ព្រះ​សីហនុ៖ ចាប់​តាំង​ពី​ការ​បង្កើត​ឡើង​នៅ​ក្នុង​ខែមេសា ឆ្នាំ២០១២ មក មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ (MARDeC) បាន​ឈាន​មុខ​គេ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​វារីវប្បកម្ម​នៅ​កម្ពុជា។

ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការវិនិយោគ​ចំនួន ១០ លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិជប៉ុន (JICA) មជ្ឈមណ្ឌល​​ MARDeC ជួយ​ដល់​បញ្ហា​​សន្តិសុខ​ស្បៀង ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​អនុវត្ត​ប្រកបដោយ​និរន្តរភាព តាមរយៈ​ការ​ស្រាវជ្រាវ​ដ៏​ទំនើប និង​កិច្ច​សហការ​អន្តរជាតិ​។​

មជ្ឈមណ្ឌល MARDeC ​ជា​កន្លែង​ភ្ញាស់​ត្រី​សមុទ្រ​តែ​មួយគត់​របស់​កម្ពុជា​ដែល​បំពាក់​ដោយ​មន្ទីរពិសោធន៍​សម្រាប់​ការវិភាគ​សុខភាព​មច្ឆា​ ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ដោះស្រាយ​គម្លាត​បច្ចេកវិទ្យា​របស់​ប្រទេស​ក្នុងការ​ចិញ្ចឹម​វារីវប្បកម្ម​សមុទ្រ និង​ការ​ផ្គត់ផ្គង់​ពូជ​សមុទ្រ​ដែល​មាន​គុណភាព។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​មកពី ២១ ស្ថាប័ន ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​សារព័ត៌មាន បាន​និយាយ​កាលពី​ថ្ងៃទី ១៧ ខែ​កក្កដា នៅ​មជ្ឈមណ្ឌល​​ MARDeC ​​បាន​និយាយ​ថា មណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៌​វារីវប្បកម្ម​សមុទ្រកម្ពុជា​នេះ បាន​បំពាក់​បំប៉ន​នូវ​បច្ចេកទេស​ ចំណេះ​ជំនាញ ​​ដល់​វារីវប្បករ​នូវ​ការ​ចិញ្ចឹមពូជ​​ត្រី​ទាំង​ទឹក​សាប និង​ទឹក​ប្រៃ​ប្រកប​ដោយ​គុណភាព និង​និរន្ដរភាព​ធនធាន​ជលផល​នៅក្នុង​ធម្មជាតិ​។

កញ្ញា​បាន​ឱ្យ​ដឹងថា​៖ «​យើង​ដឹង​ថា បើទោះបីជា​ធនធាន​ជល​ផល​នៅ​ក្នុង​ធម្មជាតិ​ត្រូវបាន​ប្រសួង​ប្រកាស​អំពី​កំណើន​នៅ​ឆ្នាំ​នេះ​យ៉ាង​ណាក៏ដោយ ក៏​បើសិន​ជា​មិន​មាន​ការ​ចិញ្ចឹម​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ត្រី​នៅលើ​ទីផ្សារ​ទេ វា​នឹងអាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ ដោយសារ​ចំនួន​ប្រជាពលរដ្ឋ​មាន​ការ​កើនឡើង​ ខណៈ​តម្រូវការ​ត្រី​នៅលើ​ទីផ្សារ​មាន​ការ​កើនឡើង​»។

កញ្ញា រចនា បាន​និយាយថា ការងារ​វារីវប្បកម្ម​នេះ​ពិត​ជា​សំខាន់​ណាស់ ដែលធានា​ថា ការ​ផ្គង់​ផ្គង់ និង​តម្រូវ​ការ​អាច​សមតុល្យគ្នា និង​អាច​ថែរក្សា​នូវ​និរន្ដរភាព​ធនធាន​ធម្មជាតិ​។

លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម​ខេត្ដ​ព្រះ​សីហនុ បាន​និយាយថា ខេត្ដ​ព្រះសីហនុ​មាន​សក្ដានុពល​ផ្នែក​ជលផល ដូចជា ការ​នេសាទ និង​វារីវប្បកម្ម​។

លោក​បាន​ឱ្យ​ដឹងថា ​វារីវប្បកម្មដើរតួនាទី​កាន់តែ​សំខាន់​ ដែល​នាំ​ឱ្យ​មាន​មជ្ឈមណ្ឌល​វារីវប្បកម្ម​នេះសម្រាប់​ផលិត​កូន​ត្រី ដោយ​មិន​ចាំ​បាច់​នាំ​ចូល​ពូជ​ត្រី​ពី​ប្រទេស​ជិត​ខាង​នោះទេ។

