ភ្នំពេញៈ ដោយ​គ្រាន់​តែ​ស្កេន QR Code ​នៅ​លើ​មេរៀន​នីមួយៗនោះ​ព័ត៌មាន​ទាំងអស់​នឹង​ផុស​ចេញ​លើ​សៀវភៅ​«ដូចជប់» ដែល​សិស្ស មើល​ឃើញ​ផ្ទាល់​នូវ​រូបភាព 3D មាន​ចលនា ជាមួយ​សម្លេង​អត្ថាធិប្បាយ​ពី​ខ្លឹមសារ​មេរៀន ដែល​ជួយ​ឱ្យ​សិស្ស​ឆាប់ចេះ និង​ឆាប់​ចាំ​មេរៀន​ក្នុង​រយៈពេល​ខ្លី។

នៅ​ឆ្នាំ២០២៥ ខាងមុខ សិស្ស​កម្រិត​វិទ្យាល័យ​នៅតាម​សាលារដ្ឋ​មួយ​ចំនួន​នឹង​ទទួល​បាន​ការ​សិក្សា​តាម​បែប​ថ្មី​ជា​លើក​ដំបូង​ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ដែល​ហៅថា «សៀវភៅ​ឌីជីថល»។

ក្រសួង​អប់រំ យុវជន និងកីឡា និង​ក្រុមហ៊ុន E-School Cambodia បាន​នឹង​កំពុង​តែ​ធ្វើការ​បង្កើត​សៀវភៅ​ឌីជីថល​នេះ​បន្ទាប់ពី​ស្ថាប័ន​ទាំងពីរ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ (MoU) ជាមួយ​គ្នា កាល​ពី​ដើម​ខែ​កក្កដា ដើម្បី​លើក​កម្ពស់​សមត្ថភាព​ឌីជីថល​របស់​សិស្សានុសិស្ស និង គ្រូ​បង្រៀន។

សៀវភៅឌីជីថល ដែល​ប្រើប្រាស់​បច្ចេក​វិទ្យា​ពិភព​និមិត្ត​នេះ អាច​ឱ្យ​សិស្សានុសិស្ស​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ឬ​កុំព្យទ័រ​បន្ទះ ដើម្បី​ស្កេន QR Code ​នៅ​លើ​មេរៀន​នីមួយៗ ហើយ​ព័ត៌មាន​ទាំងអស់​នឹង​ផុស​ចេញ​លើ​សៀវភៅ។ បច្ចេក​វិទ្យា​ថ្មី​នេះ នឹង​ផ្តល់ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្ស​ឱ្យ​ឆាប់​យល់​មេរៀន តាម​រយៈការ​មើលឃើញ​ផ្ទាល់​នូវ​រូបភាព 3D មាន​ចលនា​ជាមួយ​សម្លេង​អត្ថាធិប្បាយ​ផងដែរ។

លើសពីនោះ ការ​សិក្សា​តាម​រយៈ​សៀវភៅ​ឌីជីថល​ក៏​អាច​ជួយ​សិស្សានុសិស្ស​មួយ​ចំនួន​ធំ​រក​ឃើញ ជំនាញ​ពី​កំណើត​របស់​ពួកគេ ដែល​នេះ​ជា​កត្តា​សំខាន់​ចាំបាច់​ក្នុង​ការ​សម្រួច​ទិសដៅ​ជីវិត​របស់​សិស្ស​ទៅ​លើ​អ្វី​ដែល​ពួកគេ​ចូលចិត្ត ហើយ​ផ្តោត​ទៅ​លើ​មុខ​វិទ្យា​នោះ។​ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ និង​ក្រុមហ៊ុន E-School Cambodia។ 

ប្រធាន​អភិវឌ្ឍន៍​បច្ចេកវិទ្យា​និម្មិត​នៃ​ក្រុមហ៊ុន E-School Cambodia លោក ហេង ជលសា បាន​ថ្លែង​ថា សៀវភៅ​ឌីជីថល​នេះ​នឹង​ផ្តល់​ចំណេះដឹង​ថ្មី​មួយ​ផ្នែក​ទៀត​តាម​បែប​បច្ចេកវិទ្យា​ទំនើប ដែល​ប្រទេស​ផ្សេង​ក្នុង​ពិភពលោក​បាន​ប្រើប្រាស់​រួច​ទៅ​ហើយ។ 

