ភ្នំពេញៈ សំបុក​ក្រពើ​ភ្នំ​សរុប​ចំនួន ៥​សំបុក មាន​ពង​សរុប​ចំនួន ១០៦​គ្រាប់ ដែល​ជា​ចំនួន​សំបុក​ពង​កូន​ច្រើន​បំផុត​មិន​ធ្លាប់​មាន ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​កន្លង​មកនេះ ត្រូវ​បាន​រក​ឃើញ​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​កន្លងមក។

ការ​រក​ឃើញ​នេះ គឺ​នៅ​ក្នុង​គម្រោង​អភិរក្ស​របស់​ក្រសួង​បរិស្ថាន រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អង្គការ​សត្វព្រៃ និង​រុក្ខជាតិ និង​សហគមន៍​មូលដ្ឋាន។ 

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​នេះ​បាន​សរសេរ​ថា៖ «សំបុក​ទាំង ៥​នោះ មាន​ពង​សរុប​ចំនួន ១០៦​គ្រាប់។ ក្នុង​នោះ​ពង​ដែល​មាន​លទ្ធភាព​បង្ក​កំណើត​មាន​ចំនួន ៦៦​គ្រាប់។ សំបុក​ទាំង​នោះ ត្រូវ​បាន​យាម​ការ​យ៉ាង​ម៉ត់​ចត់​ពី​មន្ត្រី​ឧទ្យានុរក្ស និង​សំណាក់​សហគមន៍​មូលដ្ឋាន។ ជា​លទ្ធផល កូន​ក្រពើ​ភ្នំ​សរុប​ចំនួន ៦០​ក្បាល ត្រូវ​ញាស់​ចេញ​ពី​សំបុក​ដោយ​ជោគ​ជ័យ​ក្នុង​ចន្លោះ​ថ្ងៃទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៤»។ 

ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា តំបន់​នេះ​គឺ​ជា​ជម្រក ដ៏​សំខាន់​សម្រាប់​សត្វ​ក្រពើ​ធម្មជាតិ និង​បាន​ផ្តល់​ជា​ក្តី​សង្ឃឹម​ដល់​ការ​កើន​ឡើង​នៃ​ប្រភេទ​សត្វនេះ​នៅ​ក្នុង​ធម្មជាតិ។

សត្វក្រពើភ្នំ គឺ​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នៅ​ក្នុង​ធម្មជាតិ ហើយ​មាន​ចំនួន​ប្រមាណ​ជាង ១០០០​ក្បាល​ប៉ុណ្ណោះ​នៅ​លើ​ពិភព​លោក។ ក្នុង​នោះ​កម្ពុជា មាន​ប្រមាណ​ជាង ៣០០ក្បាល ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​មាន​វត្ត​មាន​សត្វ​ក្រពើ​ភ្នំ​ច្រើនជាង​នៅលើ​ពិភពលោក។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក អ៊ាង សុផល្លែត មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​យុទ្ធសាស្រ្ត​ចក្រាវិស័យ​បរិស្ថាន​ ដែល​ផ្តោត​លើ​ការការពារ និង​អភិរក្ស​ជីវចម្រុះ។ ក្រសួង​បរិស្ថាន​បាន​និង​កំពុង​ធ្វើការ​អភិរក្ស​និង​ស្តារ​ទី​ជម្រក របស់​ក្រពើ​ភ្នំ​ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​ក្នុង​ធម្មជាតិ​នេះ។

ក្រុមអភិរក្ស​រក​ឃើញ​សំបុក​ក្រពើ​ភ្នំ​សរុប​ចំនួន​៥ នៅ​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញកាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​កន្លងមក។ រូបថត Fauna & Flora - Cambodia Programme

គួរបញ្ជាក់​ផងដែរ​ថា ក្រពើ​ភ្នំ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ហើយ​ការ​រក​ឃើញ​សំបុក​ពង​កូន​ចំនួន ៥​សំបុក និង​ញាស់​ជោគ​ជ័យ​បាន ៦០កូន បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​ជា​ទី​ជម្រក​ធម្មជាតិ​ដ៏​មាន​សុវត្ថិភាព និង​សម​ស្រប​សម្រាប់​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​រស់​នៅ។

រដ្ឋមន្ត្រី​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា មាន​ប្រសាសន៍​ថា​ នេះ​ជា​ជោគជ័យ​មួយ​ថ្មី​ទៀត​យ៉ាង​សំខាន់​នៃ​កម្មវិធី​គាំពារ​សត្វ​កម្រ​ជិត​ផុតពូជ ដែល​ក្រសួង​កសិកម្ម បាន​សហការ​ជាមួយ​ដៃគូ​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​ជំរុញ​កំណើន​សត្វ​កម្រ​ដូចជា ក្រពើភ្នំ ផ្សោត និង​សត្វ​អណ្តើក​ហ្លួង​ជាដើម។ ចំពោះ​សត្វ​ក្រពើ​ភ្នំនេះ រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម​សហការ​ជាមួយ​អង្គការ​សត្វ​ព្រៃ​និង​រុក្ខជាតិ​កម្ពុជា បាន​ខិត​ខំ​ជ្រើសរើស ពូជក្រពើ​ភ្នំ​សុទ្ធ​មក​បង្កាត់​ហើយ​ដាក់​ចូល​ទៅ​ក្នុង​ជម្រក​ធម្មជាតិ​វិញ​ក្នុង​ដែន​អភិរក្ស​បរិស្ថាន។ 