លោក​បាន​ថ្លែង​ថា​៖ «​មន្ទីរ​កសិកម្ម​ខេត្ដ​បាន​ទាក់ទង​មជ្ឈមណ្ឌល​ដើម្បី​សម្រប​សម្រួល​ឱ្យ​កសិករ​ទិញ​ត្រី​ឆ្ពង់យក​ទៅ​ចិញ្ចឹម​តាម​សហគមន៍​នីមួយៗ​ក្នុង​ខេត្ដ​ព្រះសីហនុ​។ អ្នក​ជំនាញ​ពី​ខាង​មជ្ឈមណ្ឌល​ដល់​ជួយ​លើកិច្ចការ​ព្យាបាល​ត្រីជូន​ពួកគាត់​ថែម​ទៀត»។

បុគ្គលិកមជ្ឈមណ្ឌល MARDeC បង្ហាញ​ពូជ​ត្រី​ធំៗ ដែល​ជា​សមទ្ធិផល​របស់​ខ្លួន។

ដោយ​ផ្តោតលើ​ការអភិវឌ្ឍន៍​បច្ចេកទេស​ផលិត​ពូជ​វារីវប្បកម្ម​សមុទ្រ មជ្ឈមណ្ឌល MARDeC បាន​បង្កាត់​ពូជ​ត្រី​ស្ពង់​ ៥​ម៉ឺន​ក្បាល​​ក្នុង​មួយឆ្នាំ លក់​ក្នុងតម្លៃ ១​ពាន់​រៀល​​​មួយ​ក្បាល ជាមួយនឹង​ការបញ្ចុះ​តម្លៃ ៥០ភាគ​រយ​ សម្រាប់​ការទិញ​ជា​ប្រយោជន៍​សហគមន៍​។​

លោក ម៉ម សុខតារា​ ប្រធាន​មជ្ឈមណ្ឌល​ បាន​ឱ្យដឹង​ថា៖ «​សព្វថ្ងៃនេះ មជ្ឈមណ្ឌល​​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​ជលផល ដែល​ប្រជាជន​កម្ពុជា​ប្រមាណ ៤ លាន​នាក់ ឬ ៣០ភាគរយ​នៃ​ចំនួន​ប្រជាជន ពឹង​ផ្អែកលើ​ការចិញ្ចឹម​ជីវិត​របស់​ពួកគេ»។​

លោកបាន​និយាយ​​ថា មជ្ឈមណ្ឌលបាន​ព្រលែង​ក្ដាម​សេះ​ប្រមាណ ១លាន​ក្បាល​ទៅក្នុង​សមុទ្រ​ ហើយ​ថ្មីៗ​នេះ​បានចាប់ផ្តើម​បង្កាត់​ពូជ​ក្តាមថ្ម​ថែម​ទៀត​។​

លោក សុខតារា​ បាន​បន្ដ​ថា៖ «​បេសកកម្ម​របស់​យើង​គឺ​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​ឆ្នេរ និង​ជំរុញ​ផលិតកម្ម​នេសាទ​សមុទ្រ តាមរយៈ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ»​។​

ការស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​របស់​មជ្ឈមណ្ឌល MARDeC គ្របដណ្តប់​លើ​ការគ្រប់គ្រងគុណភាព​​ទឹក និង​ចំណី ការផលិត​គ្រាប់ពូជ និង​ព្យាបាល​ជំងឺ​ត្រី​​។​

តាមរយៈ​ការបង្កើត និង​ចែករំលែក​កម្មវិធី​បណ្តុះ​បណ្តាល ក៏ដូចជា​​បទពិសោធន៍ មជ្ឈមណ្ឌល MARDeC កំពុង​កំណត់​ស្តង់ដា​ថ្មី​នៅក្នុង​ឧស្សាហ​កម្មនេះ​។​

លោក សុខតារា បាន​និយាយថា៖ «​ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍ គឺជា​ស្នូល​នៃប្រតិបត្តិ​ការ​របស់​យើង​។ យើង​ប្តេជ្ញា​ជំរុញ​បច្ចេកវិទ្យា​វារីវប្បកម្ម​សមុទ្រ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ទាំង​សេដ្ឋកិច្ច និង​បរិស្ថាន»។​

លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ​ប្រធាន​ទីប្រឹក្សាបច្ចេកទេស​របស់អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការសហប្រជាជាតិ UNIDO បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​វារីវប្បកម្ម​ក្នុងការ​បំពេញតម្រូវកា​រ​ត្រី​របស់​កម្ពុជា​។​

លោក​និយាយ​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ផលិត​ត្រី​ប្រមាណ​១​លាន​តោន​។ ប៉ុន្តែ​វារីវប្បកម្មផលិតបានប្រមាណ ៤០ភាគរយ​។​

លោក ថមបាធូ បានឱ្យ​ដឹងថា ​និន្នាការ​ដូចគ្នា​នៅក្នុង​ពិភពលោក​។ នៅក្នុង​ពិភពលោក ជលផល​ ៥ភាគរយ​ គឺជា​ការ​ធ្វើ​នេសាទ និង ៥០​ភាគរយ​ទៀត​វារី​វប្បកម្ម​​។ នៅ​កម្ពុជា ៥០ភាគរយ​នៃ ១​លានតោន​ បាន​​មកពី​បឹង​ទន្លេសាប និង​សមុទ្រ​​​។​

លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ (អាវស្វាយ) ​ប្រធាន​ទីប្រឹក្សាបច្ចេកទេស​របស់អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការសហប្រជាជាតិ UNIDO បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​វារីវប្បកម្ម​ក្នុងការ​បំពេញតម្រូវកា​រ​ត្រី​របស់​កម្ពុជា​។​ រូបថត សហការី

លោក​បានថ្លែង​ថា​៖ «​នៅ​កម្ពុជា ប្រជាជនម្នាក់​ ​​ហូប​ត្រីជាង ​៥០​គីឡូក្រាម​ក្នុង​១​ឆ្នាំ​ ចំណែកប្រជាជន​នៅ​​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​ហូប​តែ​ ១៧​គីឡូក្រាម ហើយ​​នៅ​អឺរ៉ុប​ប្រហែល​១៧​គីឡូក្រាម ឬ​១៨​គីឡូក្រាម​។ ដូច្នេះ យើង​ត្រូវការ​ត្រី​បន្ថែមទៀត ហើយ​ធ្វើ​ម៉េច​បាន​ត្រី​ច្រើន​? នេះ​ជា​អ្វីដែល​យើង​ត្រូវ​ការ​​វារីវប្បកម្ម​»​។​

លោក​បាន​បន្ដ​ថា​៖ «​នោះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​នៅទីនេះ​។ តើ​យើង​អាច​ភ្ជាប់​​​វារីវប្បកម្ម​ដោយ​របៀប​ណា​? តើ​យើង​អាច​ផ្តល់​វត្ថុធាតុដើម​បន្ថែម​ដោយ​របៀប​ណា​? តើ​យើង​អាច​ផ្តល់នូវ​វត្ថុធាតុដើម​មានគុណ​ភាព​បន្ថែមទៀត​ដោយ​របៀប​ណា​? ដូច្នេះ​យើង​អាចធ្វើឱ្យ​​ប្រសើរឡើង​នូវ​សន្តិសុខ​ស្បៀង និង​ពាណិជ្ជកម្ម​ផងដែរ​»​។​

គំនិត​ផ្តួចផ្តើម​របស់​មជ្ឈមណ្ឌល​នេះ​ជះ​ឥទ្ធិពល​​យ៉ាង​ទូលំទូលាយ​លើ​សហគមន៍​មូលដ្ឋាន និង​បរិស្ថាន​។ តាមរយៈ​ការផ្តល់ពូជ​មច្ឆា​សមុទ្រ​ដែលមាន​តម្លៃ​សមរម្យ និង​ព្រលែង​ក្ដាម​សេះ​​ទៅក្នុង​សមុទ្រ មជ្ឈមណ្ឌល MARDeC លើកកម្ពស់​ការអនុវត្ត​ប្រកបដោយ​និរន្តរភាព និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅក្នុង​តំបន់​។​

​លោក សុខ​តារា បាន​ពន្យល់ថា៖ «​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​យើង​ក្នុង​ការព្រលែង​ក្ដាម​សេះ​ និង​ការផ្តល់ជូន​ត្រី​ស្ពង់​ ដែល​លក់​បញ្ចុះតម្លៃ​ដល់​សហគមន៍ គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​និរន្តរភាព និង​ការគាំទ្រ​សេដ្ឋកិច្ច​ក្នុងស្រុក»។​