លោកបាន​សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩​មក ការ​សិក្សា​របស់​សិក្សានុសិស្ស​កម្ពុជា គឺ​រៀន​ដោយ​អាន ទន្ទេញ និង​មើល​រូប​នៅ​លើ​សៀវភៅ។ ដើម្បី​ឱ្យ​សិស្ស​ឆាប់​ចាំ ជួន​កាល​លោកគ្រូ​អ្នកគ្រូ​ឱ្យ​សិស្ស​គូរ​ចម្លង​តាម​រូបភាព​នៅ​លើ​សៀវភៅ។ ហេតុ​នេះ រូបភាព​ពិត​ប្រាកដ​ដូចជា​ខួរក្បាល បេះដូង សរសៃឈាម ផែនដី ទីតាំង​ប្រវត្តិសាស្រ្ត​មួយ​ចំនួន ឬ​មុខ​វិទ្យា​ពិបាកៗ​ដូចជា អាតូម និង​សារធាតុ​គីមី​ផ្សេងៗ​ទៀត​ជាដើម គឺ​សិស្ស​មិន​ធ្លាប់​បាន​ឃើញ​ផ្ទាល់​ភ្នែក ឬ​មិនមាន​ផ្ទាល់​ជាក់​ស្តែង​ឱ្យ​សិស្ស​អនុវត្ត​នោះ​ទេ។ 

លោកបញ្ជាក់ថា៖ «ប៉ុន្តែ​សៀវភៅ​ឌីជីថល​នេះ នឹង​អាច​ឱ្យ​សិស្ស​ប្រើ​ទូរស័ព្ទ​ដៃ​ដាក់​នៅ​ចំ​ទំព័រ​មេរៀន​ណា​មួយ នៃ​មុខ​វិទ្យា​គណិតវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និង​វិទ្យាសាស្រ្ត​ផ្សេងៗ នោះ​វត្ថុ​នោះ​នឹង​ផុស​ចេញ​ពី​សៀវភៅ​ហ្នឹង​មក​តែ​ម្តង ​គឺ​ដូច​ជប់​អញ្ជឹង។ ផុស​ចេញ​មក​ពន្យល់ បើ​រៀន​ពី​ខួរក្បាល ពី​បេះដូង យើង​ឃើញ​ខួរ​ក្បាល បេះដូង​អណ្តែត​នៅ​លើ​សៀវភៅ​ហ្នឹង​ហើយ​មាន​ចលនា សម្លេង ការ​បង្ហាញ​ផ្សេងៗ​ទៅ​តាម​មេរៀន​ព័ត៌មាន​ដែល​មាន​នៅក្នុង​សៀវភៅពុម្ព​របស់​ក្រសួង»។

លោក​ក៏​បាន​លើក​ជា​ឧទាហរណ៍​បន្ថែម​ថា នៅពេល​ដែល​សិក្សា​ពី​ប្រវត្តិសាស្រ្ត ដូចជា សម័យ​ចេនឡា ឬ​សម័យ​អង្គរ​ជាដើម នោះ​សិស្ស​នឹង​អាច​មើលឃើញ​ពី​ការ​រស់​នៅ​របស់​ប្រជាជន និង​ទិដ្ឋភាព​ជាក់ស្តែង​នៅ​ក្នុង​សម័យ​នីមួយៗ​ផ្សេងៗ​ទៀត​ជាច្រើន​ដោយ​ផ្ទាល់​លើ​សៀវភៅ​ឌីជីថល​នោះ។ 

លោកថ្លែងថា៖ «អញ្ចឹង​អាហ្នឹង​គឺ​ជួយ​ឱ្យ​សិស្សានុសិស្ស​រៀន​ឆាប់ចេះ ឆាប់ចាំ​ឆាប់យល់​មេរៀន​ជាង​មុន។ វា​ទាន់​ទៅ​នឹង​អ្វី​ដែល​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ផ្តោត​ទៅ​លើ​មនុស្ស បច្ចេកវិទ្យា សង្គម​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច​បច្ចេកវិទ្យា។

