ភ្នំពេញៈ អាជ្ញាធរ​ទន្លេសាប​គ្រោង​នឹង​បញ្ចប់​ការ​បោះ​បង្គោល​ព្រំ​តំបន់​៣​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ទាំង​៦​ ជុំវិញ​បឹង​ទន្លេសាប​នៅ​ចុង​ខែ​កញ្ញា​ខាង​មុខ​នេះ ខណៈពេល​ដែល​បច្ចុប្បន្ន​ការងារ​បោះ​បង្គោល​នេះ​សម្រេច​បាន​ចំនួន ៤០​ភាគរយ នៃ​ចំនួន​បង្គោល​សរុប​ចំនួន១ ២២៤​បង្គោល។ នេះ​បើ​យោង​តាម​អនុប្រធាន​ក្តាប់​រួម​នៃ​អាជ្ញាធរ​ទន្លេសាប លោក ហ៊ែល តូនី។ 

ការ​បោះ​បង្គោល​ព្រំ​នេះ​ធ្វើឡើង​ទៅ​តាម​អនុសាសន៍​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើ​ការ​រៀប​ចំ​ធ្វើ​បច្ចុប្បន្ន​ភាព​ផែនទី និង បោះ​បង្គោល​តំបន់១ តំបន់២ និង​តំបន់​៣ នៃ​តំបន់​ទន្លេសាប ឱ្យ​បាន​ត្រឹម​ត្រូវ និង​សុក្រឹតភាព​ឡើង​វិញ ក្នុង​ការ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ថែ​រក្សា ការពារ និង​គ្រប់គ្រង​តំបន់​ទន្លេសាប​ប្រកប​ដោយ​ចីរភាព និង​និរន្តរភាព​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ។

លោក ហ៊ែល តូនី បាន​បញ្ជាក់​ថា៖ «ការ​បោះ​បង្គោល​មក​ដល់​ពេល​នេះ​បាន ៤០​ភាគរយ​ហើយ។ តាម​ផែនការ​របស់​យើង​គឺ​ចុង​ខែ​ ៩ ឱ្យ​ចប់​ ១០០​ភាគរយ​តែម្តង។ ចំពោះ​ទំហំ​តំបន់ ៣​ យើង​មិន​ទាន់​កំណត់​ប៉ុន្មាន​ឱ្យ​បាន​ច្បាស់​លាស់​ទេ ព្រោះ​នៅ​មាន​ការ​ប្រែប្រួល។ ពេល​ដែល​បោះ​បង្គោល​ហើយ​បាន​ដឹង​ថា ច្បាស់​យ៉ាង​ម៉េច។ តួលេខ​ពិត​ប្រាកដ​មិនទាន់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ព្រោះ​អ្វីៗ​មិន​ទាន់​ចប់»។ 

លោក​បាន​បន្ថែម​ថា ចំពោះ​ផែនទី​ព្រាង​ក៏​ត្រូវ​បាន​គូស​រួចរាល់​ហើយ​ដែរ។

ក្នុង​ពិធី​​ប្រារព្ធ​ទិវា​មច្ឆជាតិ​លើក​ទី១៩ នៅ​ខេត្ត​កំពង់ចាម នា​ថ្ងៃ​ទី១ កក្កដា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ណែ​នាំ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ត្រូវ​ដឹកនាំ​និង​ជំរុញ​ការ​គាំទ្រ​ការ​ចុះ​បញ្ជី​ដីរដ្ឋ ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ទប់ស្កាត់ និង​បង្រ្កាប​ចលនា​ទន្រ្ទាន​កាន់​កាប់​ដី​រដ្ឋ ជាពិសេស តំបន់​ជុំវិញ​បឹង​ទន្លសាប​ដែល​ជា​ជម្រក​ត្រីពងកូន ជម្រកត្រី និង​ជា​ប្រភព​ចំណី​ត្រី។ 

