ភ្នំពេញ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ជន​ជាតិ​ចិន​ម្នាក់ ចេញ​ពី​ប្រទេស​កម្ពុជា​ក្រោយ​បុរស​រូប​នេះ ត្រូវបាន​កាត់​ទោស​ជាប់​ពន្ធនាគារ​ដោយ​តុលាការ​ប្រទេស​សិង្ហបុរី​ពី​បទ​លាង​លុយ​កខ្វក់​ និង​បាន​ចូល​មក​កាន់​ប្រទេស​កម្ពុជា។ 

យោង​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃបា​ន​ឱ្យ​ដឹង​ថា៖ «ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ នៃ​ប្រទេស​កម្ពុជា បាន​ធ្វើការ​ស្រាវជ្រាវ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​អំពី​ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវបាន​តុលាការ​ប្រទេស​សិង្ហបុរី​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​សម្អាត​ប្រាក់ និង​បាន​ចូល​មក​ប្រទេស​កម្ពុជា»។ 

អគ្គនាយកដ្ឋាន​បាន​បន្ដថា​ ដោយ​កម្ពុជា​​ក៏​ជា​សមាជិក​នៃ អង្គការ​ឃ្លាំង​មើល​ការលាង​លុយ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញាវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា FATF លោក ស សុខា រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​ណែ​នាំមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើការ​ស្រាវជ្រាវ ស្វែងរក ជនជាតិ​ចិន នោះ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​អនុវត្ត​នីតិវិធី ធ្វើការ​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក Zhang Ruijin ភេទ​ប្រុស ជនជាតិ​ចិន កាន់​លិខិត​ឆ្លងដែន​ប្រទេស Saint Kitts and Nenis ​ត្រូវបាន​ឃាត់​ខ្លួន​ ក្រោយ​ពេល​បុរស​រូប​នេះ​បាន​ចូល​មក​កាន់​ប្រទេស​កម្ពុជា​នៅថ្ងៃទី ១៥ ខែមិថុនា​។ 

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឱ្យ​ដឹងថា​៖ «អគ្គនាយកដ្ឋាន​​​បានរៀបចំ​នីតិវីធី រួច​ក៏បាន​ធ្វើការ​បណ្តេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ តាម​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​»។​

គួរ​បញ្ជាក់ថា លោក Zhang Ruijin ស្ថិត​ក្នុង​ចំណោម​បុគ្គល​បី​នាក់​ដែល​ត្រូវ​បាន​និរទេស​មក​ប្រទេស​កម្ពុជា​ពី​ប្រទេស​សិង្ហបុរី​ពាក់ព័ន្ធ​នឹង​ករណី​លាង​លុយ​កខ្វក់​ចំនួន ៣ ពាន់​លាន​ដុល្លារ។ 

រួម​ជា​មួយនឹង Chen Qingyuan និង Lin Baoying លោក Zhang Ruijin ត្រូវ​បាន​និរទេស​នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៤ បន្ទាប់ពី​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​​ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​លាង​លុយកខ្វក់។ 

លោក Zhang ​ត្រូវ​បាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​ប្រហែល ១១៨​ លាន​ដុល្លារ​ជា​ផ្នែក​នៃ​សំណុំ​រឿង​ខាងលើ៕