ភ្នំពេញៈ ម្ចាស់​អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន និង​ក្រុមហ៊ុន​ចែក​ចាយ​ស្រាបៀរ និង​គ្រឿង​ស្រវឹង ​ក្នុង​ខេត្ត​ក្រចេះ​ត្រូវ​បាន​ណែនាំ​ឱ្យ​រុះរើ​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ និង​គ្រឿង​ស្រវឹង​ចេញ​ក្នុង​រយៈពេល ១៥ថ្ងៃ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់ និង​ចូលរួម​កាត់​បន្ថយ​ការ​សេពគ្រឿង​ស្រវឹង។

រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ក្រុង និង​ស្រុក​ទាំងអស់​ទូទាំង​ខេត្ត ឱ្យ​ជូន​ដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​ឱ្យ​រុះរើ​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ក្នុង​រយៈពេល ១៥ថ្ងៃ។ ប៉ុន្តែ​ចំពោះ​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​ណា​ដែល​មាន​លិខិត​អនុញ្ញាត ត្រូវ​ធ្វើការ​រុះរើ​រហូត​ដល់​ផុត​សុពលភាព។ នេះ​បើ​យោង​តាម​លោក ម៉ែន វណ្ណា នាយក​រដ្ឋបាល​ខេត្ត​ក្រចេះ។ 

លោក​បញ្ជាក់​ថា៖ «អ្នក​ដែល​អត់ច្បាប់ យើង​ជូន​ដំណឹង​គាត់​ហើយ យើង​រុះរើ ប៉ុន្តែ​អ្នក​ដែល​មាន​ច្បាប់​ឱ្យ​ចប់​សុពលភាព​នៃ​ការ​សុំ​ច្បាប់​សិន នឹង​ឱ្យ​រុះរើ​ដែរ។ យើង​មិន​បន្ត​សុពលភាព​ឱ្យ​គាត់​ទៀត​ទេ»។ 

លោក​បាន​បន្តថា អ្នក​ដែល​បាន​ស្នើសុំ​តាម​និតីវិធី​ច្បាប់​នា​ពេល​កន្លងមក​បាន​បង់ពន្ធ​ទៅតាម​ទំហំ​ផ្ទាំង​ប៉ាណូ។ 

រដ្ឋបាល​ក្រុង​ក្រចេះ​ ស្រុកឆ្លូង និង​ស្រុក​សំបូរ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ពី​ការ​រុះរើ​នេះ​រួចហើយ​កាលពី​ថ្ងៃ​ទី​១៦ និង ១៧ ខែ​កក្កដា​នេះ។ 

រដ្ឋបាល​ក្រុង​ក្រចេះ​បាន​សង្កេត​ឃើញ​ថា មាន​ការ​ដំឡើង​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ស្រាបៀរ​ជាច្រើន និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​តាម​បណ្តោយ​ផ្លូវ និង ចិញ្ចើម​ផ្លូវ​សាធារណៈនានា​ដែល​ធ្វើឱ្យ​បាត់បង់​នូវ​សោភ័ណភាព សេចក្តី​ថ្លៃថ្នូរ របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ។

សេចក្តី​ជូន​ដំណឹង​សរសេរ​ថា៖ «ដើម្បី​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ និង​ចូលរួម​កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង ការ​កាត់​បន្ថយ​អំពើ​ហិង្សា​ព្រម​ទាំង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង ជា​ពិសេស​ដើម្បី​រួម​ចំណែក​លើក​កម្ពស់ កិត្យានុភាព សេចក្តី​ថ្លៃថ្នូរ និង​រក្សា​បាន​សោភ័ណភាព រដ្ឋបាល​ក្រុង​ក្រចេះ​ស្នើសុំ​ម្ចាស់​អាជីវកម្ម ក្រុមហ៊ុន​ចែកចាយ​ស្រាបៀរ និង គ្រឿង​ស្រវឹង​ទាំងអស់​ដែល​បាន​ដាក់​តាំង​ប៉ាណូ​ផ្សព្វផ្សាយ​នៅ​តាម​ផ្លូវ​សាធារណៈ ត្រូវ​ធ្វើការ​រុះរើ​ចេញ​ជា​បន្ទាន់​ក្នុង​រយៈពេល ១៥ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ»។

ចំពោះ​ក្រុមហ៊ុន​ស្រាបៀរ ដែល​មាន​លិខិត​អនុញ្ញាត​ត្រូវ​រុះរើ​ចេញ​ពេល​ផុត​សុពលភាព។ ក្នុង​ករណី​ផុត​កាល​បរិច្ឆេទ​កំណត់ គ្រប់​ម្ចាស់​អាជីវកម្ម​ក្រុមហ៊ុន​ចែកចាយ​ស្រាបៀរ និង​គ្រឿង​ស្រវឹង​ទាំង​អស់ពុំ​ព្រម​ធ្វើ​ការ​រុះ​រើ​តាម​សេចក្តី​ជូន​ដំណឹង​នេះ រដ្ឋបាល​ក្រុង​ក្រចេះនឹង​ចាត់​វិធានការ​តាម​នីតិវិធី​រដ្ឋបាល​ធ្វើការ​រុះ​រើ​ដោយ​មិន​ទទួល​ខុស​ឱ្យ​ត្រូវ​រាល់​ការ​ខូចខាត និង​បាត់បង់​សម្ភារៈ​ទាំង​នោះ​ឡើយ។ រីឯ​ការ​ចំណាយ​ផ្សេងៗ​ជា​បន្ទុក របស់​ម្ចាស់​អាជីវកម្ម ឬ​ក្រុមហ៊ុន។

