ព្រៃវែងៈ ស្រូវ​រាប់​ពាន់​ហិកតា​ក្នុង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​ ព្រៃវែង ប្រឈម​នឹង​ការ​ខូចខាត ខណៈ​ពេល​ដែល​សត្វ​រុយ​ស កំពុង​តែ​ស៊ី​បំផ្លាញ​ ក្រោយ​ពេល​មាន​ការ​ផ្ទុះ​រាលដាល​នៃ​សត្វ​រុយ​ស​នេះ​នា​ពេល​ថ្មីៗ​នេះ។ 

ការ​បំផ្លាញ​ស្រូវ​ដោយ​សត្វ​រុយ​ស នេះ​បាន​កើត​ឡើង​ប្រមាណ​ជា ២ សប្តាហ៍​មកហើយ ប៉ុន្តែ​ដំបូង​ឡើយ​ប្រជាកសិករ​មិន​សូវ​ចាប់​អារម្មណ៍​រហូត​ដល់​សត្វ​ល្អិត​ចង្រៃ​នេះ​វាយ​លុក​កាន់​តែច្រើន​នៅ​ក្នុង​សប្តាហ៍​នេះ​។ នេះ​បើ​យោង​តាម​មន្រ្តី​កសិកម្ម​ឃុំ ក្នុង​ស្រុក ស្រុក​ព្រះស្តេច លោកញ៉ ឃុយ។ 

លោក​បញ្ជាក់​ថា៖ «មិនទាន់​មាន​ការ​ថមថយ​ទេ​មក​ដល់​ពេល​នេះ ដោយសារ​តែ​សត្វ​ហ្នឹង​ពិបាក​កម្ចាត់​វា។ ក្នុង​មួយ​ឃុំ​សត្វ​នេះ​កំពុង​តែ​វាយ​លុក​ចន្លោះ​ពី ៥០០ ទៅ ៦០០​ហិកតា។ បើ​សរុប​មួយ​ស្រុក​តែ​ម្តង​ប្រហែល​ជា​ ៦​ពាន់​ហិកតា»។ 

លោក​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា ស្រូវ​ដែល​កំពុង​តែ​ត្រូវ​បាន​វាយ​លុក​ខ្លាំង​នោះ ៥០​ភាគរយ​អាច​បណ្តាល​ឱ្យ​ខូច។ លោក​បាន​ពន្យល់​ថា ប្រភេទ​រុយ​ស​នេះ វា​ជញ្ជក់​យក​សារធាតុ​ចិញ្ចឹម​ពី​ដើមស្រូវ ដែល​ធ្វើ​ឱ្យ​ស្រូវ​បាត់បង់​សារធាតុ​ចិញ្ចឹម និង​ធ្វើ​រស្មីសំយោគ​មិនបាន ហើយ​ស្រូវ​ឡើង​ពណ៌ក្រហម រាង​ស្រទាប​ចេក និង​លឿង និង​ចាប់​ផ្តើម​ក្រិន។ បើ​ស្រូវ​កំពុង​តែ​ផើម វាគាប​មិន​ឱ្យ​ស្រូវ​ចេញ​រួច ឬ​ស្រូវ​ចេញ​មក​ក្តៀន។ សត្វ​រុយ​ប្រភេទ​នេះ​វា​បំផ្លាញ​ខ្លាំង​នៅ​អំឡុង​ពេល​​ស្រូវ​ស្រណាប និង​ស្រូវ​កំពុង​តែ​ធ្វើខ្លួន​មុន​នឹង​ផើម។ ប៉ុន្តែ​ពេល​ស្រូវ​ចេញ​រួច​ផុត​ហើយ វា​លេង​បំផ្លាញ​ទៀត​ហើយ។

លោក​បាន​ឱ្យ​ដឹង​ថា វិធី​ការពារ​ចម្បង​បឋម​នា​ពេល​បច្ចុប្ប​នេះ គឺ​មាន​តែ​បាញ់​ថ្នាំ​ប៉ុណ្ណោះ ហើយ​បើ​ស្រូវ​ក្រាស​បាញ់​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ទេ ដោយសារ​តែ​ថ្នាំ​មិន​សូវ​ត្រូវ​សត្វ​រុយ។ កសិករ​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​ថ្នាំ​ឆ្លាស់​គ្នា​ពី​​២​ ទៅ​ ៣ ​មុខ​បញ្ជូល​គ្នា ហើយ​ស្រែ​ដែល​នៅ​ជាប់​គ្នា ត្រូវ​សហការ​គ្នា​បាញ់​ក្នុង​ពេល​តែ​មួយ ទើប​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ព្រោះ​វា​ហើរ​ទៅ​ណា​មិន​រួច។ 

លោក​និយាយ​ដូច្នេះថា​៖«ពេល​បាញ់​ទៅ វា​រាង​ថយ​បរិមាណ​វា​ដែរ តែ​មិន​អាច​កម្ចាត់​វា​អស់​ទេ។ បាញ់​ហើយ​ងាប់​បាន​ប្រហែល​ជា ២០ ទៅ ៣០ ភាគរយ​ទេ។ លុះត្រា​តែ​កសិករ​បាញ់​ច្រើន​ដង គឺ​បាញ់ ៤ ទៅ ៥ ​ថ្ងៃ​ម្តង​ទើប​ទប់​ជាប់ រហូត​ស្រូវ​ចេញ ទើប​លែង​អី»។ ក្រៅ​ពី​នោះ កសិករ​ក៏​ត្រូវ​ប្រើ​ជី​បំប៉ន​បន្ថែម ដើម្បី​ឱ្យ​ស្រូវ​មាន​កំលាំង​ឡើងវិញ ដែល​ត្រូវ​ចំ​ណាយ​ថវិកា​ច្រើន។ ប៉ុន្តែ​អាច​បាន​ផល​ស្រូវ​មក​វិញ​ខ្លះ។ ក្នុង​ករណី​មិន​បាញ់​ថ្នាំ​សោះ នោះ​វា​នឹង​បាត់បង់​ផល​ទាំង​ស្រុង​តែ​ម្តង។ 

