សៀមរាបៈ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ភ្ញៀវទេសចរ​អន្តរជាតិ​ដែលបាន​ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប​តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​មានចំនួន​៣១ម៉ឺន​នាក់ កើនឡើង​ជាង​៣៦ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២៣។

លោក​ថ្លែងថា៖ «ទេសចរ​ដែល​ចូល​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ បើ​តាម​ទិន្នន័យ ក្នុង​ឆ្នាំ២០២៣ មាន​ជាង​៤៨​ម៉ឺននាក់។ បើ​សរុប​ទាំង​ក្នុង​ប្រទេស​គឺមាន​២,៥លាន​នាក់។ ក្នុង​ឆមាស​ទី១ [ឆ្នាំ២០២៤] បើ​គិតពី​ទេសចរ​ដែល​ចូល​មក​តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ យើង​អត់គិត​តាម​ផ្លូវ​គោក​ទេ មាន​៣១​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ឆមាស​ទី១ ពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២៣ គឺកើន​ [ជាង] ៣៦​ភាគរយ»។

ឆ្លើយតប​នឹង​មតិដែល​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ដែល​ថា​ខេត្ត​សៀមរាប «ស្ងាត់» ភ្ញៀវទេសចរ លោក ហ៊ុន ម៉ាណែត ពន្យល់​ថា ទេសចរណ៍​បែងចែក​ទៅ​តាម​រដូវកាល មាន​រដូវភ្ញៀវ​ទេសចរ​ច្រើន រដូវ​ភ្ញៀវ​ទេសចរ​ធម្យម និង​រដូវ​ភ្ញៀវ​ទេសចរ​តិច ដែល​មិន​ខុស​ពី​រដូវ​ប្រាំង​មិន​មាន​ទឹកភ្លៀង និង​រដូវ​វស្សា​មាន​ទឹក​ភ្លៀង​នោះទេ។ លោក​ថា៖ «កត្តា​ដែល​ចាំបាច់​យើង​ត្រូវ​ទទួល​ស្គាល់​ថា​វិស័យ​ទេសចរណ៍ វា​ដូច​វិស័យ​កសិកម្ម​អ៊ីចឹង។ វា​មាន​រដូវ​របស់​វា ព្រោះ​ប្រទេស​គេ គេ​មាន​រដូវ​ពេល​គេ​សម្រាក ខែ​ប៉ុន្មាន​អ៊ីចឹង​ទៅ! ហើយ​ខែ​គេ​ធ្វើការ!»។

ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​សារមន្ទីរ​សម្ដេច​ព្រះព្រហ្មរតនមុនី ពិន សែម នៅ​ខេត្តសៀមរាប នាថ្ងៃទី១៨ កក្កដា  លោក​ថ្លែងថា ក្នុងអំឡុង​ពេល​រដូវភ្លៀវ​ទេសចរ​ច្រើន ​គិត​ចាប់ពីខែ​តុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ក្នុង​១ថ្ងៃ កម្ពុជា​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង៣ ០០០នាក់ ប៉ុន្តែ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុង១ថ្ងៃ មាន​ទេសចរ​ជាង៥ ០០០នាក់ ដែល​បាន​មកដល់​កម្ពុជា។ 

ក្នុង​អំឡុង​ពេល​រដូវភ្លៀវ​ទេសចរតិច ​លោក​ពន្យល់​ថា ចាប់ផ្តើម​ពី​ខែ​មិថុនា ឆ្នាំនេះ ក្នុង១ថ្ងៃ មាន​ទេសចរ​ប្រមាណ១ ៣០០នាក់ ប៉ុន្តែ​បច្ចុប្បន្ន​កើនឡើង​ដល់១ ៩០០ នាក់ ខណៈថ្ងៃទី១៧ កក្កដា កើន​ឡើង​ជិត២ ០០០នាក់​ក្នុង​១ថ្ងៃ។ 
លោក ហ៊ុន ម៉ាណែត ​បញ្ជាក់​ថា៖ «​នេះ​ជា​តួលេខ​ដែល​យើង​ទទួល​បាន។ សួរ​ថា យើងនិយាយ​តួលេខ​នេះ​ដើម្បីអី? ដើម្បី​ឱ្យ​បងប្អូន​បាន​ជ្រាប។ រឿង​ការ​វាយ​តម្លៃ​ទាប ច្រើន​គឺ​ជា​ទស្សនៈ និង​ការ​គិតគូរ​របស់​យើង​ផ្សេង តែ​ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ យើង​មាន​ប៉ុណ្ណេះ!»។