ប្រមុខ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ កន្លង​ទៅ​មាន​កាប់​ទន្រ្ទាន​មួយ​ចំនួន​នៅ​តំបន់​ទន្លេសាប​នោះ ប៉ុន្តែ​ក៏​ត្រូវ​បាន ចាត់​វិធានការ​ជា​បន្តបន្ទាប់​ផងដែរ។ 

លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ទប់​ស្កាត់​ការ​កាប់​ទន្រ្ទាន​ព្រៃ​នៅ​ទីនោះ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង ប្រព័ន្ធ​ត្រី​ទឹកសាប។ 

លោក​មាន​ប្រសាសន៍​ថា៖ «ការ​ឈូសឆាយ​ទ្រង់ទ្រាយ​ធំ ការ​ប្រើប្រាស់​ជី​គីមី​ហួស​ហេតុ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អស់​ព្រៃ​ឈើ​លិច​ទឹក​ទេ តែ​ពេល​ទឹក​ឡើង​ជា​ប្រភព​នៃ​ការ​ធ្វើឱ្យ​ត្រីពុល​ស្លាប់​ត​ពូជ។ ចឹង​ត្រូវ​ហ៊ាន​អាកាត់ ដើម្បី​ធ្វើការ​ទប់​ស្កាត់​ផល​ប្រយោជន៍​របស់​មនុស្ស​មួយ​ចំនួន​តូច ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ​របស់​យើង»។ 

រដ្ឋាភិបាល​បាន​ប្តេជ្ញា​ចិត្ត​ការពារ​តំបន់​ទន្លេសាប ហើយ​នា​ពេល​ខាង​មុខ​នេះ ក៏​នឹង​មាន​ដាក់​ចេញ​វិធានការ​ផ្សេងៗ​ជាច្រើន​ទៀត​ផងដែរ។ 

លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ដូច្នេះ​ថា៖«កុំ​ស្រមើ​ស្រម៉ៃថា​​​ រដ្ឋាភិបាល​ធ្វើ​តែ​ពេលនេះ​ហើយ​ដក​ថយ ទុក​លំហ​ឱ្យ​ធ្វើ​សកម្មភាព​ផ្តេសផ្តាស។ អត់ទេ។ យើង​នៅតែ​បន្ត​ធ្វើ បន្ត​ថែរក្សា ដរាប​ណា​បឹង​ទន្លេសាប​នៅតែ​ជា​ជម្រក​ត្រីពង នៅ​តែ​ជា​តំបន់​ដែល​ត្រូវ​ការពារ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ទូទាំង​ប្រទេស។​ រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ដាច់​ខាត​ដើម្បី​ការ​ពារ​តំបន់នេះ»។

ក្រៅពីនោះ លោក​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន​បន្ត​ចូលរួម​ដាំ​ដើមឈើ​ឡើង​វិញ​ជា​ប្រចាំ​នៅ​តំបន់​ទន្លេសាប​ផងដែរ។ 

តំបន់​បឹង​ទន្លេសាប ត្រូវ​បាន​បែងចែក​ជា ៣ តំបន់។ ក្នុង​នោះ​រួម​មាន​តំបន់១ ជាតំបន់​លំនៅដ្ឋាន ឬ​ភូមិ​ករ និង​ជា​តំបន់​បង្ក​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ ដែល​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់ (ប័ណ្ណ​កម្មសិទ្ធិ)។ តំបន់២ ជា​តំបន់​ប្រើប្រាស់​អាស្រ័យ​ផល ស្រូវ​ឡើង​ទឹក​និង​ប្រដេញ​ទឹក និង​ក៏​ជា​តំបន់​ទ្រនាប់​ការពារ និង​តំបន់៣ តំបន់​ព្រៃលិចទឹក ហាម​ប៉ះពាល់​ដាច់​ខាត និង​ត្រូវ​ការពារ​ឱ្យ​ខាន​តែ​បាន៕