លោកថា៖​«វា​ជា​ការ​ព្រួយ​បារម្ភ​មួយ​ដែរ ព្រោះ​ទំហំ​នៃ​ការ​បំផ្លាញ​វា​ធំដែរ ហើយ​យើង​មិន​ទាន់​មាន​វិធី​ណា​កម្ចាត់​វា​ឱ្យ​បាត់​ទាំង​ស្រុង​តែ​ម្តង។ បាន​ត្រឹម​តែ​មួយ​ទប់ៗ​វា​ទេ។ កសិករ​ទើប​តែ​ជួប​បញ្ហា​នេះ​នៅ​ឆ្នាំនេះ​ទេ បើ​ធ្លាប់​មាន​សត្វ​រុយ​នេះ​កន្លង​មក អាច​ទប់ទល់​បាន តែ​នេះ​ថ្មី​សម្រាប់​គាត់»។ 

លោកបាន​ឱ្យ​ដឹង​ថា​ បញ្ហា​សត្វរុយ​ស​បំផ្លាញ​ស្រូវ​នេះ ដំបូង​ឡើយ​​កើត​មាន​នៅ​ប្រទេស​វៀតណាម ហើយ​ក្រោយ​មក​ក៏​ឃើញ​មាន​វត្តមាន​សត្វ​ប្រភេទ​នេះ​នៅ​កម្ពុជា​ផងដែរ ពិសេស​គឺ​ខេត្ត​ជាប់​ព្រំ​ដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម។ ​ស្រុក​មួយ​ចំនួន​ផ្សេង​ទៀត​ក្នុង​ខេត្ត​ព្រៃវែង​នេះ​ក៏​កើត​មាន​បញ្ហា​សត្វ​រុយ​ស​បំ​ផ្លាញ​នេះ​ដែរ។ 

លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រៃវែង​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ។

មន្រ្តីជំនាញ​កសិកម្ម​បាន​នឹង​កំពុង​តែ​ចុះ​ពិនិត្យ​ស្ថានភាព នៃ​ការ​ផ្ទុះ​រាលដាល​រុយ​ស ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ និង​បាន​នាំ​យក​ថ្នាំ​មួយ​ចំនួន ដើម្បី​ជួយ​អន្តរាគមន៍​បាញ់​សម្លាប់​រុយ​ស​នេះ​ផងដែរ។ 

ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំ​ដោយ លោក គង់ គា ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រៃវែង បាន​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព នៃ​ការ​ផ្ទុះរាល​ដាល​រុយ​ស ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​នេះ នៅ​ឃុំល្វា ស្រុក​ព្រះស្តេច នៅ​ថ្ងៃទី​១ ខែ​កក្កដា​នេះ។

ក្រសួង​កសិកម្ម​បាន​ឱ្យ​ដឹង​ថា៖«តាម​រយៈការ​ចុះ​ពិនិត្យ​ស្រែ​ឃើញ​ថា ការ​បំផ្លាញ​មាន​សភាព​ធ្ងន់ធ្ងរ និង​រាលដាល​កាន់​តែ​ខ្លាំង​នៅ​តាម​ឃុំ​ផ្សេងៗ​ទៀត»។ 

ខណៈពេល​ជួប​ជាមួយ​កសិករ​នៅ​ឃុំ​ល្វា​នោះ លោក​ប្រធាន​នាយកដ្ឋាន​បាន​ប្រាប់​កសិករ​អំពី​ប្រវត្តិ​នៃ​ការ​បំផ្លាញ លក្ខខណ្ឌ​នៃ​ការ​កកើត និង​ការ​បំផ្លាញ​របស់​រុយស។ លើសពី​នោះ​ក៏​បាន​ណែនាំ​អំពី​វិធីសាស្ត្រ​ផ្សេងៗ​ក្នុង​ការ​ការពារ និង​កម្ចាត់ រួម​ទាំ​បច្ចេកទេស​នៃ​ការ​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ឱ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ផងដែរ។ កសិករ​ត្រូវ​បាន​ណែ​នាំ​ឱ្យ​កសិករ​បាញ់​កម្ចាត់​សត្វ​រុយ​ស​នៅ​ពេល​ព្រឹក និង​ពេលល្ងាច​ជាដើម។

លោក គង់ គា ក៏​បាន​ណែនាំ​ឱ្យ​មន្ទីរ​កសិកម្ម​ខេត្ត ជាពិសេស មន្ត្រី​កសិកម្ម​ឃុំ និង អាជ្ញាធរ​មូលដ្ឋាន​ចុះ​វាយ​តម្លៃ​ផល​ប៉ះពាល់ និង​ធ្វើ​របាយការណ៍​បូកសរុប​ជូន​អគ្គនាយកដ្ឋាន​កសិកម្ម និង ក្រសួង​កសិកម្ម ដើម្បី​ចាត់​វិធានការ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល​វេលា។ ក្រុម​ការងារ​នឹង​បន្ត​ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រៃវែង ដើម្បី​ចូលរួម​វាយ​តម្លៃ និង​ចុះ​អន្តរាគមន៍​ជាមួយ​គ្នា។ នេះបើ​យោង​តាម​ក្រសួង​កសិកម្ម៕