អាជ្ញាធរ​មូលដ្ឋាន​រំពឹង​ថា​នឹង​មាន​សមត្ថភាព​កាន់តែ​ច្រើន​ក្នុង​ការ​ដោះស្រាយ​វិវាទ​នៅ​ថ្នាក់​មូលដ្ឋាន​ដោយសារ​តែ​​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ (អ.ដ.ក.) នឹង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ទៅ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ចាប់​ពី​សប្ដាហ៍​ក្រោយ​ទៅ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ​កាល​ពី​ថ្ងៃទី២១ ខែ​កក្កដា​ម្សិល​មិញ បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ផ្ដល់​កិច្ច​សហការ​ និង​សម្រប​សម្រួល​ជាមួយ អ.ដ.ក.ក្នុង​ការ​រៀប​ចំ​ផ្សព្វផ្សាយ​អំពី​បេសកកម្ម​ របស់​ អ.ដ.ក​ និង​ ​ការរៀបចំ​វគ្គ​បណ្តុះ​បណ្តាល​អំពី​បច្ចេកទេស​នៃ​ការ​សម្រុះ​សម្រួល​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។  

ការណែនាំ​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​ អ.ដ.ក. ដែល​មាន​លោក​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជា​ប្រធាន។ លោក កើត រិទ្ធ តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី២១ ខែកក្កដា​ទៅ​ក្រសួង​មហា​ផ្ទៃ ​បាន​ស្នើ​សុំ​កិច្ច​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង​ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បី​ចុះធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​បេសកកម្ម​ អ.ដ.ក​ និង​ការរៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​អំពី​បច្ចេកទេស​នៃ​ការ​សម្រុះ​សម្រួល​ដោះ​ស្រាយ វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

លោក​បញ្ជាក់​ថា កំណត់​ហេតុ​ព្រម​ព្រៀង​បញ្ចប់​វិវាទ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​មាន​អានុភាព​អនុវត្ត​ដូច​សាលក្រម​ស្ថាពរ​របស់​តុលាការ។

ក្នុង​លិខិត​ដដែល លោក កើត រិទ្ធ បញ្ជាក់​ថា៖ «ការងារ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាកិច្ចការ​អាទិភាព​ទី១​ ក្នុង​ចំណោម​កិច្ចការ​អាទិភាព​ទាំង​៣ នៃ​វិធានការ​គន្លឹះ​ទី​៥ ​របស់​សម្ដេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី​ដើម្បី​ពង្រឹង និង លើក​កម្ពស់​គុណភាព ​និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌»។

លោក ជិន ម៉ាលីន អនុប្រធាន​ អ.ក.ដ. ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​បណ្ដុះ​បណ្ដាល​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន​អំពី​យន្តការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នឹង​ចាប់​ផ្ដើម​ចាប់​ពី​សប្ដាហ៍​ក្រោយ​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​ឯកភាព​លើ​ការ​ស្នើ​សុំ​របស់​ អ.ដ.ក.។

លោក​បញ្ជាក់​ថា ដោយសារ​តែ​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោយ​ជាតិ​ក៏​មាន​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែរ​នោះ ការ​បណ្ដុះ​បណ្ដាល​នេះ​នឹង​បន្ថែម​ចំណេះ​ដឹង​កាន់​តែ​ច្រើន​សម្រាប់​ពួក​គាត់។

លោក​និយាយ​ថា៖ «ដូច្នេះ​ ការ​ចុះ​សហការ​ជាមួយ​គាត់​​នេះ​គឺ​ទី១ ផ្សព្វផ្សាយ​អំពី​យន្តការ អ.ដ.ក. ឲ្យ​គាត់​បាន​យល់​និង​ចូលរួម​សហការ​ និង​ទី២​ គឺជួយ​គាត់​ទៅ​លើ​ការ​បណ្ដុះ​បណ្ដាល​ចំណេះ​ជំនាញ​បច្ចេក​ទេស​​ទៅ​ដល់​មន្ត្រី​របស់​គាត់»។

