ភ្នំពេញៈ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ទទួល​បាន​ថវិកា​បរិច្ចាគ​ចំនួន​ជាង ៣,៣ លាន​ដុល្លារ​អាមេរិក ពី​សប្បុរសជន​ក្នុង​យុទ្ធនាការ «១ម៉ឺន​រៀល ១ម៉ឺន​នាក់» ក្នុង​រយៈពេល​៣០ថ្ងៃក្នុងខែមិថុនា ដើម្បី​ជួយ​ដល់​ជីវិត​ទារក និង​កុមារ​កម្ពុជា​តាម​រយៈ​ការ​ទទួល​បាន​​សេវា​សុខាភិបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដោយ​ឥត​គិត​ថ្លៃ។

លោកស្រី ពេជ ចន្ទមុន្នី ប្រធាន​កិត្តិយស​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​នា​ថ្ងៃទី​១ កក្កដា ថា យុទ្ធនាការ​នេះ​ទទួល​បាន «​លទ្ធផល​គួរ​ជាទី​មោទកៈ ទាំង​ទិដ្ឋភាព​ថវិកា និង​ចំនួន​សប្បុរសជន ពោល​គឺ​មាន​ការ​ចូលរួម​បរិច្ចាគ​គាំទ្រ​យុទ្ធនាការ​ដ៏​មាន​សារៈសំខាន់​នេះ ចំនួន​ជាង​២៤ ម៉ឺន​នាក់ ជាមួយ​នឹង​ការ​បរិច្ចាគ​សរុប​សមមូល​ជា​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​ជាង​៣,៣​លាន​ដុល្លារ»។

លោកស្រី​បញ្ជាក់​ថា បើ​ធៀប​នឹង​យុទ្ធនាការ​នេះ​ចំនួន​២លើក​កន្លង​មក​គឺ​ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ២០២៣ យុទ្ធនាការ​ឆ្នាំ​២០២៤ នេះ ទទួល​បាន​ការ​ចូលរួម​កាន់​តែ​ផុលផុស​ពី​សប្បុរសជន​នៅ​តាម​បណ្ដា​ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ក្រុមហ៊ុន សហគ្រាស​ទាំង​តូច​ទាំង​ធំ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​នានា។ 

លោកស្រី ពេជ ចន្ទមុន្នី លើក​ឡើង​ថា៖ «នេះ​ឆ្លុះ​បញ្ចាំង​ពី​ចលនា​ជាតិ​ដ៏​សំខាន់​មួយ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ដើម្បី​រួមគ្នា​នាំ​ក្តី​សង្ឃឹម និង​ភាព​ញញឹម​ដល់​ទារក និង​កុមារ​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា»។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​រៀបចំ​យុទ្ធនាការ​នេះ​ឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា និង​រំឭក និង​បំផុស​ចលនា​កៀរគរ​ការ​បរិច្ចាគ​ក្នុង​ស្មារតី «ខ្មែរ​ជួយ​ខ្មែរ» ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​រួមគ្នា​ជាមួយ​មូលនិធិ​នេះ​ក្នុង​ការ​ផ្ដល់​ក្តី​សង្ឃឹម និង​ភាព​ញញឹម​ដល់​ទារក និង​កុមារ​នៅ​កម្ពុជា។

លោកស្រី ពេជ ចន្ទមុន្នី លើក​ឡើង​ថា ទោះ​បី​ជា​យុទ្ធនាការ​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​ក៏​ដោយ មូលនិធិ​នេះ​នៅតែ​បន្ត​បេសកកម្ម​កៀរគរ​ការ​បរិច្ចាគ​ជា​ប្រចាំ ពីព្រោះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​ការ​ថវិកា​ចំណាយ​ចំនួន​ប្រមាណ ១២ម៉ឺន​ដុល្លារ​ក្នុង​១ថ្ងៃៗ ឬ​ស្មើ​នឹង​ប្រមាណ ៤៣​លាន​ដុល្លារ ក្នុង​១ឆ្នាំៗ ដើម្បី​រក្សា​និរន្តរភាព​នៃ​កិច្ច​ដំណើរការ​ក្នុង​បេសកកម្ម​ផ្ដល់​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ទារក និង​កុមារ ព្រមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​រាប់​លាន​ករណី​ក្នុង​១ឆ្នាំៗ ប្រកប​ដោយ​គុណភាព ឥត​គិត​ថ្លៃ និង​មិន​មាន​ការ​រើសអើង។ 

លោក​ស្រី​សរសេរ​ថា៖ «ក្នុង​ន័យ​នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ពុក ម៉ែ បង​ប្អូន និង​ជន​រួម​ជាតិ​ទាំងអស់ បន្ត​នូវ​ទឹកចិត្ត​សប្បុរស និង​វប្បធម៌​ចែក​រំលែក​ដ៏​ថ្លៃថ្លា​នេះ ដើម្បី​ក្ដី​សង្ឃឹម និង​ភាព​ញញឹម​របស់​ទារក និង​កុមារ​នៅ​កម្ពុជា»។

របាយការណ៍​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២៣ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​ពិនិត្យ និង​ព្យាបាល​កុមារ​ប្រមាណ​ជិត​៩​សែន​នាក់។

របាយការណ៍​​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈ​ពេល​ប្រមាណ​៣១ឆ្នាំកន្លង​មក​នេះ ​ចាប់​តាំង​ពី​ដំណើរ​ការ​ឡើង​វិញ​ក្នុង​ឆ្នាំ ១៩៩២ រហូត​ដល់​ដំណាច់​ឆ្នាំ​២០២៣ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ដល់​ទារក និង​កុមារ ព្រមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ប្រមាណ ២៨ លាន​ករណី ខណៈ​កុមារ​សម្រាក​ព្យាបាល​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​មាន​ប្រមាណ ២,៦ លាន​នាក់ និង​បាន​ទទួល​ការ​វះកាត់​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​ចំនួន​ប្រមាណ ៨​ពាន់​ករណី៕