្នាំ ២០២៤ កម្ពុជា​នាំចេញ​បង្ក​ងប៉ាក​ជាង ២តោន​កន្លះ»។

យ៉ាង​ណាមិញ អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​រូប​នេះ បាន​ទទួល​ស្គាល់​ថា ដោយសារ​បង្កង​ប៉ាក​មាន​ចំនួន​តិច​នៅ​ក្នុង​ធម្មជាតិ​ ដែល​ជំរុញ​ឱ្យ​តម្លៃ​កើន​ខ្ពស់ ក្រសួង​មាន​បំណង​លើក​ទឹកចិត្ដ​ឱ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​បង្កង​ប៉ាក​នេះ​ដើម្បី​រក្សា​តុល្យភាព​តម្លៃ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ផង និង​នាំ​ចេញ​ទៅចិន ជា​ទីផ្សារ​របស់​កម្ពុជា​តែ​មួយ​គត់។ 

កញ្ញា រចនា បាន​បន្ដថា​៖ «យើង​ចង់​ធានា​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រទេស​យើង។ ដូច្នេះ ការ​ចិញ្ចឹមបង្កង​ប៉ាក គឺជា​រឿង​មួយ​ដែល​យើង​កំពុង​តែ​សិក្សា​ពី​លទ្ធភាព។ យើង​សង្ឃឹម​ថា ប្រសិន​បើ​យើង​អាច​ធ្វើបាន យើង​នឹង​មាន​បង្កង​ប៉ាក​គ្រប់គ្រាន់​សម្រាប់​បម្រើ​ឱ្យ​ការ​នាំ​ចេញ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​យើង អាច​ទទួល​ទាន​បង្កង​ប៉ាក​បាន​ក្នុង​មួយ​តម្លៃ​សមរម្យ»។

កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ ផលិតផល​ជលផល​ធម្មជាតិ​របស់​កម្ពុជា​ចំនួន ១១​ប្រភេទ ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន រួម​មាន កំពឹស​ទឹកសាប ត្រី​ប្រាធំ ត្រី​ប្រាខ្ចៅ ខ្យង​ទឹកសាប អន្ទង់​ទឹកសាប បង្កង​កណ្តូប ឬ​បង្កង​ប៉ាក បង្គា​ខ្លឹង និង​បង្គាស ជាដើម ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​រវាង​កម្ពុជា-ចិន​នា​ពេល​កន្លងមក៕