តាម​រយៈការ​ចុះ MoU នេះ ក្រុមហ៊ុន E-School Cambodia បាន​នឹង​កំពុង​តែ​ធ្វើការ​បង្កើត​មាតិតា (Develop contents)​ ដើម្បី​ដាក់​បញ្ជូល​ទិន្ន​ន័យ​​នៅ​លើ​ទំព័រ​សៀវភៅ​នីមួយៗ នៃ​មុខ​វិជ្ជា​មេរៀន​ចាប់​ពី​ថ្នាក់ទី១ ដល់ ទី១២ ដើម្បី​ឱ្យ​សិស្ស​ស្កេន ហើយ​មើល​ឃើញ​ផ្ទាល់​ភ្នែក ហើយ​អាច​យល់​មេរៀន​បាន​ដោយ​មិន​បាច់​ធ្វើការ​ស្រមើស្រមៃ​ដូច​មុន​ទៀត​នោះ​ទេ។ លើស​ពី​នោះ សៀវភៅ​ឌីជីថល​នេះ​គឺ​មិនមែន​ជា​រូបភាព​មេរៀន​ដូចជា​ PDF ឬ​ក៏​ជា​រូបភាព​សៀវភៅ​សខ្មៅ ឬ​កូល័រ​ដែល​មាន​កន្លង​មក​នោះ​ឡើយ។ 

បច្ចេកវិទ្យា​ថ្មី​នេះ ក៏​ជួយ​ធ្វើ​ឱ្យ​សិស្ស​ដែល​មាន​បញ្ហា​ពិបាក​ក្នុង​ការ​អាន​អក្សរ ឬ​ក៏​កំពុង​តែ​មាន​សំពោធ​ពី​សិស្ស​អង្គុយ​ក្បែរ​ខ្លួន ដែល​ពូកែ​អាន​លឿន​ជាង​នោះ​ទទួល​បាន​ចំណេះដឹង​ស្មើៗ​គ្នា ចេះ​សហការ​គ្នា និង​រីករាយ​ទស្សនា​មេរៀន​ក្នុង​សៀវភៅ​ឌីជីថល​ជាមួយ​គ្នា​ផងដែរ។ 

បើ​យោង​តាម​លោក ហេង ជលសា ដោយ​ការ​ព្រួយ​បារម្ភ​ពី​ការ​ប៉ះពាល់​ទៅ​លើ​ភ្នែក​ពី​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ពិសេស​លើ​កុមារ​នោះ ក្នុង​ដំណាក់​កាល​ដំបូង សៀវភៅ​ឌីជីថល​នេះ​គឺ អាច​ចាប់​ផ្តើម​អនុវត្ត​ទៅ​លើ​សិស្ស​កម្រិត​វិទ្យាល័យ​ជាមុន​សិន។ នេះ​ក៏​ដោយសារ​តែ​សិស្ស​កម្រិត​វិទ្យាល័យ​ត្រូវ​ការ​សិក្សា​ស្រាវជ្រាវ​ច្រើន​ផងដែរ។

សៀវភៅឌី​ជីថល​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ២០២៥ ខាងមុខ នៅ​តាម​សាលាមួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ផងដែរ។ ក្នុង​គម្រោង​នេះ​ក៏​មាន​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ពី​ការ​ប្រើប្រាស់​សៀវភៅ​ឌីជីថល ការ​រៀបចំ​កាល​វិភាគ​សិក្សា​សៀវភៅ​ឌីជីថល ការ​រៀបចំ​ប្លង់​សិក្សា​បែប​គរុកោសល្យ​ទៅ​តាម​មេរៀន​នីមួយៗ សម្រាប់​ថ្នាក់​សៀវភៅ​ឌីជីថល ការ​ធ្វើ​បច្ចុប្បន្ន​ភាព ការ​ថែរក្សា Hardware និង​ទិន្ន័យ​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ។ 