លោក​ មុំ គង់ ​ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​យល់​ឃើញ​ថា ការ​ផ្តួច​ផ្តើម​ឱ្យ​មាន​ការ​រុះរើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​នេះ​គឺជា​ការ​មួយ​ល្អ​ណាស់។ វិធានការ​នេះ​ជួយ​កាត់​បន្ថយ​នូវ​ភាព​ទាក់​ទាញ​ឱ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ក្នុង​ចំណោម​យុវជន ក៏​ដូចជា កុមារ ហើយ​ការ​ប្រើ​ប្រាស់​នេះ​ នាំ​ឱ្យ​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ទៅ​ដល់​សង្គមជាតិ​ទាំងមូល។

លោកក៏​បាន​សង្កេត​ឃើញ​ផង​ដែរ​ថា ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ក៏​មាន​ផងដែរ​នៅ​តាម​វិទ្យុ ទូរទស្សន៍ ការ​ប្រគុំ​តន្រ្តី និង​តាម​បណ្តាញ​សង្គម​ជាដើម។ 

លោក​មាន​ប្រសសន៍​ថា៖ «ដើម្បី​ឱ្យ​លទ្ធផល​កាន់​តែ​ល្អ​ទៀត ខ្ញុំ​គិត​ថា ការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ហ្នឹង​គួរ​តែ​ធ្វើ​ព្រម​គ្នា​តាម​គ្រប់​មធ្យោបាយ​តែម្តង ដោយ​ហាម​ទាំង​លើ​ផ្ទាំង​ប៉ាណូ ការ​ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍​ជាដើម»។ 

លោក​បាន​បន្ថែម​ថា ការ​ហាមឃាត់​ការ​ផ្សាយ​ទាំង​នោះ នឹង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បង្ក​ពី​ផឹក​គ្រឿង​ស្រវឹង​ថយ​ចុះ ហើយ​យុវជន​ដែល​ជា​មូលធន​មនុស្ស​សម្រាប់​កសាង​ប្រទេស​ជាតិ​នឹង​មាន​សុខភាព​ល្អ និង​សតិបញ្ញា​ល្អ​ប្រសើរ​ជាង​មុន។

ក្រចេះ​ជា​ខេត្ត​ទី ២ ហើយ បន្ទាប់​ពី​ខេត្តតាកែវ ដែល​បាន​កំពុង​តែ​ធ្វើ​ការ​រុះ​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ និង​គ្រឿង​ស្រវឹង​ចេញ។ ក្រៅ​ពី​នោះ ខេត្ត​បាត់ដំបង​ក៏​កំពុង​តែ​ដាក់​ឱ្យ​ដំណើរការ​គម្រោង​សាកល្បង មិន​ដាក់​លក់​គ្រឿង​ស្រវឹង និង​បារី​ដល់​សិស្សានុសិស្ស ឬ​មនុស្ស​ក្រោម​អាយុ ១៨​ឆ្នាំ​ផង​ដែរ នៅក្នុង​ក្រុង​បាត់ដំបង និង​ស្រុក​បរវេល។ គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​ខេត្ត​បាត់ដំបង ក្លាយ​ជា​ខេត្ត​ដំបូង​គេ មិន​លក់​គ្រឿង​ស្រវឹង និង​បារី​ដល់​មនុស្ស អាយុ​ក្រោម ១៨​ឆ្នាំ។

គម្រោង​សាកល្បង​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​អង្គការ Great Peace Cambodia ដែល​មាន​ការ​គាំទ្រ​ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង។ គម្រោងនេះ កំពុង​តែ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​តាម​សាលា​មធ្យម​សិក្សា​ ៥​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​ស្រុក​បវេល ដោយ​ហាង​លក់​ដូរ​នៅ​ក្បែរ​សាលារៀន បាន​ស្ម័គ្រ​មិន​លក់​គ្រឿង​ស្រវឹង និង​បារី ដល់​សិស្សានុសិស្ស ឬ​មនុស្ស​ដែល​មាន​អាយុ​ក្រោម ១៨ឆ្នាំ។

រដ្ឋបាល​ខេត្ត​បាន​លើក​ឡើង​ថា៖ «ការ​ឆាប់​ប្រឡូក​ផឹក​គ្រឿងស្រវឹង ដោយសារ​តែ​ពួកគាត់​គិត​ថា ការ​ផឹក​គ្រឿង​ស្រវឹង​គឺ​ជា​រឿង​ធម្មតា ទាំង​ក្នុង​កម្មវិធី​ទទួល​បាន​ជោគជ័យ​ពេល​សប្បាយ​ចិត្ត និង​ពេល​ពិបាក​ចិត្ត​ផងដែរ»។

ក្រៅពី​នោះ ក៏​នៅ​មាន​កត្តា​ផ្សេងៗ​ទៀត​ដែរ ដូចជា ការ​ផឹកស៊ី​មិន​លាក់​បាំង ជា​ចំហ​នៅ​មុខ​កុមារ និង​ការ​ប្រើ​ប្រាស់​កុមារ​ឱ្យ​ទៅទិ​ញ​សុរា កត្តាសង្គម ដូចជា ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំទូលាយ នៅ​គ្រប់​ទី​កន្លែង និង​ការ​ចង់​សាក​ចង់​ដឹង​របស់​យុវជន​ផ្ទាល់ ស្រប​ពេល​ដែល​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​កំណត់​អាយុ​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ឡើយ។ ការ​ឆាប់​ផឹក​ស្រា​នៅ​អាយុ​ក្មេង​ពេក​អាច​បណ្តាល​ឱ្យ​ខូច​ថ្លើម ប៉ះពាល់​ដល់​ខួរ​ក្បាល និង សរសៃ​ប្រសាទ​ជាដើម ដែល​បញ្ហា​ទាំងអស់​នេះ​មិន​អាច​ជួស​ជុល​បាន​សម្រាប់​មនុស្ស​ក្មេងៗ៕