កំពង់ស្ពឺៈ អភិបាលខេត្ត​កំពង់ស្ពឺ​ថ្មី លោកជាម ច័ន្ទសោភ័ណ ហាក់​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ដឹង​ថា ក្នុង​​ខេត្ត​នេះ​មាន​ក្មេង​ទំនើង​រហូត​ដល់​ទៅ ៦៨​ក្រុម ហើយ​បាន​ណែនាំ​ឱ្យ​បញ្ជាការដ្ឋាន​អាវុធហត្ថ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដាក់​ផែន​ការ​បង្រ្កាប​ជា​បន្ទាន់។ 

ក្នុង​វីដេអូ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃទី​១៦ ខែ​កក្កដា​នេះ​នៅ​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ក្នុង ស្រុក​សំរោងទង លោក​អភិបាល​ខេត្ត​បាន​លើក​ឡើង​ថា ក្នុង​របាយការណ៍ ដែល​រដ្ឋបាល​ខេត្ត​បាន​រាយការណ៍​ជូន​ទៅ​ប្រមុខ​រដ្ឋាភិបាល​ពី​សមទ្ធិផល​ឆមាស​ទី១​នោះ លោក​បាន​មើល​ឃើញ​ថា មាន​ក្មេង​ទំនើង​រហូត​ដល់​ទៅ​ ៦៨​ក្រុម​ក្នុង​ខេត្ត​កំពង់ស្ពឺ។ 

លោក​ថ្លែង​ដូច្នេះ​ថា៖«ច្រើនណាស់។ បើ​យើង​គិត​ថា ក្នុង​ ១​ក្រុម​ត្រឹម ១០​នាក់ ចឹង​ឡើង​ដល់​ ៦៨០​នាក់​បាត់​ហើយ... ប្រសិន​យើង​ដឹង​ថា​នៅ​កន្លែង​ណា​ខ្លះ យើង​ត្រូវ​បំបែក​ឱ្យ​ហើយ​តែម្តង។ អត់ទុក​ទេ។ ប្រើ​ប្រាស់​កម្លាំង​ប៉ុណ្ណា​ក៏ត្រូវ​តែ​ធ្វើ​ដែរ។ ក្មេង​ទំនើង​នេះ យើង​ត្រូវ​តែ​អនុវត្ត​ព្រោះ​ក្មេង​ទំនើង​ងាយស្រួល​ណាស់»។ 

លោកបាន​បន្តថា បញ្ហា​ក្មេងទំនើង​ងាយ​ស្រួល​បង្រ្កាប ជាង​រឿង​គ្រឿងញៀន និង​ល្បែង​ស៊ី​សង ព្រោះថា បើ​ក្មេង​ទំនើង​ជិះ​បង្ហោះ​ម៉ូតូ ឬ​ដេញ​កាប់​គ្នា​នៅ​កន្លែងណា គឺ​ឃើញ​នៅ​ទីនោះ​តែម្តង​។ 

លោក​ណែនាំ​ថា៖ «ចឹង​យើង​ត្រូវ​តែ​ធ្វើ​កិច្ច​ការងារ​នេះ​ ហើយ​ក្នុង ៦៨​ក្រុម​ហ្នឹង ខ្ញុំ​គិត​ថា អាច​មាន​ប៉ុន្មាន​ក្រុម​នៅ​ក្នុង​ស្រុក​សំរោងទង​របស់​យើង។ បើ​មាន​អភិបាល​ស្រុក​ចាត់ចែង ប្រជុំ​បន្ទាន់​ជាមួយ​កងកម្លាំង​របស់​យើង ដើម្បី បោស​សម្អាត»។ 

លោកអភិបាល​ខេត្ត​ក៏​បាន​ណែនាំ​ឱ្យ ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​ត្រូវ​តែ​រៀបចំ​ផែនការ​ជូន​លោក ដើម្បី​ចាត់​វិធានការ​បង្រ្កាប​ក្រុម​ក្មេង​ទំនើង​ទាំង ៦៨​ក្រុម​នោះ ព្រោះ​ថា​អត្តសញាណ​របស់​ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​ស្គាល់​រួច​ទៅ​ហើយ។ 