សមិទ្ធផល​ដែល​កើត​ចេញ​ពី​កិច្ច​សហការ​នេះ​នឹង​ក្លាយ​ជា​ចំណែក​មួយ នៃ​ការ​កសាង​សមត្ថភាព​ពលរដ្ឋ​ឌីជីថល និង​ជួយ​លើក​កម្ពស់​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន និង​សាគមនាគមន៍​ក្នុង​វិស័យ​អប់រំ ស្រប​តាម​ទិសដៅ​បញ្ចកោណ និង​សសរស្តម្ភ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៧ ដើម្បី​លើក​ស្ទួយ​ការ​អប់រំ​បែប​ឌីជីថល ពលរដ្ឋ​ឌីជីថល រដ្ឋាភិបាល​ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល។

លោក ហេង ជលសា ក៏​បាន​លើក​ឡើង​ផងដែរ​ថា បច្ចុប្បន្ន​នេះ​មិនទាន់​មាន​ស្ថាប័ន​អប់រំ​ណា​មួយ​បាន​វិនិយោគ​លើ​បច្ចេក​វិទ្យា​ទំនើប​កម្រិត​នេះ​ទេ។ អ្វី​ដែល​ស្ថាប័ន​អប់រំ​ផ្សេង​បាន​កំពុង​តែ​ធ្វើ គឺ​ការ​គ្រាន់តែ​ជា​ការ​ស្កេន​សៀវភៅ​ដាក់​បញ្ជូល​ទៅ​ក្នុង​កុំព្យូទ័រ និង​វេបសាប​លើ​អនឡាញ ដើម្បី​ឱ្យ​គេ​បើក​មើល​ជា​រូបភាព PDF ឬ​ក៏​ជា​សៀវភៅ PDF flip។ 

លោក​លើក​ឡើង​ថា៖ «មិន​ទាន់​មាន​ខាង​សាលា​ណា​មួយ​ធ្វើ​ទេ គឺ E-school Cambodia​ បាន​ចាប់​ផ្តើម​អនុវត្ត​នេះ​មុន​គេ។ ការ​បង្កើត​មាតិតា​នេះ​នឹង​ធ្វើឱ្យ​គាត់​ឆាប់​ចេះ ឆាប់ចាំ ឆាប់យល់ ដោយ​ចំណាយ​ពេល​តិច​ជាង​មុន។ សិស្ស​អាច​ឆាប់​រក​ឃើញ​មុខ​វិជ្ជា​ដែល​ចូលចិត្ត ហើយ​ផ្តោត​មើល​មុខវិជ្ជា​នោះច្រើន... ​វា​ជួយ​ធ្វើឱ្យ​គាត់​អាច​រក​ឃើញ​ខ្លួនឯង ដែល​យើង​ហៅ​ថា​បំនិន​ជីវិត»។ 

ទោះយ៉ាងណា លោកស្រី ឃួន វិច្ឆិកា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ឱ្យ​ដឹង​ថា ចំនួន​សៀវភៅ​ដែល​នឹង​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​បណ្តាញ​​សៀវភៅ​ឌីជីថល​នេះ​នៅ​មិន​ទាន់​ដឹង​ជាក់លាក់​នៅ​ឡើយ​ទេ ព្រោះថា​ ក្រុម​ការងារ​កំពុង​តែ​បន្ត​ការ​ពិភាក្សា និង​ការ​សិក្សា និង​ថាតើត្រូវ​សាកល្បង​លើកកម្មវិធី​​នេះ​យ៉ាង​ដូចម្តេច​ខ្លះ​នា​ពេល​អនាគត។

លោក ជលសា ក៏​បាន​សង្កេត​ឃើញ​ដែរ​ថា នៅ​លើ​ពិភព​លោក ក្រុម​មនុស្ស​ជំនាន់ថ្មី (Generation Z)នេះ គឺ​ជោគ​ជាំ​ជាមួយ​នឹង​បច្ចេក​វិទ្យា​តាំងពី​តូច​មក​ដែល​ធ្វើឱ្យ​ពួកគេ​ពិបាក​ក្នុង​ការ​កាត់​ផ្តាច់​វា​ណាស់។ ចរន្ត​ពិភព​លោក​បាន​ដើរមុន​កម្ពុជា​លើ​ផ្នែក​បច្ចេក​វិទ្យា​បែប​នេះ ហើយ​ប្រទេស​កម្ពុជា​កំពុង​តែ​ដេញ​តាម​ផងដែរ៕