ភ្នំពេញៈ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីចរាចរណ៍​ផ្លូវ​គោកថ្មី​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​នាសប្តាហ៍​ក្រោយ​នេះ ដើ​ម្បី​ក្រុម​អ្នក​ច្បាប់​ធ្វើការ​ពិនិត្យ ក្រោយ​​ពី​អន្តរ​ក្រសួង​បាន​ប្រជុំ​ឆ្លងសេចក្តី​ព្រាង​ច្បាប់​នេះ​កាល​ពី​អង្គារ ​ទី​១៦ ​ខែកក្ក​ដា​នេះ ក្នុងទិសដៅទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក។

លោក​ស្រី​ មឹន ​មាណវី ​រដ្ឋលេខាធិការ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​និង​ជា​អគ្គលេខាធិការ​នៃអគ្គ​លេខាធិការ​ដ្ឋាន ​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក(គ.ស.ច.គ)​បាន​មាន​ប្រសាសន៍​នាថ្ងៃទី​១៩​ ខែកក្កដា​ថា សេច​ក្តី​ព្រាង​ច្បាប់​ស្តីពីចរាចរណ៍​ផ្លូវគោកថ្មី​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​នាសប្តាហ៍​ក្រោយ​នេះ ដើម្បី​ឱ្យ​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈ​រដ្ឋ​មន្រ្តី​ធ្វើ​ការពិនិត្យ​ និង​ផ្ទៀងផ្ទាត់។
លោក​ស្រី​បាន​បញ្ជាក់ថា៖«អាទិត្យ​ក្រោយ​នឹង​បញ្ជូល​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​នៅទៅ​ទីស្តី​ការគណៈរដ្ឋ​មន្រ្តី។ សេច​ក្តី​ព្រាង​ច្បាប់​ហ្នឹង​ទាំង​ពី​អាណត្តិ​មុន​មក​ម៉្លេះ ​បាន​ធ្វើ​ទៅ​រួចហើយ ​ចឹង​យើង​កែ​សម្រួល​តែ​បន្តិច​បន្តួច​ទេ ព្រោះ​បាន​សម្តេច​ក្រឡាហោម [ស ខេង]​គាត់​មើល​រួច ​និង​ឆ្លង​គណៈកម្មការ​ជាតិ​រួច​អស់​ហើយ​ហ្នឹង»។ 
សេចក្តី​ព្រាង​ច្បាប់ថ្មី ​ស្តីពីចរាចរណ៍​ផ្លូវ​គោកនេះ ​ត្រូវ​បាន​បន្ថែម​ថ្មី ​និង​កែ​សម្រួល​ចំនួន ​៥២​មាត្រា​លើ ​៩២​មាត្រា។ ក្នុង​នោះ​ ផ្តើម​ស្នើ​ដោយ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ចំនួន​៤០​មាត្រា ​ផ្តើម​ស្នើ​ដោយ​ក្រសួង​មហាផ្ទៃ​ចំនួន​៥មាត្រា និង​ផ្តើម​ស្នើ​ដោយ​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​យុត្តិធម៌ ​ចំនួន​៧មាត្រាផង​ដែរ។ 
ទាក់​ទង​ទៅ​នឹង​ការ​កែ​សម្រួល​មាត្រា​ទាំង​នេះដែរ ​លោកស្រី​បាន​លើក​ឡើង​ដូច្នេះថា៖«​យើងអត់បានដាក់ទឹក​លុយ​ផាក​ពិន័​យ​អីច្រើន​ពេក​ទេ តែ​ពិន័យ​មាន​ទោស​រឿង​ប្រើ​ប្រាស់​ភ្លើង​សញ្ញា ​និង​សូរស័ព្ទ សញ្ញា​ខុស ដែល​អត់​មាន​ចែង​សម្រាប់​​ប្រើ​ប្រាស់​ទូ​ទៅ​ហ្នឹង។ ចា៎ មាន​តែ​ប៉ុណ្ណឹង​ទេ ​ផុត​ពី​ហ្នឹង​សុទ្ធ​តែ​ដដែល​ដែរ​ទេ។ កែ​[សម្រួល]៥២​មាត្រា​ហ្នឹង​ កែ​ តែ​ អក្ខ​រាវិរុទ្ធ ឬ​ពាក្យ​ ឃ្លាអី​ដែល​មើល​ទៅ​មិនសូវ​ច្បាស់​ហ្នឹង​យើង​កែ​សម្រួល​ឡើង​វិញ​តែ​ប៉ុណ្ណឹង»។ 
ដោយ​ឡែក ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ផាក​ពិន័យ ​និង​ទោសទណ្ឌ​ដែល​បង្ក​ឡើង​ដោយ​ការ​បើក​បរ​ក្នុង​ស្ថាន​ភាព ស្រវឹ​ង​គឺ​ត្រូវ​បាន​រក្សា​នៅ​ដដែល​។ 
ឧប​នាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​គណ:កម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៏​ផ្លូវគោក​ ស សុខា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ឆ្លង​សេចក្តីព្រាង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ទី១៦ ​ខែកក្កដា​នេះ។ 
