ភ្នំពេញៈ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែ​កក្កដា។

តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការបរទេស​ឡាវ លោក សាលើមសៃ គុំម៉ាស៊ីដ (Saleumxay Kommasith) លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​ចូលរួម​កិច្ចប្រជុំ​ទាំងនេះ។

កិច្ចប្រជុំ​នឹង​ធ្វើ​ឡើង​ក្រោម​មូលបទ «អាស៊ាន៖ ការ​ពង្រឹង​ការ​តភ្ជាប់ និង​ភាព​ធន់»។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​២២ កក្កដា ថា៖«​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន លើកទី៥៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ផ្ដល់​ឱកាស​ដើម្បី ពិភាក្សា​ការងារ​កសាង​សហគមន៍​អាស៊ាន រួមទាំង​វិធីសាស្ត្រ​ប្រកប​ដោយ​នវានុវត្តន៍​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​បន្ថែម​ទៀត ដើម្បី​សម្រេច​បាន​នូវ​តំបន់​មួយ​ដែល​កាន់តែ​មាន ភាព​តភ្ជាប់ និង​ភាព​ធន់​ជាង​មុន សម្រាប់​វិបុល​ភាព​រួម»។

ក្រសួង​បញ្ជាក់​ថា លោក សុខ ចិន្តាសោភា ក៏នឹង​ចូលរួម​កិច្ចប្រជុំ​ដាច់​ដោយ​ឡែក​ក្រោម​ក្របខ័ណ្ឌ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko), រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​លោក Cho Tae-yul, និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក Antony Blinken។

ក្នុង​ឱកាស​ស្នាក់នៅ​ទីក្រុង​វៀងចន្ទន៍ លោក សុខ ចិន្តាសោភា, រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន, និង​លោក កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន​នឹង​ជួប​ជាមួយ​លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយក​រដ្ឋមន្ត្រី​ឡាវ។ 

ប្រមុខ​ការទូត​កម្ពុជា ក៏​រំពឹង​ថា នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សមភាគី​បរទេស​មួយ​ចំនួន ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី។

ឡាវ​ក្នុង​ឋានៈ​​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៤ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​ជា​ប្រធាន​កិច្ចប្រជុំ​ទាំងនេះ​​នៅ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​វៀងចន្ទន៍។

យ៉ាង​ហោច​ណាស់​នឹង​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ចំនួន២៥ ដែល​នឹង​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស និង​តំណាង​មក​ពី​ប្រទេស​ចំនួន​៣១ ព្រមទាំង​ប្រតិភូ​ជាង១ ០០០ នាក់​ចូលរួម។ គេ​រំពឹង​ផង​ដែរ​ថា អ្នក​សារព័ត៌មាន​ប្រមាណ​៥០០នាក់​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទាំងនេះ​ដើម្បី​យក​ព័ត៌មាន។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃទី១៨ កក្កដា ដែល​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ ASEAN Laos 2024។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹងថា កិច្ចប្រជុំ​ទាំង​នេះ​​នឹង​ផ្តោត​លើ​ការ​ពង្រឹង​ការ​កសាង​សហគមន៍​អាស៊ាន ការ​ពង្រឹង​ភាព​ធន់ និង​ការ​តភ្ជាប់​អាស៊ាន ស្រប​តាម​មូលបទ​អាទិភាព​ចំនួន៩​នៃភាព​ជា​ប្រធាន​អាស៊ាន​របស់​ប្រទេស​ឡាវ។

កិច្ចប្រជុំ​ទាំងនេះ​នឹងមាន​ការ​ពិភាក្សា​អំពី​ការ​អនុវត្ត​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ក៏ដូចជា​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​អនុវត្ត​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០៤៥ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «កិច្ចប្រជុំ​នឹង​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន និង​ដៃគូ​ខាងក្រៅ តាមរយៈ​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន និង​​ផ្លាស់ប្ដូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ផលប្រយោជន៍ និង​កង្វល់​រួម»៕