ភ្នំពេញៈ ការ​ធ្វើ​តេស្ត​រហ័ស​រក​សារធាតុញៀន​បាន​អនុវត្ត​លើ​មន្រ្តី​រាជការ​ស៊ីវិល និង​កម្លាំង​ប្រដាប់​អាវុធ​ចំនួន​៩៩ ៣០០​នាក់​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ ៨៩​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ ខណៈ​ពេល​ដែល​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ចន្លោះ​ពី ៣ ទៅ ៤ ម៉ឺន​នាក់។

ក្នុង​​វេទិកា​ពិភាក្សា​ក្រោម​ប្រធានបទ «គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន» នៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​នា​ថ្ងៃទី​២២ ខែ​កក្កដា​នេះ លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិ​ការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ថ្លែង​ថា រហូត​មក​ដល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ការ​ធ្វើ​តេស្ត​រហ័ស​រក​សារធាតុ​ញៀន​តាម​រយៈទឹក​មូត្រ​អនុវត្ត​លើ​មន្រ្តី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​មាន​ចំនួន ៩៩ ៣០០​នៅ​ទូទាំង​ប្រទេស។

លោក​នាយ​ឧត្តម​សេនីយ៍​បញ្ជាក់​ថា៖ «ក្នុង​ចំណោម​នោះ យើង​រក​ឃើញ​អ្នក​ប្រើប្រាស់​សារធាតុ​ញៀន​ដែល​ហាម​ឃាត់​ចំនួន ៩៧​នាក់។ ក្នុង​ចំណោម ៩៧​នាក់​នេះ គឺ​មាន ៨៩​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ​រួច​ហើយ នៅ​សល់ ៧​នាក់​កំពុង​តែ​បន្ត​នីតិវិធី ហើយ​ម្នាក់​ផ្សេង​ទៀត​កំពុង​តែ​ធ្វើ​ការ​តាមដាន»។ 

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ទាំង​នោះ​មាន ១៤​ក្រសួង​ស្ថាប័ន ហើយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចំនួន​១៦ លើក ២៥​រាជធានី​ខេត្ត។ ការ​ធ្វើ​តេស្ត​នេះ​គឺ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជូន​ដំណឹង​ជា​មុន​ជា​សាធារណៈ​នោះ​ទេ។ មន្រ្តី​ណា​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន នឹង​ត្រូវ​តេស្ត​ឃើញ​សារធាតុញៀន ក្នុង​ខ្លួន​ចាប់​ពី​១ថ្ងៃ ទៅ​ ៥ថ្ងៃ។ នេះ​បើ​យោង​តាម​លោក​ស្រី ឈឹម សិទ្ធិ​បុណ្យរិទ្ធ អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ដែល​លើក​ឡើង​ក្នុង​វេទិកា​នោះ។

លោក​ស្រី​ថ្លែង​ថា៖ «យើង​សម្រុក​ធ្វើ​តែ ២ ទៅ ៣ ថ្ងៃ​ចប់​ហើយ ក្នុង​មួយ​ស្ថាប័ន ដែល​មាន​មន្រ្តី​រាប់​ពាន់​នាក់។ អញ្ជឹង​ក្នុង​អំឡុង​ពី ១ ទៅ ៥ថ្ងៃ ចំពោះ​អ្នក​ប្រើ ១​ដង​គត់ ប្រើ​ដោយ​ចៃដន្យ ឬ​ចាប់ផ្តើម​សាកល្បង​ប្រើ តេស្ត​ទៅ​យើង​អាច​រក​ឃើញ​ហើយ»។ 

ការ​ធ្វើ​តេស្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​តាម​បទ​បញ្ជា​លេខ ០១ របស់​រដ្ឋាភិបាល​ចុះថ្ងៃ​ទី២០ ​ខែ​កុម្ភៈ ឆ្នាំ ២០២៤ ស្តីពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ នៅ​តាម​ក្រសួង ស្ថាប័ន និង រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ, មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ យោធិន ព្រម​ទាំង​មន្ត្រី​ជាប់​កិច្ច​សន្យា។

លោក មាស វិរិទ្ធ ក៏​បាន​អះអាង​ដែរ​ថា បញ្ហា​ចរាចរណ៍​គ្រឿង​ញៀន​ខុស​ច្បាប់​ឆ្លងដែន និង​ការ​បោស​សម្អាត​បញ្ហា​គ្រឿង​ញៀន​ក្នុង​ស្ថាប័ន​រដ្ឋ គឺ​រាជរដ្ឋាភិបាល​កំពុង​តែ​ដាក់​វិធានការណ៍​តឹង​រឹង​បំផុត​ចំពោះ​មន្ត្រី​ណា​ដែល​ពាក់​ព័ន្ធ​គ្រឿង​ញៀន។ ករណី​ជួញដូរ​គ្រឿង​ញៀន ដែល​ប្រព្រឹត្ត​ដោយ​មន្រ្តី​រាជការ​សាធារណៈ​គឺ​ត្រូវ​បាន​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺង​មាត់ ត្រឹមត្រូវ​ហើយ​មាន​ស្ថានទម្ងន់​ទោស​ទៀត​ផង ពិសេស​គឺ​ទៅ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ។

លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន គឺ​ត្រូវ​អនុវត្ត​ច្បាប់​ម៉ឺងមាត់ ត្រឹម​ត្រូវ​ហើយ​មាន​ស្ថាន​ទម្ងន់​ទោស។ ក៏​ធ្លាប់​មាន​ដល់​ទៅ​ថ្នាក់​ឧត្តមសេនីយ៍​ដែរ ដែល​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ត្រឹមត្រូវ​តាម​ច្បាប់ ដោយ​គ្មាន​ការ​លើក​លែង​នោះ​ទេ។ តែ​ខ្ញុំ​មិន​មាន​តួ​លេខ​ក្នុង​ដៃ​ទេ»។

មន្ទីរប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិខ្មែរ ចិន និងវៀតណាមសរុប៩នាក់ រឹបអូសថ្នាំញៀនជាង ៦០គីឡូក្រាម នៅក្រុងព្រះសីហនុ កាល​ពី​ខែ​មុន។ មន្ទីរប្រឆាំង​គ្រឿងញៀន

លោក​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បនេះ​មាន​មិន​លើស​ពី​ ៣ ទៅ​ ៤​ម៉ឺន​នាក់​នោះ​ទេ។ ក្នុង​នោះ ភាគ​ច្រើន​ប្រមាណ​ជា ៨០​ភាគរយ​ មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៣៥ឆ្នាំ ដែល​​ជា​ក្រុម​យុវជន។ លើស​ពី​នោះ​ ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ ក៏​មាន​ស្រ្តី​ក្រោម ១០​ភាគរយ​ផងដែរ។ 

លោក​បញ្ជាក់​ថា៖ «ការ​ស្ទង់មតិ និង​ការ​ប្រមូល​ទិន្នន័យ​នៃ​អ្នក​ប្រើប្រាស់​គ្រឿងញៀន គឺ​យើង​គ្រប់គ្រង​បាន​មាន​ទិន្នន័យ​ច្បាស់​លាស់​ក្នុង​រង្វង់​តែ ២​ម៉ឺន​នាក់​នោះ​ទេ។ តែ​ខ្ញុំ​គិត​ថា អ្នក​ប្រើប្រាស់​គ្រឿងញៀន ដែល​លាក់​ខ្លួន​មិន​បាន​ចូលរួម​ក្នុង​ការ​ផ្តល់​ព័ត៌មាន​អាចមាន​ចំនួន​គុណ​នឹង២ គុណ​នឹង​៣។ ប្រទេស​ខ្លះ​គុណ​នឹង ៥ អាស្រ័យ​​លើ​ការ​កំណត់​មុខ​សញ្ញា​ដែល​ជា​គោលដៅ»។ 

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កំពុង​តែ​រៀបចំ​ប្រព័ន្ធ​មួយ ដើម្បី​គ្រប់គ្រង​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ឱ្យ​កាន់​តែ​ច្បាស់​លាស់​បន្ថែម​ទៀត។ 

ដើម្បី​ទប់ស្កាត់​ក្រុម​យុវជន​កុំឱ្យ​ធ្លាក់​ខ្លួន​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀនេះ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀន និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​តែ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់ ពី​គ្រោះថ្នាក់​គ្រឿងញៀន ​និង​ពី​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ផងដែរ។ ក្នុង​រយៈពេល​ឆមាស​ទី១ នៃ​ឆ្នាំ ២០២៤​នេះ ពរលដ្ឋ​ប្រមាណ​ជា ១៦​លាន​នាក់ ដែល​ស្មើ​នឹង​ចំនួន​ពលរដ្ឋ​កម្ពុជា​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿង​ញៀន​នេះ។

លោកស្រី ជ័យ បុប្ផា អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ការ​ព្យាបាល​បន្សាប​គ្រឿង​ញៀន​ត្រូវ​បាន​ធ្វើឡើង​នៅ​តាម​សហគមន៍​ដែល​មាន​មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក​ខេត្ត ក៏​ដូចជា​មន្ទីរពេទ្យ​ជាតិ។

លើស​ពី​នោះ មាន​ការ​ព្យាបាល​នៅ​តាម​មជ្ឈមណ្ឌល​ចំនួន ១៥ ក្នុង​នោះ​មាន​មណ្ឌល​គ្រប់គ្រង​ដោយ​រដ្ឋ​មាន​ចំនួន​៦ មណ្ឌល​ឯកជន​ចំនួន​៧ និង​មណ្ឌល​របស់​អង្គការក្រៅ​រដ្ឋាភិបាល​ចំនួន ២ ដែល​មាន​អ្នក​ញៀន​ថ្នាំ​ញៀន​ប្រមាណ​ជា ២​ម៉ឺន​នាក់។ ក្រៅ​ពី​នោះ ក៏​នៅ​មាន​មណ្ឌល​ចំនួន ២​ទៀត​ផងដែរ ដែល​នឹង​ចាប់​ផ្តើម​ទទួល​អ្នក​ញៀន​គ្រឿងញៀន​នា​ពេល​អនាគត​ផងដែរ។

ក្នុង​រយៈពេល ២០៣​ថ្ងៃ​នៃ​ឆ្នាំ ២០២៤​នេះ គ្រឿងញៀន​ចំនួន ៥ ៦៥៦​ករណី​ត្រូវ​បាន​បង្រ្កាប​ហើយ​មនុស្ស​ចំនួន​១៣ ៩៥៥​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន សារធាតុញៀន​ចំនួន ៥តោន និង ២៥៨​គីឡូក្រាម​ត្រូវ​បាន​រឹបអូស។ នេះ​បើ​យោង​តាម​លោក មាស វិរិទ្ធ៕