លោក​ឧបនាយក​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ​ការ​រៀប​ចំកែ​សម្រួលសេចក្តីព្រាង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ​គឺ​ដើម្បី​ឱ្យ​ស្រប​តាម​ស្ថាន​ភាព​ជាក់​ស្តែង​នៃការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ​និង​ចូល​រួម​ទប់​ស្កាត់ កាត់​បន្ថយ​គ្រោះ​ ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ឱ្យ​មក​នៅ​កម្រិត​ទាប​បំផុត។ លើស​ពីនោះ​ គឺ​ដើម្បី​ចូល​រួម​អនុវត្តនូវ​ផែន​ការ​សកល​ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ​របស់​អង្គការ​សហ​ប្រ​ជាជាតិ​ក្នុងការកាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់ និង​អ្នករបួស​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ ឱ្យ​បាន​៥០​ភាគរយ ​នៅ​ឆ្នាំ​២០៣០។
ក្រៅពី​នោះ ​លោក​ឧបនាយករដ្ឋ​មន្រ្តីក៏​បាន​ស្នើ​ក្រុម​ការងារ​របស់​ គ.ស.ច.គ. បន្ត​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធជា​មួយ​នឹង​ក្រុម​ការ​ងារ​ នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​ដើម្បី​បន្តឆ្លង​ក្រុមការងារ​បច្ចេក​ទេសតាម​នីតិវិធី​ ឱ្យ​បាន​ឆាប់​រហ័ស និង​ឈាន​ដល់​ការ​ស្នើ​សុំ​ដាក់​ជូន​ឆ្លង​កិច្ច​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋមន្រ្តី ​ដើម្បី​ទប់ស្កាត់​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់ចរាចរណ៍​ផ្លូវគោក។
ក្នុង​ឆមាស​ទី​១​ឆ្នាំ២០២៤​នេះ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ចំនួន១ ៥២០​លើក ​ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន ៧៩៣នាក់ ​កើន​ឡើង ​៣៧​នាក់ ស្មើ​នឹង ​៥ភាគ​រយ និង​អ្នក​របួស​ចំនួន​២ ០៧២នាក់ ​កើន​ឡើង​ ៤៤​នាក់ ស្មើនឹង ២ភាគរយ ​បើធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៣។ ក្នុង​ចំណោម ​អ្នកស្លាប់​ទាំងនោះ​មាន ៧៥​ភាគរយ​ ជាអ្នក​ជិះម៉ូតូ។
ចំនួន​យាន​យន្ត​ដែល​បាន​ចុះ​បញ្ជី ​គិតមក​ដល់ ​ខែកុម្ភៈ​ ឆ្នាំ២០២៤ នេះ​មាន​ សរុប​ចំនួន ​៧ ៣៥១ ៩០៦គ្រឿង។  ក្នុង​នោះម៉ូតូ​ចំនួន​៦ ២៤៤ ០៩៦​គ្រឿង។ នេះ​បើ​យោង​តាម​ក្រសួង​មហា​ផ្ទៃ។ 
លោក​ស្រីមឹន ​មាណវី​សង្ឃឹម​ថា ក្រោយ​ពេល​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ឱ្យប្រើ​ប្រាស់​រួចហើយ វា​នឹង​អាច​ជួ​យ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន​ជាង​មុន។
ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​មន្ត្រីន​គរបាលច​រាចរណ៍ ​ដែល​មាន​មន្រ្តី​កិច្ច​សន្យា​ចំនួន​៣០០​នាក់ នាថ្ងៃទី​១៨ ខែ​កក្កដា​នេះ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ស សុខា​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា ​ចាប់​ពី​ឆ្នាំ​២០២៥ ​រហូត​ដល់​ឆ្នាំ​២០២៨ ខាង​មុខនេះ ​រាជរដ្ឋាភិបាល​ឯកភាព​ជា​គោលការណ៍​ក្នុង​ការ​ផ្តល់​ក្របខណ្ឌ​មន្ត្រីនគរ​បាលចរាចរណ៍​៣០​នាក់​ក្នុង​មួយ​ឆ្នាំ។ ការ​វាយ​តម្លៃ​ជ្រើស​រើសគឺ​យក​ពី​មន្ត្រី​ជាប់​កិច្ច​សន្យា​ដោយផ្អែក​លើក​ម្ពស់​បុរស​១ម៉ែត្រ៧០សង់ទីម៉ែត្រ​ឡើង​ និង​នារី១​​ម៉ែត្រ​៦៥សង់ទីម៉ែត្រ​ឡើង និង​មាន​អតីត​ភាព​កិច្ច​សន្យា​ការ​ងារ​យូរ​ជាង​គេ៕