ភ្នំពេញៈ លោក វង្សី វិស្សុត រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថ្លែង​ថា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ឬ​ហៅ​ថា សាលាក្ដី​ខ្មែរ​ក្រហម មិន​ត្រឹមតែ​សម្រេច​បាន​ទៅ​តាម​គោលដៅ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​បង្កើត​នូវ​លក្ខណៈ​ដោយ​ឡែក (Uniqueness) យ៉ាង​ហោច​ចំនួន​៥ បើ​ប្រៀបធៀប​ទៅ​នឹង​តុលាការ​អន្តរជាតិ​ផ្សេងៗ​ទៀត។

លោក​ថ្លែង​ថា​លក្ខណៈ​ដោយ​ឡែក​ទី១​គឺ​សាលាក្ដី​នេះ​បាន​កាត់​សេចក្ដី និង​ផ្ដន្ទាទោស​អស់​មួយ​ជីវិត​ទៅ​លើ​អតីត​ប្រមុខរដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ចាប់តាំង​ពី​ការ​បង្កើត​អនុសញ្ញា​អង្គការសហប្រជាជាតិ (អ.ស.ប.) ស្ដីពី​ការ​បង្ការ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ឆ្នាំ១៩៤៨​មក ។ 

លោក​ថា​នេះ​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

លោក វង្សី វិស្សុត ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នៅ​អគារ​អនុវត្ត​មុខងារ​សេសសល់ អ.វ.ត.ក. នាថ្ងៃទី១៦ កក្កដា នៅ​រាជធានី​ភ្នំពេញ។

ក្នុង​លក្ខណៈ​ដោយ​ឡែក​ទី២ លោក​ថ្លែង​ថា៖ «[អ.វ.ត.ក.] បាន​អនុញ្ញាត​ឱ្យ​ជន​រងគ្រោះ​ចូលរួម​ក្នុង​កិច្ច​ដំណើរការ​នីតិវិធី​ច្បាប់ ក្នុង​នាម​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​មួយ បើ​ប្រៀបធៀប​ទៅ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផ្សេងៗ​ទៀត»។

ចំពោះ​លក្ខណៈ​ដោយ​ឡែក​ទី៣ លោក វង្សី វិស្សុត ដែល​ជា​ឧប​នាយករដ្ឋមន្ត្រី​ប្រចាំការ ថ្លែង​បន្ត​ថា សាលាក្ដី​កូន​កាត់​មួយ​នេះ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ទៅ​ដល់​អ្នក​ចូលរួម​ជាង ៦៥​ម៉ឺន​នាក់ តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ និង​ជន​រងគ្រោះ​មក​តាមដាន​ដោយ​ផ្ទាល់​សវនាការ​ជំនុំជម្រះ​ក្តី និង​ការ​រៀបចំ​ឱ្យ​មាន​ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​កាត់​សេចក្ដី។

ចំណែក​ក្នុង​លក្ខណៈ​ដោយ​ឡែក​ទី៤ លោក វង្សី វិស្សុត ដែល​ជា​ប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​ការ​អនុវត្ត​មុខងារ​សេសសល់​របស់​សាលាក្ដី​នេះ​លើក​ឡើង​ថា៖ « [អ.វ.ត.ក.] ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ក្នុង​ការ​រក្សា​បាន​យ៉ាង​ពេញលេញ​នូវ​អធិបតេយ្យ​ភាព​របស់​កម្ពុជា ​តាម​រយៈ​ភាព​ជា​ម្ចាស់ និង​ភាព​ជា​អ្នកដឹកនាំ។ ប្រទេស​មួយ​ចំនួន រួមមាន បង់ក្លាដេស ស្រីលង្កា កេនយ៉ា សេណេហ្គាល់ និង​អាហ្វ្រិក​កណ្ដាល បាន​មក​សិក្សា​យក​គំរូ​កូន​កាត់​នេះ ទៅ​រៀបចំ និង​បង្កើត​ជា​តុលាការ​ស្រដៀង​គ្នា​នេះ ដើម្បី​វិនិច្ឆ័យ​ទៅ​លើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​សាហាវ​យង់ឃ្នង»។ 