លោក ឌិត ទីណា បាន​ញ្ជាក់​ថា៖ «កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ បាន​លេច​ចេញ​ជា​ផ្លែផ្កា​គួរ​ជា​ទីមោទនៈ ដោយ​សត្វ​ក្រពើ​ភ្នំ​អាច​បន្ត​ពូជ​ដោយ​ខ្លួនឯង ហើយ​បង្កើត​ជា​សំបុក និង​កូន​ជំនាន់​ថ្មី​ក្នុង​ធម្មជាតិ។ ជោគជ័យ​នេះ​បាន​ផ្តល់​កម្លាំង​ចិត្ត ព្រម​ទាំង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ក្នុង​ការ​បន្ត ការពារ​ជីវចម្រុះ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។

ចំណែក​ឯ​លោក Pablo Sinovas នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​កម្ពុជា​បាន​លើក​ឡើង​ថា អស់​រយៈពេល​ជាង​មួយ​ទស្សវត្សរ៍​មក​ហើយ ដែល​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​កម្ពុជា និង​ដៃគូ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​បេសកកម្ម​ក្នុង​ការ​ជំរុញ​ការ​កើន​ឡើង​នៃ​ចំនួន​សត្វ​ក្រពើ​ភ្នំ​នៅ​តំបន់​ជួរភ្នំ​ក្រវាញ​ក្នុង​ប្រទេស​កម្ពុជា។ 

សំបុក​ក្រពើ​ភ្នំ​នៅ​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ ត្រូវ​បាន​រក​ឃើញ​កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​កន្លងមក។ រូបថត Fauna & Flora - Cambodia Programme

លោកថ្លែងថា៖ «ការងារ​របស់​យើង​នេះ​មិន​ត្រឹម​តែ​ទាក់ទង​នឹង​ការ​បង្កាត់​ពូជ​ក្រពើ​ភ្នំ​សុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង ធ្វើ​ការ​ដើម្បី​ធានា​ឱ្យ​បាន​ថា​ពួកវា​មាន​ទី​ជម្រក​សមរម្យ​ដែល​ត្រូវ​លែង​ទៅ​ក្នុង​ធម្មជាតិ​វិញ»។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​រួម​ដដែល​នេះ។

ការពង្រឹង​ការ​ការពារ​ទីតាំង​សំខាន់ៗ​នៅ​ក្នុង​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ការពារ ជម្រក​ទាំង​នេះ​ពី​ការ​គំរាម​កំហែង ដូចជា ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​ជាដើម។ ការ​រក​ឃើញ​សំបុក​ថ្មីៗ​នេះ បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ការពារ​តំបន់​ដែល​មាន​ចំនួន​ក្រពើ​ភ្នំ​តិច​ជាង​ពីរបីរយ​ក្បាល​នៅ​ក្នុង​ធម្មជាតិ​នេះ។

ក្រពើ​ថ្មី​ចំនួន ៦០​ក្បាល​ដែល​បាន​ញាស់​នេះ គឺជា​កត្តា​ជំរុញ​យ៉ាង​ខ្លាំង​នៃ​ការ​កើន​ឡើង​នៃ​ចំនួន​ប្រភេទ​នេះ។ ខណៈ​ពេល​ដែល​ជីវចម្រុះ​នៅ​តំបន់​ដី​សើម​កំពុង​បាត់បង់​យ៉ាង​ឆាប់​រហ័ស​នៅ​ទូទាំង​តំបន់ ការ​រក​ឃើញ​នេះ​ក៏​បង្ហាញ​ពី​សក្តានុពល សម្រាប់​ការ​ស្តារ​ឡើងវិញ​នូវ​ធម្មជាតិ​តាម​រយៈកិច្ច​ខិតខំ​ប្រឹងប្រែង អភិរក្ស​រួមគ្នា​ប្រកប​ដោយ​និរន្តរភាព។

កូនក្រពើភ្នំភ្ញាស់ចេញពីពងក្នុងសំបុក ដែលប្រទះ​ឃើញ​នៅ​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញកាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​កន្លងមក។ រូបថត Fauna & Flora - Cambodia Programme

លោក ថយ ឈាន អ្នក​ល្បាត​ក្រពើ​ភ្នំ​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​កម្ពុជា ដើម្បី​ការពារ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នេះ​ជា​ច្រើន​ឆ្នាំ​មកហើយ។

លោក​បាន​បង្ហាញ​ចំណាប់​អារម្មរណ៍​ដូច្នេះ​ថា៖«យើង​ពិត​ជា​រំភើប​ណាស់​ដែល​បាន​រកឃើញ​សំបុក​ក្រពើ​ទាំង​នេះ។ ការ​រក​ឃើញ​នេះ​បង្ហាញ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​របស់​យើង​ទទួល​បាន​ជោគជ័យ ហើយ​ខ្ញុំ​ជឿជាក់​ថា​ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ជា​បន្តបន្ទាប់​របស់​យើង ចំនួន​ក្រពើ​ភ្នំ​នឹង​បន្ត​កើន​ឡើង​នា​ពេល​អនាគត»៕