រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​ និងកម្ចី​ដល់​កម្ពុជា​​​ប្រមាណ៥៧​លាន​ដុល្លារសម្រាប់​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស (JDS) និងគម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ជំហាន​ទី៣ ដែល​ត​ភ្ជាប់​ពី​ធ្លាម្អម ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ ទៅកាន់​ខេត្ត​បាត់ដំបង និង​តភ្ជាប់​ពី​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ទៅ​ក្រុង​ប៉ោយប៉ែត ដែល​ជាប់​ព្រំដែន​ថៃ។ 

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងលោក Sanui Kazumasa តំណាង​​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ និង​កម្ចី​នេះ​នៅ​ថ្ងៃទី ១៩ ខែ​កក្កដា នៅរាជធានី​ភ្នំពេញ។

គម្រោង​អាហារូបករណ៍​ប្រមាណ​២,៥លាន​ដុល្លារមាន​គោលបំណង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដោយ​ផ្តល់​ឱកាស​បន្ថែម​ទៀត​ដល់​មន្ត្រី​រាជការ ជាពិសេស​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី រវាង ប្រទេស​ទាំងពីរ តាមរយៈ​ការ​ទំនាក់ទំនង សកម្មភាព​សិក្សា និង​សង្គម និង​បទពិសោធន៍​នៅ​ប្រទេស​ជប៉ុន។ 

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ថ្ងៃទី​១៩ កក្កដា​ នៃ​ស្ថាប័ន​ទាំង​ពីរ​បញ្ជាក់​ថា៖ «តាមរយៈ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​នេះ ក្រោម​កម្មវិធី JDS មន្ត្រី​រាជការ​សរុប​ចំនួន​២៦​រូប​នឹង​ទទួល​បាន​ឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន។ ក្នុង​នោះ​២៤រូប​នឹងត្រូវ​បាន​ជ្រើសរើស​សម្រាប់​កម្មវិធី​សិក្សា ថ្នាក់​អនុបណ្ឌិត និង២​រូបទៀត​សម្រាប់​កម្មវិធីសិក្សា​ថ្នាក់​បណ្ឌិត»។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យដឹង​ថា តាមរយៈ​កម្មវិធី JDS នេះ គិតចាប់​ពីឆ្នាំ ២០០០ មក មន្ត្រីរាជការ​កម្ពុជា​ប្រមាណ​៥៣០នាក់​បាន​ទទួល​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត និង​ថ្នាក់​បណ្ឌិតនៅ​ប្រទេស​ជប៉ុន។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា កម្ចី​ប្រមាណ​៥៥លានដុល្លារសម្រាប់​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវ​ជាតិ​លេខ​៥នេះ​​​គឺជា​កម្ចី​សម្រាប់​បំពេញ​បន្ថែម​ឱ្យ​ការងារ​សាងសង់ និង​ការងារ​ជា​បន្តបន្ទាប់​របស់​គម្រោង ដើម្បី​ឈាន​ទៅ​បញ្ចប់​កំណាត់​ផ្លូវ​ដែល​កំពុង​សាងសង់ ពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយប៉ែត។

កំណាត់​ផ្លូវ​នេះ មាន​ទិសដៅ​សាងសង់​ផ្លូវ​ប្រវែង​១៤៦គីឡូម៉ែត្រ ដែល​ក្នុង​នោះ​ពីធ្លាម្អម​ទៅ​ក្រុង​បាត់ដំបង​មាន​ប្រវែង​៩៩គីឡូម៉ែត្រ​ជា​ផ្លូវ៤គន្លង, ផ្លូវវាង​ក្រុង​ពោធិ៍សាត់​ប្រវែង​១១​គីឡូម៉ែត្រ,  និង​កំណាត់​ផ្លូវ​ពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយប៉ែត​ប្រវែង​៣៥​គីឡូម៉ែត្រ។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវជាតិ​លេខ ៥ ពី​ស្ពាន​ព្រែកក្តាម​ស្ថិត​ក្នុង​ខេត្ត​កណ្តាល ទៅ​ក្រុង​ប៉ោយប៉ែត តាមរយៈ​កម្ចី​ជប៉ុន​មាន​ប្រវែង​សរុប ៣៦៦​គីឡូម៉ែត្រ ត្រូវ​សាងសង់​ជាផ្លូវ ៤ គន្លង មាន​ទទឹង​២៣ម៉ែត្រ ដោយ​ក្រាល​កៅស៊ូ (AC) កម្រាស់ ១៥ សង់ទីម៉ែត្រ និង​មាន​សួនច្បារ​កណ្តាល។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ជប៉ុន ជាពិសេស តាមរយៈ JICA ដែល​លោក​បញ្ជាក់​ថា តែងតែ​បាន​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​ប្រសើរ និង​បាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា។ 

លោក​បន្តថា ជប៉ុន​បាន​បន្ត​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ដែល​បាន​ឆ្លើយតប​ចំ​ទិសដៅ​នៃ​កម្មវិធី​គោលនយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជាពិសេស​បាន​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ចកោណ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក អូន ព័ន្ធមុនីរ័ត្ន វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន ដែល​ជា​ទំនាក់ទំនង​ល្អ​ប្រសើរ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បន្ទាប់​ពី​បាន​ដំឡើង​កម្រិត​ទំនាក់​ទៅជា «ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ» ក្នុង​ឆ្នាំ២០២៣ និង​ការ​ដាក់​ចេញ​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យកាន់​តែ​រឹងមាំ​ថែមទៀត។

JICA បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​រយៈ​ពេលវែង​សម្រាប់​ការ​គាំទ្រ​ដល់​ការ​ពង្រឹង​បន្ថែម​ទៀត​នៃ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា៕