ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​នៃ​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត​មួយ​ចំនួន​និង​មន្ត្រី​ឃុំ​សង្កាត់​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី ​និង​ភាព​រញ៉េរញ៉ៃ​ក្នុង​ការ​ដេញ​ថ្លៃ​គម្រោង​អភិវឌ្ឍ​ឃុំ​សង្កាត់។

លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃទី១៦ ខែ​កក្កដា​នេះ​ថា ក្រសួង​មហា​ផ្ទៃ​បាន​កាត់​សម្គាល់​ឃើញ​មាន​ភាព​មិន​ប្រក្រតី​កំពុង​កើត​មាន​ឡើង​ពាក់​ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង​មូលនិធិឃុំ​សង្កាត់។ ភាព​មិន​ប្រក្រតដី​នេះ​បណ្តាល​មក​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ និង​ភាព​ទន់​ខ្សោយ​នៃ​ការ​គ្រប់​គ្រង ​ចាត់​ចែង​ក្នុង​កិច្ច​ដំណើរ​ការ​អនុវត្ត​គម្រោង​មិន ដោយសារតែ​មិន​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ បែបបទ និង​នីតិវិធី​នានា​ដែល​បាន​កំណត់។

លោក​ថា ក្រសួងមហាផ្ទៃ បាន​ទទួល​ពាក្យ​បណ្តឹង ឬ​ពាក្យ​ស្នើសុំ​ជួយ​អន្តរាគមន៍​ជាញឹក​ញាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​នៃ​ទីចាត់ការ​ផែនការ​និង​វិនិយោគ​រាជធានី​ឬ​ខេត្ត​មួយ​ចំនួន​ចំពោះ​ការអនុវត្ត​គម្រោង​មូលនិធិឃុំ​សង្កាត់​ ដូចជា ការរៀបចំ​បញ្ជី​ឈ្មោះ​អ្នក​ទទួលការ​ (អ្នក​ដេញ​ថ្លៃ​បាន) ប្រចាំ​ឆ្នាំ​មិន​មាន​តម្លាភាព ការ​ដេញ​ថ្លៃ​មិន​បាន​ប្រកាស​ជូន​ដំណឹង​ជា​សាធារណៈ​ ការ​ចុះ​អនុវត្ត​គម្រោង​មុន​ការ​ដេញ​ថ្លៃ ​ការ​ពន្យារ​ការ​ដេញ​ថ្លៃ​ដោយ​មិន​បាន​កំណត់​នូវ​កាល​បរិច្ឆេទ​និង​ពេល​វេលា​ច្បាស់​លាស់​នៃ​ការ​ដេញ​ថ្លៃ​បន្ទាប់​ និង​ការ​អនុវត្ត​គម្រោង​របស់​អ្នក​ទទួល​ការ​មិន​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ជាដើម។

ក្រៅពី​ភាព​មិន​ប្រក្រតី ការ​ដេញថ្លៃ​នៅ​ឃុំ​សង្កាត់​មួយ​ចំនួន​ក៏​មាន​ភាព​រញ៉េរញ៉ៃ ច្រងេង​ច្រងាង គ្មាន​សណ្តាប់​ធ្នាប់​នៅ​ក្នុង​កិច្ចប្រជុំ​ដេញ​ថ្លៃ​ផងដែរ។ នេះ​បើ​តាម​លិខិត​ដដែល។

ដើម្បី​លុបបំបាត់​ភាព​មិន​ប្រក្រតី លោក​ ស សុខា ណែនាំ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ធ្វើការ​ណែនាំ​បន្ត​ដល់​ទីចាត់ការ​ផែនការ​វិនិយោគ​និង​រដ្ឋបាល​ឃុំ​សង្កាត់​ឱ្យ​ប្រកាស​ជូន​ដំណឹង​ស្តី​ពី​ការ​ដេញ​ថ្លៃ​គម្រោង​មូល​និធិឃុំ​សង្កាត់​ជាសាធារណៈ ​នៅ​លើក្តារ​ព័ត៌មាន​របស់​សាលាឃុំ​សង្កាត់ សាលាក្រុង​ សាលា​ខេត្ត និង​នៅ​លើ​គេហទំព័រ​របស់​លេខា​ធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប.)។

លើស​ពីនេះ​ទៀត មន្ត្រី​ទីចាត់ការ​ផែនការ​វិនិយោគ​និង​រដ្ឋបាល​ឃុំ​សង្កាត់​ត្រូវ​អនុវត្ត​តាម​សៀវភៅ​ណែនាំ​ស្តីពី​ការអនុវត្ត​គម្រោង​មូលនិធិឃុំ​សង្កាត់ ត្រូវ​ពង្រឹង​ការរៀប​ចំទុក​ដាក់​ឯកសារ​សំណើ​គម្រោង និង​ឯកសារ​កិច្ច​សន្យា​គម្រោង​ឱ្យ​បាន​ ត្រឹម​ត្រូវ។

លោក ស សុខា បញ្ជាក់​ថា៖ «ត្រូវ​ពង្រឹង​ការតាមដាន​និង​ការ​ត្រួត​ពិនិត្យ​គុណភាព​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ដើម្បី​ធានា​ថា​ការ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​ត្រូវ​បាន​អនុវត្ត​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ជា​ធរមាន»។

