ភ្នំពេញៈ ពិធី​ប្រសិទ្ធ​នាម​ឈ្មោះ​ផ្លូវ «មហាវិថី ស៊ី ជីនពីង»  ដែល​ជា​ឈ្មោះ​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន នឹង​ត្រូវ​បាន​រៀបចំ​នៅ​ថ្ងៃទី​១៩ ខែ​កក្កដា ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ទីតាំង​រង្វង់​មូល​មហាវិថី​ឈ្នះ ឈ្នះ ខាង​ត្បូង​នៃ​ស្ពាន​អាកាស​ផ្លូវ​ជាតិ​លេខ៤ ស្ថិត​ក្នុង​ភូមិ​ជម្ពូវ័ន្ត​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​ថា អាជ្ញាធរ​នឹង​ធ្វើ​ការ​បញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​នេះ ដោយ​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថី ស៊ី ជីនពីង ចាប់ពី​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​ជាតិ​លេខ​៤ បត់​ទៅ​ខាង​ត្បូង​តាម​មហាវិថី ឈ្នះ ឈ្នះ ដល់​រង្វង់​មូល​ខាង​ត្បូង​នៃ​ស្ពាន​អាកាស​ផ្លូវ​ជាតិ​លេខ​៤ បន្ត​រហូត​ដល់​ផ្លូវ​បំបែក​ផ្លូវ​ល្បឿន​លឿន ចាប់​ពី​ម៉ោង​៥​ព្រឹក​រហូត​ដល់​ចប់​កម្មវិធី។ 

សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ការ​បញ្ចៀស​ចរាចរ​នេះ​ដើម្បី​ឱ្យ​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍។

សេចក្តី​ជូន​ដំណឹង​ថ្ងៃទី​១៧ កក្កដា បញ្ជាក់​ថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ខាង​លើ​មេត្តា​ជ្រាប យោគយល់​ អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ពិធី​តាម​កាលបរិច្ឆេទ​ខាងលើ​ដោយ​អនុគ្រោះ។ ផុត​រយៈពេល​ហាមឃាត់​បណ្ដោះ​អាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជា​ធម្មតា​វិញ»។

កំណាត់​ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ទី៣​ត្រូវ​បាន​ដាក់​ឈ្មោះ​ជា «មហាវិថី ស៊ី ជីនពីង» ​មាន​ប្រវែង​ជិត៥៣​គីឡូម៉ែត្រ​ ដែល​​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ៤ ក្នុង​សង្កាត់​ចោមចៅ​៣ រាជធានី​ភ្នំពេញ ដល់​ផ្លូវជាតិ​លេខ១ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

លោក Wang Wenbin ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី បាន​សរសេរ​នៅ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី​៦ កក្កដា ថា៖ «ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង ដែល​បាន​ឆ្លងកាត់​មហាវិថី​ស៊ីជីនពីង មហាវិថី សម្ដេច​តេជោ ហ៊ុន សែន មហាវិថី​ព្រះសីហនុ មហាវិថី​ម៉ៅសេទុង និង​ទៅ​ដល់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា»។ 

លោក​សរសេរ​ថា៖ «​ខ្ញុំ និង​សហការ​ជាមួយ​មិត្តភក្ដិ​មកពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បន្ត​មរតក​នៃ​ចំណង​មិត្តភាព​រវាង​ចិន-កម្ពុជា ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្ដល់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក ​ឱ្យ​ទទួល​បាន​នូវ​សមិទ្ធផល​ផ្លែផ្កា​កាន់​តែ​ច្រើន និង​ផ្តល់​ប្រយោជន៍​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ»៕