ភ្នំពេញៈ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី​ថ្លែង​ថា ការ​សម្ពោធ​បង្គោល​ផ្លាក​ឈ្មោះ​ផ្លូវ «មហាវិថី ស៊ី ជីនពីង» ដែល​ជា​ឈ្មោះ​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន​ បង្ហាញ​យ៉ាង​រស់រវើក​ពី​មិត្តភាព​ចិន និង​កម្ពុជា​មិន​អាច​បំបែក​បាន ហើយ​លោក​ជំរុញ​ឱ្យ​រួមគ្នា​សរសេរ​ជំពូក​ថ្មី​នៃ​មិត្តភាព​ចិន និង​កម្ពុជា។

ពិធី​សម្ពោធ​បង្គោល​ផ្លាក​ឈ្មោះ​ផ្លូវនេះ​ធ្វើឡើង​នៅ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​១៩ កក្កដា ចំ​ថ្ងៃ​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​កម្ពុជា។

មហាវិថី ស៊ី ជីនពីង ពី​មុន​ជាកំណាត់​​ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ទី៣ មាន​ប្រវែង​ជិត​៥៣​គីឡូម៉ែត្រ​តភ្ជាប់​ពីរាជធានី​ភ្នំពេញ​ទៅ​ខេត្ត​កណ្ដាល​។

លោក​ថ្លែង​ក្នុង​ពិធី​នេះ​ថា៖ «យើង​យក​ថ្ងៃនេះ ដែល​សប្បាយ​រីករាយ មែនទែន រៀបចំ​ពិធី​សម្ពោធ​បង្គោល​ផ្លាក​ឈ្មោះ​ផ្លូវ មហាវិថី ស៊ី ជីនពីង បាន​បង្ហាញ​យ៉ាង​រស់រវើក​ក្នុង​ន័យ​មិត្តភាព​ជា​ប្រពៃណី​ចិន និង​កម្ពុជា​មិន​អាច​បំបែក​បាន ហើយ​ក៏បាន​បង្ហាញ​បញ្ជាក់​ពី​អនាគត​ដ៏​ភ្លឺស្វាង កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ផល​ប្រយោជន៍​ទៅវិញទៅមក​រវាង​ចិន និង​កម្ពុជា»។

លោក​ឯកអគ្គរដ្ឋទូត​ថ្លែង​ថា មហាវិថី​ម៉ៅ សេទុង មហាវិថី ស៊ី ជីនពីង មហាវិថី​ព្រះសីហនុ និង​មហាវិថី​សម្ដេច ហ៊ុន សែន គឺ​ប្រទាក់​ក្រឡា​គ្នា និង​តភ្ជាប់​គ្នា​នៃ​និមិត្តរូប​នៃ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​រឹងមាំ និង​កម្លាំង​ខ្លាំងក្លា ដែល​ប្រជាជន​ចិន និង​កម្ពុជា​ប្រកៀក​ស្មា​គ្នា ដៃ​កាន់​ដៃ រួមគ្នា​បន្ត​ផ្សព្វផ្សាយ​មិត្តភាព​ប្រពៃណី ដែល​ពូន​ជ្រំ​ដោយ​ថ្នាក់​ដឹកនាំ​ជំនាន់​​មុន​នៃ​ប្រទេស​ទាំងពីរ ជំរុញ​ឱ្យ​ទំនាក់​ទំនង​ចិន និង​កម្ពុជា កាន់តែ​ល្អ​ប្រសើរ​ឡើង។

លោក វ៉ាង ថ្លែង​ថា៖ «បើ [យើង] ជិះ​ឡាន​តាម​ផ្លូវ មហាវិថី ស៊ី ជីនពីង ដែល​ធំ​ទូលាយ មើល​ឃើញ​អគារ​ធំៗ លេចធ្លោ​ឡើង ដូចជា​យើង​បាន​ឃើញ​អនាគត​កាន់តែ​ល្អ កាន់តែ​ភ្លឺស្វាង​នៃ​រាជធានី​ភ្នំពេញ។ ខ្ញុំ​ជឿជាក់​ថា នា​ពេល​អនាគត រាជធានី​ភ្នំពេញ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​សំខាន់​មួយ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន ព្រមទាំង​តំបន់​អាស៊ីអាគ្នេយ៍ ពោរពេញ​ដោយ​ភាព​រស់រវើក និង​កម្លាំង»។ 

