បុរស​អាយុ ៦៦ ឆ្នាំ​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​មីនតោន​មួយ​បាន​ផ្ទុះ​នៅ​ភូមិ​ត្រពាំង​រំសែង ឃុំត្រ​ពាំង​ផ្លុង ស្រុក​ពញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ព្រឹក​ថ្ងៃទី១ ខែ​កក្កដា។ ចំណែក​មន្ត្រី​ដោះ​មីន​មួយ​រូប​ក៏​បាន​រង​របួស​ពិការ​ដៃ​ទាំង​ពីរ​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​កាំភ្លើង​ធំ​នៅ​ខេត្ត​នេះ កាល​ពី​ថ្ងៃទី​២៩ ខែ​មិថុនា។

អាជ្ញាធរ​មីន​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ជន​រងគ្រោះ​មាន​ឈ្មោះ ​ឡេង ថាន ភេទ​ប្រុស ​អាយុ ៦៦ឆ្នាំ។ មុន​ពេល​កើត​ហេតុ ជន​រងគ្រោះ​បាន​ប្រើ​ប្រាស់​ចប​ជីក​ដើម្បី​ជីក​ដី​ដាក់​បង្គោល​ធ្វើ​របង​ចម្ការ​របស់​លោក​នៅ​ម្តុំ​អូរតាលី ​ចម្ងាយ​ប្រមាណ​ ១​គីឡូម៉ែត្រ​ពី​ភូមិ ហើយ​ក៏​ប៉ះចំ​មីន​តោន​បណ្តាល​ឱ្យ​ផ្ទុះ​បាត់​បង់​ជីវិត​តែ​ម្ដង។

អាជ្ញាធរ​មីន​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា៖ «អាជ្ញាធរ​មីន ​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ សូម​កុំ​ចូល​ទៅ​តំបន់​ណា​ដែល​មិន​ដឹង​ប្រវត្តិ​ច្បាស់​លាស់​ និង​ត្រូវ​សាក​សួរ​អាជ្ញាធរ​មូលដ្ឋាន​មុន​ចូល​តំបន់​នោះ​ និង​សូម​កុំ​ប៉ះ​ពាល់​នៅ​ពេល​ឃើញ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ​និង​ប្រតិបត្តិករ​បោស​សម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំង​នោះ​ទៅ​កម្ទេច​ចោល»។

ខេត្ត​ត្បូង​ឃ្មុំ​ត្រូវ​បាន​ប្រកាស​ជា​ខេត្ត​គ្មាន​គ្រាប់​មីន តាំង​ពី​ចុង​ឆ្នាំ​២០២២។ រហូត​មក​ទល់​ពេល​នេះ ខេត្ត​ដែល​ត្រូវ​បាន​ប្រកាស​ថា​គ្មាន​មីន​ មាន​ចំនួន ១៥ បូក​រួម​ទាំង​ខេត្ត​ត្បូង​ឃ្មុំ​ផង។

លោក ឡាង កុសល ​អ្នកនាំពាក្យ​អាជ្ញាធរ​មីន បាន​ប្រាប់​ឲ្យ​ដឹង​ថា ទោះ​បី​ជា​ខេត្ត​ត្បូង​ឃ្មុំ​ត្រូវ​បាន​ប្រកាស​ថា​ជា​ខេត្ត​អស់​មីន​ក៏​ដោយ ក៏​អាច​នៅ​មាន​មីន​សេស​សល់ ព្រោះ​ការ​សម្អាត​ធ្វើ​ឡើង​ទៅ​លើ​តំបន់​ដែល​មាន​មីន​ ឬ​ចម្ការ​មីន​ដែល​អាជ្ញាធរ​បាន​ដឹង​និង​បាន​កំណត់​ច្បាស់​លាស់​មុន។ សម្រាប់​ខេត្ត​ត្បូង​ឃ្មុំ​ ស្រុក​មេមត់​គឺ​ជា​ស្រុក​ចុង​ក្រោយ​ដែល​អាជ្ញាធរ​ដឹង​ថា​នៅ​មាន​មីន​មុន​ការ​ប្រកាស​ថា​ខេត្ត​នេះ អស់​មីន។

លោក​ថា សម្រាប់​ស្រុក​ពញា​ក្រែក​ដែល​ជាទីតាំង​កើត​ហេតុ ការ​ផ្ទុះ​កើត​ឡើង​នៅ​ក្នុង​តំបន់​មួយ​ដែល​មិន​ស្ថិត​ក្នុង​ទីតាំង​ដែល​បាន​ដឹង​មុន ឬ​ជា​តំបន់​ដែល​មិន​ទាន់​បាន​ស្រាវជ្រាវ​ឬ​កំណត់​អត្តសញ្ញាណ​មុន។

លោក​បន្ត​ថា៖ «យើង​មិន​អាច​ដឹង​ពី​គ្រាប់​មីន ឬ សំណល់​ជាតិ​ផ្ទុះ​ដែល​នៅ​រាយប៉ាយ​ទូទាំង​ប្រទេស​​ទាំង​អស់​ទេ​ ដោយសារ​តែ​ការ​ស្រាវជ្រាវ​ និង​ការ​កំណត់​អត្តសញ្ញាណ​ចម្ការ​មីន​ពី​មុន​មក​ យើង​ទទួល​បាន​ពី​ប្រជា​ពលរដ្ឋ ហើយ​ព័ត៌មាន​ខ្លះ​ដែល​ទទួល​បាន​អាច​បាត់​បង់ ហើយ​យើង​មិន​បាន​កំណត់​អត្ត​សញ្ញាណ​តំបន់​នោះ»។