លោក​បន្ថែម​ថា៖ «អ៊ីចឹង របាយការណ៍​បែប​នេះ ខ្ញុំ​បាន​ទទួល ហើយ​ខ្ញុំ​បាន​ទទួល​តាម​រយៈការ​រាយការណ៍​របស់​ឯកឧត្តម [អភិបាល​ខេត្ត​សៀមរាប] ជា​ប្រចាំ ពី​ក្រសួង​ទេសចរណ៍ ពី​វិស័យឯកជន​ខ្លួនឯង​តាម​រយៈ​ការ​ជួប​ផ្ទាល់។ ខ្ញុំ​ឧស្សាហ៍​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​វិស័យ​ឯកជន។ ប៉ុន្តែរបាយការណ៍​វា​នៅតែ​របាយការណ៍ វា​ជា​មូលដ្ឋាន ប៉ុន្តែ​យើង​ក៏​ត្រូវការ​ស្វែងយល់។ ខ្ញុំ​ក៏​មានក្រុម​ចុះ​មក​ធ្វើដែរ»។ 

លោក ប្រាក់​ សោភ័ណ អភិបាល​ខេត្ត​សៀមរាប ថ្លែងក្នុង​ពិធី​នេះ​ថា ទេសចរណ៍​ក្នុង​ខេត្តសៀមរាប បាន​និង​កំពុង​ចាប់ផ្ដើម​មាន​វឌ្ឍនភាព​ឡើង​វិញ​ជា​បណ្តើរៗ ដោយ​ក្នុង​ឆ្នាំ២០២៣ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិចំនួនជាង២,៥ លាននាក់ កើនឡើងជាង​៣២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២២។ 

លោក​បន្ថែម​ថា ក្នុង​រយៈ​ពេល​៦​ខែ​ក្នុង​ឆ្នាំ​២០២៤ ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវទេសចរ​សរុបចំនួន​ជាង១,៩លាន​នាក់​កើនឡើង​ចំនួន​ជាង​៤៤ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២៣ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង​៥២ម៉ឺន​នាក់ និង​ភ្ញៀវជាតិ​មាន​ចំនួន​ជាង​៣៨ម៉ឺននាក់។

លោក ប្រាក់​ សោភ័ណ ថ្លែងថា៖ «នា​ពេលបច្ចុប្បន្ន​នេះ ក្នុង១ថ្ងៃ មាន​ជើងហោះហើរ​ចូលមកកាន់​ខេត្ត​សៀមរាប​ចន្លោះ​ពី១៤ ទៅ១៩​ជើងហោះហើរ និង​មាន​អ្នកដំណើរ​ចន្លោះ​ចំនួន១ ០០០​នាក់​ទៅ១ ៥០០នាក់»។

ក្រសួងទេសចរណ៍​បាន​លើកឡើង​ក្នុង​បណ្តាញ​សង្គម​នាថ្ងៃទី១៦ កក្កដា ថា ក្នុងរយៈ​ពេល១សប្ដាហ៍ ចាប់​ពី​ថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា កម្ពុជា​មាន​ភ្ញៀវទេសចរ​ជាតិ​ប្រមាណ​ជាង២៩ម៉ឺននាក់ និង​ភ្ញៀវទេសច​របរទេស​ប្រមាណ​ជាង ៥ម៉ឺននាក់។

ក្រសួង​បញ្ជាក់​ថា ក្នុង​រយៈពេល​១សប្ដាហ៍នេះ បណ្ណ​ចូល​ទស្សនា​តំបន់​រមណីយ​ដ្ឋានអង្គរ​ត្រូវបាន​លក់​ជូន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ជិត១៣ ០០០បណ្ណ កើនឡើង​ជាង​៦ភាគរយ និងចំណូល​សរុប​ជាង៥៨ម៉ឺនដុល្លារ​អាមេរិក កើនឡើង​ជាង៨​ភាគរយ។

ក្រសួង​បន្ត​ថា ក្នុង​រយៈ​ពេល​ដូចគ្នានេះ ជើងហោះហើរ​អន្តរជាតិ​ចូល​មក​កាន់​ប្រទេស​កម្ពុជាសរុប​ចំនួន​៤៥៦ ជើង​ហោះហើរ ក្នុង​នោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន ៣៣៧ ជើង​ហោះហើរ, អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​មាន​ចំនួន​១០២​ជើងហោះហើរ, និង អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​មានចំនួន១៧ ជើង​ហោះហើរ៕