ស្ទឹងត្រែងៈ សត្វ​គោក្របី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ប្រមាណ​ជា​ ៣០​ភាគរយ​ក្នុង​ចំណោម​ជិត​ ៥​ម៉ឺន​ក្បាល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លង​ផ្សេងៗ​ដូចជា សារទឹក និង អ៊ុតក្តាម គិត​មក​ដល់​ថ្ងៃទី​១៦ ខែ​កក្កដា​នេះ។

លោក ទុំ នីរ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ស្ទឹងត្រែង​បាន​ឱ្យ​ដឹង​ថា ក្នុង​ខេត្ត​មាន​គោ​ប្រ​មាណ​ជា ៣៣ ០០០ក្បាល និង​ក្របី​ប្រមាណ​ជា ១៦ ០០០ក្បាល។ ក្នុង​នោះ មន្ទីរ​កសិកម្ម​ខេត្ត​បាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លង​ផ្សេងៗ​បាន​ប្រមាណ​ជា ៣០​ភាគរយ​ហើយ​គិត​ត្រឹម​ថ្ងៃទី​១៦ ខែ​កក្កដា ក្នុង​ឆ្នាំ​ ២០២៤​នេះ។

លោក​បាន​អះអាង​ថា រហូត​មក​ដល់​នឹង​ពេល​នេះ​ ជំងឺ​សារទឹក នៅ​ក្នុង​ខេត្ត​ ស្ទឹងត្រែង អត់​មាន​ការ​ផ្ទុះ​ឡើង ឬ​កើត​មាន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ ដោយសារ​តែ​មន្ទីរ​កសិកម្ម​ បាន​ចាត់​វិធាន​ការ​ចាក់​វ៉ាក់​សាំង​ការពារ​នៅ​មុន​ពេល​រដូវវស្សា​ចូល​មក​ដល់។

លោក​បញ្ជាក់​ថា៖ «គិត​ត្រឹម​ថ្ងៃទី​១៦ ខែ​កក្កដា​នេះ​ យើង​ចាក់​បាន​ជិត ២​ម៉ឺន​ក្បាល​ហើយ។ យើង​បាន​ចាត់​វិធានការ​មុន​ពេល និង​ទាន់​ពេល។ ចឹង​អត់​មាន​កើត​មាន​ជំងឺ​ជា​ដុំ​កំភួន​នោះ​ទេ។ រដូវវស្សា​មក​ដល់ យើង​បាន​ចាក់​ការពារ​រួច​ស្រេច​ហើយ​លើ​គោ​ក្របី​របស់​ពលរដ្ឋ​តាម​មូលដ្ឋាន។ យើង​នៅ​បន្ត​ចាក់​រាល់​ថ្ងៃ​អញ្ជឹង​ដែរ»។

ទោះយ៉ាង​ណា​លោកថា កាលពី​ប៉ុន្មាន​ខែមុន ក៏​មាន​គោ​ជាង ១០​ក្បាល​ដែរ​បាន​ងាប់​ដោយសារ​តែ​ជំងឺ​នៅ​ក្នុង​ឃុំ​ក្បាល​រមាស ស្រុក​សេសាន។ ប៉ុន្តែ​មិនមាន​ការ​ឆ្លង​បន្ត​ទៀត​នោះទេ​។

ទាក់ទង​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែរ គោ និង​ក្របី​ជាង ២ ៥០០​ក្បាល​របស់​អ្នក​ភូមិ ដែល​មាន​ទីតាំង​នៅ​ក្នុង និង​ជុំវិញ​ដែន​ជម្រក​សត្វ​ព្រៃ​សៀមប៉ាង​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ការ​ចម្លង​ជម្ងឺ​ទៅ​សត្វព្រៃ​ផង​ដែរ​តាម​រយៈ​គម្រោង USAID មរតកបៃតង។

USAID មរតក​បៃតង គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​សម្រាប់​សត្វគោ និង​ក្របី​ស្រុក ដើម្បី​ការពារ ការ​រីករាល​ដាល​ជំងឺ និង​ការពារ​សត្វព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ សៀមប៉ាង។

គម្រោង​នេះ​បាន​លើក​ឡើង​ថា ក្នុង​ករណី​អវត្តមាន​ពពួក​សត្វ​ពាហនៈ​ព្រៃធំៗ ដែល​ជិត​ផុត​ពូជ​នោះ គោក្របី​របស់​កសិករ​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង។