លោក​បាន​បញ្ជាក់ថា ពូជ​ត្រី​ទាំង​នោះ ត្រូវបាន​លក់​ឱ្យ​កសិករ​នៅតាម​បណ្ដាល​ខេត្ដ​នានា ដូចជា សៀមរាប បាត់ដំបង កណ្ដាល និង​ភ្នំពេញ​ជាដើម។

ភាពជោគជ័យ​របស់មជ្ឈមណ្ឌល​ MARDeC ត្រូវបានធ្វើ​ឡើង​ដោយមាន​សហការ​អន្តរជាតិ ជាពិសេស​ជាមួយ​គម្រោង JICA និង EU ដែល​ផ្តល់​មូលនិធិ​។​

​គម្រោង CO-SAVED ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប ​​អនុវត្ត​ដោយ Heifer និង Aid et Action ផ្គត់ផ្គង់​គ្រាប់ពូជ​ដល់​កសិករ និង​ផ្តល់ជំនួយ​បច្ចេកទេស​សម្រាប់​ការត្រួតពិនិត្យ​គុណភាព​ទឹក និង​ការការពារ​ជំងឺ​។​

បុគ្គលិកមជ្ឈមណ្ឌល MARDeC បង្ហាញ​ពូជ​ត្រី​ធំៗ ដែល​ជា​សមទ្ធិផល​របស់​ខ្លួន។

ភាពជា​ដៃគូ​នេះ​ក៏​ផ្តោតលើ​កន្លែង​ភ្ញាស់​ក្តាមសេះ​ និង​ការ​ព្រលែង​​សម្រាប់​ការបង្កើន​ធនធាន​ជលផល​ទៅ​កាន់​ធម្មជាតិ​​។​

លោក សុខ​តារា​ បាន​កត់សម្គាល់ថា៖​ «​ការគាំទ្រ​អន្តរជាតិ​មាន​សារៈសំខាន់​ណាស់​ចំពោះ​សមិទ្ធផល​របស់​យើង​។ កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ JICA និង​គម្រោង​ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​បានផ្តល់​ឱ្យ​យើង​នូវ​ធនធាន និង​ជំនាញ​ដែល​ត្រូវការ​ដើម្បី​ជំរុញ​បេសកកម្ម​របស់​យើង»។​

បន្ថែម​ពីលើ​សកម្មភាព​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់ខ្លួន មជ្ឈមណ្ឌល​ MARDeC ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បណ្តុះបណ្តាល​​វារីវប្បករ​ជំនាន់​ក្រោយ​។​

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​និស្សិត​សាកលវិទ្យាល័យ​ជា​មធ្យម​ពី ៥ ទៅ ១០ នាក់​ក្នុង​មួយឆ្នាំ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប​។​

លោក សុខតារា បាន​បន្ថែម​ថា៖ «​កម្មវិធី​បណ្តុះបណ្តាលរ​បស់​យើង​ធានាថា យើង​មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអនុវត្ត​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រៀបចំ​អ្នកដឹកនាំ​នាពេល​អនាគត​លើ​វារីវប្បកម្ម​សមុទ្រ​ផងដែរ​»។​

ខណៈពេលដែលមជ្ឈមណ្ឌល MARDeC មាន​ការវិវឌ្ឍ​គួរឱ្យកត់សម្គាល់ បញ្ហា​ប្រឈម​នៅតែមាន​។ ទាំងនេះ​រួមមាន​ការពង្រីក​បរិក្ខា​រ ការបន្ថែម​ពូជ​មច្ឆា​​ថ្មី​សម្រាប់​វារីវប្បកម្ម និង​ការបន្ត​ការច្នៃប្រឌិត​ក្នុងការ​ស្រាវជ្រាវ​។​

មជ្ឈមណ្ឌល​នេះ​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងនេះ និង​បង្កើន​អត្ថប្រយោជន៍​​ទៅលើ​ឧស្សាហកម្ម​វារីវប្បកម្ម​របស់​កម្ពុ​ជា​។​

លោក សុខតារា​ បាន​សន្និដ្ឋានថា៖ «​​សម្លឹង​ទៅមុខ យើង​មាន​គោលបំណង​ពង្រីក​គ្រឿង​បរិក្ខារ​របស់​យើង និង​ធ្វើ​ពិពិធ​កម្ម​ប្រភេទ​មច្ឆា។ គោលដៅ​របស់​យើង​គឺ​បន្ត​ជំរុញ​ការច្នៃប្រឌិត និង​និរន្តរភាព​នៃ​វារីវប្បកម្ម​សមុទ្រ»៕