លោក​ថា ​លោក​ទេសរដ្ឋមន្ត្រី ​លី ធុជ អនុប្រធានទី១​នៃ​អាជ្ញាធរមីន បាន​ចាត់​ក្រុម​ការងារ​និង​ប្រតិបត្តិករ​ដោះ​មីន​ទៅ​ស្រាវជ្រាវ​កន្លែង​កើត​ហេតុ។

លោក​បន្ត​ថា៖ «ការ​ផ្ទុះ​មីន​តោន​នៅ​តំបន់​ដែល​យើង​មិន​បាន​កំណត់​ ក៏​អាច​មាន​គ្រាប់​មីន​ផ្សេងៗ​ទៀត​នៅ​តំបន់​នោះ។ ដូច្នេះ​ហើយ ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​ទៅ​កំណត់​អត្តសញ្ញាណ​ទីតាំង​នោះ​បន្ត​ទៀត»។

ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត មន្ត្រី​ដោះ​មីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) បាន​រង​របួស​ដាច់​ដៃ​ទាំង​ពីរ ដោយសារ​ការ​ផ្ទុះ​សំបក​គ្រាប់​មិន​ទាន់​ផ្ទុះ​នៃ​គ្រាប់​កាំភ្លើង​ធំ​ ៧៦មម​ ​​មួយ​គ្រាប់​ កាល​ពី​ថ្ងៃសៅរ៍​ទី២៩​ ខែមិថុនា។

លោក ហេង រតនា អគ្គយក​ស៊ីម៉ាក់ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ លឹម​ ទូច​ ដែល​ជា​មន្ត្រី​ជំនាញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​របស់​ស៊ីម៉ាក់។ ហេតុការ​នេះ​កើត​ឡើង​នៅ​ឃ្លាំង​សុវត្ថិភាព​នៃ​ទី​បញ្ជាការដ្ឋាន​អង្គភាព​ស៊ីម៉ាក់​ស្ថិត​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

លោក​ថា គិត​ត្រឹម​ថ្ងៃ​ទី២​ ខែ​កក្កដា​​នេះ​ លោក លឹម​ ទូច​ ត្រូវ​បាន​ក្រុម​គ្រូទេព្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​ វះកាត់​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​និង​​មាន​ភាព​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​ដៃ​ទាំងពីរ​របស់​លោក​បាន​ពិការ។

លោក ហេង រតនា សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ​ថា៖ «អង្គភាព​ស៊ីម៉ាក់​ផ្តល់​ការ​គាំទ្រ​ទាំង​ស្រុង​សម្រាប់​ការព្យាបាល​ ការស្តារ​លទ្ធភាព​កាយ​សម្បទា បំពាក់​ដៃ​សិប្ប​និមិត្ត​ និង​រក្សា​ការងារ​សមស្រប​សម្រាប់​លោក​ លឹម​ ទូច នៅ​ក្នុង​អង្គភាព»។

ក្នុងកិច្ច​ប្រឹង​ប្រែង​បោស​សម្អាត​មីន​នេះ​ដែរ លោក​ទេសរដ្ឋមន្ត្រី ​លី ធុជ ​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ Ueno Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដោយ​លោក​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​ការ​ពង្រឹង​កិច្ចសហ​ប្រតិ​បត្តិការ​ក្នុង​វិស័យ​សកម្មភាព​មីន។

លោក​ លី ធុជ បាន​ថ្លែង​អំណរ​គុណ​ដល​រាជរដ្ឋាភិបាល ​និង​ប្រជាជន​ជប៉ុន ​ដែល​បាន​ចូល​រួម​គាំទ្រ​យ៉ាង​សកម្ម និង​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​ដល់​វិស័យ​សកម្មភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា ​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ ​មក​ហើយ ដោយ​​កម្ពុជា​បាន​ចាត់​ទុក​ជប៉ុន គឺ​ជា​ដៃ​គូ​ដ៏​លេច​ធ្លោ និង​យូរ​អង្វែង​មួយ។

អាជ្ញាធរ​មីន បាន​បញ្ជាក់​ថា៖ «ការ​ចូល​រួម​របស់​ជប៉ុន​ ពិត​ជា​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ផ្តល់​ដី​សុវត្ថិភាព ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយសារ​មីន​ និង​លើក​កម្ពស់​វិស័យ​កសិកម្ម​ ជាដើម»។
 
លោក លី ធុជ ក៏​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​កម្ពុជា​ សម្រាប់​ប្រទេស​ជប៉ុន​ក្នុង​ការ​ធ្វើ​ជា​​ប្រធាន​​នៃ​កិច្ច​ប្រជុំ​រដ្ឋភាគី​អនុសញ្ញាអូតាវ៉ា​លើក​ទី​២២ នៅ​ឆ្នាំ​២០២៥ ​ខាង​មុខ៕