លោក រស់ រដ្ឋា ស្នងការ​រង​ខេត្ត​កំពង់ស្ពឺ​បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ក្មេង​ទំនើង​ទាំង ៦៨​ក្រុម​នោះ ខ្លះ​នៅ​សល់​តែ​ឈ្មោះ​ទេ ព្រោះ​ថា​ពួកគេ​ខ្លះ​តែងតែ​ចេញ​ពី​ក្រុម​មួយ​ទៅ​ចូលរួម​សកម្មភាព​ជាមួយ​នឹង​ក្រុម​មួយ​ផ្សេង​ទៀត។ នគរបាល​ក៏​មិន​អាច​កំណត់​ពី​ចំនួន​ជាក់លាស់​នៃ​ក្មេង​ទំនើង​នោះ​ដែរ។ 

លោក​បន្ត​ថា ក្រុម​ខ្លះ​មាន​គ្នា ២​ទៅ ៣​នាក់ ហើយ​ក្រុម​ខ្លះ​ក៏​មាន​គ្នា​ច្រើន​ផងដែរ។ 

ពួកក្មេង​ទំនើង​ទាំង​នោះ​ក៏​បាន​ដាក់​ឈ្មោះ​ក្រុម​របស់​គេ​ដូចជា ក្រុម GM, GK ឬ VP ជាដើម។ ពួកគេ ភាគច្រើន​បង្ក​អំពើ​ហិង្សា​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា បង្ហោះ​ម៉ូតូ អូស​ជន្ទល់ ជិះម៉ូតូ​ជ្រេ​ចុះឡើង​តាម​ផ្លូវ និង​បំពាក់​បំពង់​ស៊ីមុំាង​បំពង​សម្លេង​ជាដើម។ 

លោក​បញ្ជាក់​ថា៖ «យើង​បង្រ្កាប​ជា​បន្តបន្ទាប់។ កិច្ច​ការងារ​ហ្នឹង​បាន​ដាក់​ផែនការ​តាំងពី​មាន​ប្រសាសន៍​សម្តេច​ធិបតី យើង​ធ្វើ​មក​រហូត​ដូច​ភ្លៀង​រលឹមចឹង។ ក្មេង​ទំនើង​មាន​ការ​ថយចុះ ដោយសារ​យើង​បន្ត​សកម្មភាព​បង្រ្កាប​រហូតមក មិន​បង្អង់​ដៃទេ»។

លោក​ស្នងការ​រង​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា នៅ​ពេល​ឃាត់​ខ្លួន​បាន ក្រុម​ក្មេង​ទំនើង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ក្នុង​ករណី​ដែល​ពួក​គេ​បង្ក​អំពើ​ហិង្សា ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ឬ​មាន​កាន់កាប់​អាវុធ​ជាដើម។ ប៉ុន្តែ​ក្នុង​ករណី​បង្ក​បញ្ហា​មិន​ធ្ងន់ធ្ងរ ពួកគេ​នឹង​ត្រូវ​ធ្វើ​ការ​អប់រំ។ 

កាលពី​ខែ​ឧសភា​កន្លងមក ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ចាត់​វិធានការ​បង្រ្កាប​ក្មេង​ទំនើង​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ការពារ​សណ្តាប់​ធ្នាប់​សាធារណៈ និង សន្តិសុខ​សង្គម។

ក្នុង​រយៈពេល ៤៧ថ្ងៃ ពី​ថ្ងៃទី​២៣ ខែ​ឧសភា ដល់​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៤នេះ សាលាដំបូង​​រាជធានី​ខេត្ត​បាន​ទទួល​ចាត់​ការ​លើ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ករណី​ក្មេង​ទំនើង​ចំនួន ២៩៧​ករណី ដែល​មាន​ជន​សង្ស័យ​ចំនួន ១ ៦១៦នាក់៕