លោក​បាន​លើក​ឡើង​ពី​ចំណង​មិត្តភាព​ចិន និង​កម្ពុជា​ដែល​មាន​ប្រវត្តិសាស្ត្រ​យ៉ាង​យូរអង្វែង មាន​ឫស​ជ្រាលជ្រៅ និង​មាន​ស្លឹក​លាស់​ល្អ ហើយ​មិត្តភាព​ដែក​ថែប​ចិន និង​កម្ពុជា​បាន​ក្លាយ​ជា​គំរូ​នៃ​ទំនាក់​ទំនង​អន្តរជាតិ។ 

លោក វ៉ាង ថ្លែង​ថា៖ «ជា​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​អាណត្តិ​ថ្មី ខ្ញុំ​រីករាយ​សហការ​ជាមួយ​មិត្តភក្ដិ​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រទេស​ទាំងពីរ អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការ​ឯកភាព​គ្នា​រវាង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ធ្វើ​ឱ្យ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក​លើ​គ្រប់​វិស័យ»។ 

លោកបន្ថែមថា៖ «ចិន និង​កម្ពុជា​ជំរុញ​ទំនាក់ទំនង​មិត្តភាព​ដែកថែប​ចិន និង​កម្ពុជា​ទទួល​បាន​សមិទ្ធផល​កាន់តែ​ច្រើន។ រួមគ្នា​សរសេរ​ជំពូក​ថ្មី​នៃ​មិត្តភាព​ចិន និង​កម្ពុជា»។

កាល​ពី​ចុង​ខែ​ឧសភា ពិធី​សម្ពោធ​ជា​និមិត្តរូប​ប្រសិទ្ធិនាម​កំណាត់​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី៣ «មហាវិថី ស៊ី ជីនពីង» ត្រូវ​បាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក វ៉ាង វិនធាន (Wang Wentian) អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

មហាវិថី​នេះ​ត្រូវ​បាន​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ខែ​សីហា ឆ្នាំ២០២៣ ក្រោម​វត្តមាន​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​ក្នុង​ពិធី​នេះ​ថា ក្រោយ​ពី​ដាក់​ឱ្យ​ប្រើប្រាស់​ជិត​១​ឆ្នាំ​មក​នេះ មហាវិថី ស៊ី ជីនពីង បាន​ជំរុញ​សក្ដានុពល​កំណើន​នៃ​ការ​ដឹកជញ្ជូន​គ្រប់​ប្រភេទ និង​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​រាជធានី​ភ្នំពេញ ដែល​អាច​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ចំណេញ​ពេល​វេលា។​

លោក​ថ្លែង​ថា៖ «មហា​វិថី​នេះ​បាន​និង​កំពុង​ប្រែក្លាយ​តំបន់​ដែល​នៅ​អម​សងខាង​ខ្សែ​ផ្លូវ​ឱ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​ភស្តុភារ​កម្ម តំបន់​ឧស្សាហកម្ម តំបន់​រោងចក្រ ឃ្លាំង​ស្តុក​ទំនិញ និង​ការ​អភិវឌ្ឍ​បុរី និង​លំនៅឋាន។ ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កាន់តែ​កុះករ និង​ប្រកប​របរ​ជំនួញ​កាន់តែ​ច្រើន​ឡើង ហើយនា​ពេល​នេះ និង​អនាគត​ក៏​នឹង​បន្ត​ប្រែក្លាយ​តំបន់​ជាយ​ក្រុង​ឱ្យ​មាន​ការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​ទៀត»។

លោក ប៉េង ពោធិ៍នា ថ្លែង​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ គម្រោង​ស្តារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ស្ពាន ដែល​ប្រើប្រាស់​កម្ចី និង​ជំនួយ​ឥត​សំណង​របស់​ចិន ទាំង​សាងសង់​រួច និង​កំពុង​សាងសង់ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ ផ្លូវ​ថ្នល់​មាន​ប្រវែង​៤​ពាន់​គីឡូម៉ែត្រ និង​ស្ពាន​ធំៗ​ចំនួន​១៦​ស្ពាន​ប្រវែង​ប្រមាណ​១៤ពាន់ម៉ែត្រ៕