ក្នុង​លក្ខណៈ​ដោយ​ឡែក​ចុងក្រោយ លោក​រដ្ឋមន្ត្រី បញ្ជាក់​ថា សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចំណាយ​ថវិកា​អស់​តិច​ជាង​គេ ដែល​ក្នុង​នោះ ភាគី​ជាតិ​ចំណាយ​អស់​ប្រហែល​១​ភាគ​៤ និង​ភាគី​អន្តរជាតិ​ចំណាយ​អស់​ប្រហែល​៣​ភាគ​៤ បើ​ប្រៀបធៀប​ទៅ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផ្សេងៗ​ទៀត ដែល​បាន​ចំណាយ​ថវិកា​អស់​ចន្លោះ​ពី ៨០​លាន​ដុល្លារ ទៅ​១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១ឆ្នាំ។  

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា៖ «ចាប់​ពី​ឆ្នាំ​២០០៦ ដល់​២០២៣ [អ.វ.ត.ក.] បាន​ចំណាយ​អស់​ថវិកា​ចំនួន​សរុប​ប្រមាណ ៤០៧​លាន​ដុល្លារ​អាមេរិក ។ ​ក្នុង​នោះ​ថវិកា​រួមចំណែក​ពី​សហគមន៍​អន្តរ​ជាតិ​មាន​ចំនួន​២៩៣​លាន​ដុល្លារ​អាមេរិក (៧២%), ថវិកា​ផ្ទាល់​ពី អ.ស.ប. មាន​ចំនួន​៦៧​លាន​ដុល្លារ​អាមេរិក (១៦%), និង​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​មាន​ចំនួន​៤៧​លាន​ដុល្លារ​អាមេរិក (១២%)»។

សាលាក្ដី​ខ្មែរ​ក្រហម​បាន​បញ្ចប់​ការ​កាត់​សេចក្ដី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កាល​ពី​ចុង​ឆ្នាំ២០២២ គឺ​បាន​ចំណាយ​អស់​រយៈ​ពេល​១៦​ឆ្នាំ។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៣ សាលាក្ដី​នេះ​បាន​អនុវត្ត​មុខងារ​ដែល​នៅ​សេសសល់​របស់​ខ្លួន​ដែល​មាន​អាណត្តិ​៣​ឆ្នាំ​ដំបូង​ដែល​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២៥។

លោក វង្សី វិស្សុត បញ្ជាក់​ថា ក្នុង​រយៈ​ពេល​១៦​ឆ្នាំ​នេះ​សាលាក្ដី​នេះ​បាន​បន្សល់​ទុក​បណ្ណសារ​តុលាការ​មាន​ចំនួន​សរុប​ជាង​២៣​ម៉ឺន​ឯកសារ ដែល​ស្មើ​ជិត​២,៤​លាន​ទំព័រ​ជា​៣​ភាសា គឺ​ភាសាខ្មែរ អង់គ្លេស និង​បារាំង។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ មជ្ឈ​មណ្ឌល​ធនធាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ដើម្បី​ថែ​រក្សា និង​លើកកម្ពស់​កេរ្តិ៍​ដំណែល​ពាក់ព័ន្ធ​នឹង​បណ្ណសារ​របស់​សាលាក្ដី​ដើម្បី​ឱ្យ​សាធារណជន​អាច​ចូល​មើល និង​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ក្នុង​របប​ខ្មែរ​ក្រហម។

លោក Miguel de Serpa Soares អគ្គលេខាធិការ​រង​ទទួល​បន្ទុក​កិច្ចការ​ច្បាប់ និង​ជា​ទីប្រឹក្សា​ច្បាប់​របស់ អ.ស.ប. ថ្លែង​ក្នុង​ពិធី​នេះ​ថា គិត​ចាប់​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ធនធាន​នេះ​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​នេះ ប្រជាជន​ជាង​២៦ ០០០នាក់​បាន​ចូលរួម​ជាមួយ​សាលាក្ដី​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​សិក្សា ការ​ផ្សព្វផ្សាយ និង​ដំណើរ​ទស្សនកិច្ច​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖ «ការ​ចែករំលែក និង​ផ្សព្វផ្សាយ​ព័ត៌មាន​គឺ​ជា​កិច្ចការ​ដែល​ត្រូវ​បន្ត​ធ្វើ បន្ទាប់​ពី​ការ​បិទ​បញ្ចប់ អ.វ.ត.ក. ជា​ស្ថាពរ ពីព្រោះ​កិច្ចការ​នេះ​មាន​សារៈសំខាន់​ចំពោះ​កេរដំណែល​យូរអង្វែង ហើយ​និង​ជួយ​ពង្រឹង​សង្គម​កម្ពុជា និង​តំបន់ និង​សកលលោក​ឱ្យ​បន្ត​ចងចាំ​យូរ​អង្វែង»៕