ឥរិយាបទ​ពី​ធម្មជាតិ​ស្រដៀង​គ្នា​របស់​ពួកវា​ដូចជា ការជាន់ឈ្លី ការ​ស៊ីស្មៅ ការនោម ការ​បន្ទោបង់ និង​ការ​ត្រាំ​ននៀល​ដី​ល្បាប់​ភក់​របស់​ពួកវា បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ជីវៈចម្រុះ​ក្នុង​ដែន​ជម្រក​សត្វព្រៃ។ ទោះ​បីជា​យ៉ាង​ក្តី ពួកវា​ក៏​បង្ក​ហានិភ័យ​ក្នុង​ការ​ចម្លង​ជំងឺ​ទៅ​សត្វ​ព្រៃ​ផងដែរ។

ដើម្បី​ការពារ​ហានិភ័យ​នេះ​កុំ​ឱ្យ​កើតឡើង USAID មរតកបៃតង​សហការ​ជាមួយ​ក្រុមហ៊ុន រ៉ាយហ្នឹង ហ្វីនិក និង​ការិយា​ល័យ​កសិកម្ម​ស្រុក​កំពុង​ធ្វើ​ការ​យ៉ាង​ស្រស្រាក់ស្រស្រាំ ដើម្បី​ជួយ​កសិករ​នៅ​ក្នុង​ភូមិ​ចំនួន ១៧ ដែល​មាន​ទីតាំង​នៅ​ក្នុង និង​ជុំវិញ​ដែន​ជម្រក​សត្វព្រៃ សៀមប៉ាង ដើម្បី​ចាក់​វ៉ាក់សាំង​ដល់​គោ និង​ក្របី​របស់​ពួកគេ។ ការ​ចាក់​ថ្នាំ​បង្ការ​ទាំង​នេះ​មាន​គោលដៅ​ការពារ​លើ​ជំងឺ​ដូចជា ជំងឺ​អុតក្តាម និង​ជំងឺ​សារទឹក។ នេះ​បើ​យោង​តាម​ព្រឹត្តិប័ត្រ​ព័ត៌មាន​ប្រចាំខែ​មិថុនា​របស់​គម្រោង USAID មរតក​បៃតង។

គិតត្រឹម​ខែ​មិថុនា ក្រុម​ការងារ​របស់​គម្រោង​នេះ​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់ដឹង​អំពី​ការ​ចាក់វ៉ាក់​សាំង​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​នៅ​ទូទាំង ១៧​ភូមិ​គោលដៅ។ បន្ទាប់​ពី​នោះ សកម្មភាព​ចាក់​វ៉ាក់សាំង​បង្ការ​ក៏​បាន​ចាប់​ផ្តើម និង​សម្រេច​បាន​១៥ភូមិ ក្នុង​ចំណោម ១៧ភូមិ។ ក្នុង​នោះ​មាន​សត្វគោ ក្របី​សរុប​ចំនួន ២ ៥៨៦​ក្បាល។

ក្រុម​ការងារ​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​រហូត​ដល់​សត្វគោ និងក្របី​ទាំងអស់​នៅ​ក្នុង​ភូមិ​ទាំង ១៧ ត្រូវ​បាន​ចាក់​ថ្នាំ​បង្ការ។

លោក ទុំ នីរ៉ូ ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា មន្រ្តី​ពី​មន្ទីរ​កសិកម្ម​ក៏​បាន​ចុះ​ទៅ​ណែនាំ ​និង​​បង្ហាញ​ពី​ការ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​នោះ​ផងដែរ។

លោក​បាន​ថ្លែង​ថា៖ «បើ​សិន​ជា សត្វ​ស្រុក​ឈឺ​ងាប់​ក្នុង​ព្រៃ​ដោយសារ​តែ​ជំងឺ​អីមួយ​កើតឡើង សត្វ​ព្រៃ​ណា​ដែល​ស៊ី​សាច់​ជា​អាហារ​ស៊ី​ទៅ​ឆ្លង​គ្នា​ហើយ។ ចឹង​គេ​ហៅថា​ប្រព័ន្ធ​ការពារ​គ្នា​ទៅវិញទៅមក។ បើ​សត្វ​ស្រុក​មាន​សុខ​ភាពល្អ ក៏​មិន​ឆ្លង​ទៅ​សត្វ​ព្រៃដែរ»៕