លោក​ព្រមាន​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​រាជការ សមាជិក​ក្រុមប្រឹក្សា ឬ​ស្មៀន​ឃុំ ក៏ដូចជា​អ្នក​ទទួល​ការ​ដែល​មិន​គោរព​តាម​តួនាទី ឬ​ជាប់​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ ការ​គប់គិត ក្លែង​បន្លំ​ បង្ខិត​បង្ខំ ឬ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​គម្រោង​ទាំង​នោះ។​

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ មាន​ភាព​រញ៉េរញ៉ៃ​មួយ​កើត​ឡើង​នៅ​ឃុំ​ខ្នា ស ស្រុក​ស្រីសន្ធ​ ខេត្ត​កំពង់ចាម ដោយ​ក្រុម​អ្នក​ដេញ​ថ្លៃ​ជាង​២០​នាក់​បាន​ប្រជ្រៀត​គ្នា​ដណ្ដើម​ដាក់​ឯកសារ​ដេញថ្លៃ​គម្រោង​អភិវឌ្ឍ​ឃុំ។

សារព័ត៌មាន​មួយ​ចំនួន​ក៏​បាន​ចុះផ្សាយ​ដែរ​ថា នៅ​ឃុំ​ឈូកខ្សាច់​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ក៏​កើត​មាន​ភាព​មិនប្រក្រតី​ដោយ​សារ​តែ​ផ្លូវ​មួយ​ខ្សែ​នៅ​ក្នុង​ឃុំ ត្រូវ​បាន​សាងសង់​មុន​ពេល​ដាក់​ដេញ​ថ្លៃ​សាងសង់។

កាល​ពី​ឆ្នាំ ២០២៣ ក៏​មាន​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ដេញ​ថ្លៃ​គម្រោង​សាង​សង់​ផ្លូវ​នៅ​ឃុំ​ស្វាយយា ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង។ បើ​តាម​ការ​ការចុះផ្សាយ​ ការដេញថ្លៃ​​មិន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ឃុំ​ទេ ប៉ុន្តែ​មាន​ការ​ចរចា​គ្នា​នៅ​ខាង​ក្រោយ​សាលា​ឃុំ។

ថវិការ​សម្រាប់​អភិវឌ្ឍ​ឃុំ​សង្កាត់​ឆ្នាំ​២០៤ មាន​ទំហំ​ ៤១០​លាន​រៀល ឬ ១០១.០០០​ដុល្លារ​អាមេរិក​ កើន​ឡើង ១៤,៥ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៣។ ប៉ុន្តែ បើ​បូក​ទាំង​ការ​ឧត្ថម្ភ​មូលនិធិ​អភិវឌ្ឍ​ឃុំសង្កាត់​នោះ ឃុំ​សង្កាត់​នីមួយៗ​ទទួល​បាន​ថវិកា​សរុប ៧៦៣លាន​រៀល ឬ ១៨៨.៣០០​ដុល្លារ។

លោក យ៉ង់ គឹមអេង ​ប្រធានមជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ថ្លែង​ថា ការ​ដេញ​ថ្លៃ​ខ្លះ​នៅ​ឃុំ​សង្កាត់​មួយ​ចំនួន​មាន​ពាក់​ព័ន្ធ​នឹង​ខ្សែស្រឡាយ​រវាង​មន្ត្រី និង​អ្នក​ដេញថ្លៃ ដែល​ធ្វើ​ឲ្យ​បាត់​បង់​តម្លាភាព។

លោក​ថា ការ​ពង្រឹង​ការ​គ្រប់គ្រង​លើ​គម្រោង​អភិវឌ្ឍ​ឃុំសង្កាត់​ពិត​ជា​សំខាន់​ណាស់ ព្រោះ​ការ​អនុវត្ត​គម្រោង​ប្រកប​ដោយ​តម្លា​ភាព អាច​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ។

លោក​ថា ការ​អភិវឌ្ឍ​គម្រោង​នៅ​ឃុំសង្កាត់​គួរ​ចៀសវា​ការ​អភិវឌ្ឍ​តែ​កន្លែង​ណា​ដែល​ចាំ​បាច់​សម្រាប់​អ្នក​លុយ​ឬ​មាន​អំណាច ខណៈ​ដែល​តំបន់​ដែល​ពលរដ្ឋ​ត្រូវ​ការ​ជាក់​ស្ដែង​បែរ​ជា​មិន​មាន​ការ​អភិវឌ្ឍ។

លោក​និយាយ​ថា៖ «ដូច្នេះ​ការ​ពង្រឹង​របស់​ក្រសួង​មហាផ្ទៃ​នេះ​ជារឿង​មួយ​ល្អ ប៉ុន្តែ ក្រសួង​មិន​ត្រូវ​ពង្រឹង​តែ​គម្រោង​នៅ​ក្រោម​មូលនិធិឃុំ​ទេ គឺ​ត្រូវ​ពង្រឹង​ទាំង​គម្រោង​របស់​ស្រុក ខេត្ត ធ្វើ​ម៉េច​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ដូចគ្នា​ដែរ។ មិន​អាច​ពង្រឹង​តែ​នៅ​ថ្នាក់​ឃុំ​ទេ»៕