លោក ប៉ាវ ប៉េង មេឃុំ​ត្រើយ​ស្លា ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​ឃុំ​របស់​លោក គឺ​ជម្លោះ​ដីធ្លី ដូចជា​ដី​ផ្លូវ ​និង​ដី​កប់សព ហើយ​ប្រហែល​ ៦០ ទៅ ៧០​ភាគរយ​នៃ​ជម្លោះ​ក្នុង​មូលដ្ឋាន​ អាច​ដោះស្រាយ​បាន​នៅ​ថ្នាក់​ឃុំ។ ករណី​ដោះ​មិន​ចេញ​ត្រូវ​បញ្ជូន​ទៅ​ថ្នាក់​ស្រុក។

ទោះ​បី​ជា​លោក​រំពឹង​ថា នឹង​ទទួល​បាន​ចំណេញ​ដឹង​បន្ថែម​អំពី​យន្តការ​ដោះស្រាយ​វិវាទ​ក៏ដោយ លោក​ថា ជម្លោះ​មូលដ្ឋាន​ដែល​ពិបាក​ដោះស្រាយ​គឺជម្លោះ​ដែល​មាន​ភាគី​ទី៣ ​ចូល​ពាក់​ព័ន្ធ ​ដូចជា​មាន​អន្តរាគមន៍​ពី​ភាគី​មាន​អំណាច​ឬ​មាន​លុយ​ណា​ម្នាក់ ឬ​ភាគី​ម្ខាង​ទៀត​ជា​អ្នក​មាន​ហើយ​ជួល​មេធាវី​មក​ដោះស្រាយ​រឿង​ក្នុង​សហគមន៍។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ភាគ​ច្រើន​ជម្លោះ​ បើ​អត់​មាន​អ្នក​ទី៣ ស្រួល​ដោះ​ទេ។ បើ​មាន​ភាគី​ទី៣ គឺ​អត់​ងាយ​ដោះ។ អ្នក​ទី៣ រួមមាន​ដូចជា​ភាគី​ម្ខាង​គាត់​ស្គាល់​អ្នកណា​ម្នាក់​ ជួនកាល​មាន​អ្នក​ញុះញង់​ពី​ក្រៅ។ ខ្លះ​ស្ពាយ​កាតាប​ចុះ​ពី​លើ​ឡាន​អីចឹង ​មាន​មេធាវី​ជាដើម។ តែ​នៅ​ថ្នាក់​មូលដ្ឋាន​នេះ​អត់​ត្រូវ​មាន​មេធាវី​ទេ»។

លោក​ពន្យល់​ថា នៅ​ថ្នាក់​ក្រោម​ជាតិ ការ​ដោះស្រាយ​ទំនាស់​គឺ​ធ្វើ​ឡើង​តាម​ការ​សម្រប​សម្រួល មិន​មែន​ជា​ការ​កាត់​សេចក្ដី​ឲ្យ​ភាគី​ខាង​ណា​មួយ​ឈ្នះ​នោះ​ទេ ដូច្នេះ​ត្រូវ​មាន​ការ​សុខចិត្ត​ទាំង​សងខាង។

លោក អំ សំអាត នាយក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ថា យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ទាមទារ​ឲ្យ​មន្ត្រី​ពាក់​ព័ន្ធ​ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​យល់​ពី​យន្តការ វិធី​ និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​និង​យល់​ដឹង​ផ្លូវច្បាប់​មួយ​ចំនួន​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ដោះ​ស្រាយ​ ឱ្យ​គូជម្លោះ​ស្ម័គ្រ​ចិត្ត​ទទួល​យក​ដំណោះស្រាយ។

លោក​ថា ការ​ដែល​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហា​ផ្ទៃ​សហការ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​លើ​យន្តការ​នេះ គឺជា​ល្អ​និង​ត្រឹម​ត្រូវ​សម្រាប់​យន្តការ​នេះ​ដើម្បី​ឲ្យ​ការ​ដោះស្រាយ​មាន​ប្រសិទ្ធិភាព ហើយ​គូ​ភាគី​ជម្លោះ​ទទួល​យក​ដោយ​ស្ម័គ្រចិត្ត។

លោក​ថា៖ «ដូច្នេះ ក្រោយ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ហើយ វា​ក៏​អាស្រ័យ​នៅ​លើ​ឆន្ទៈ​នៃ​ការ​ដោះស្រាយ និង​ការ​សម្រប​សម្រួល​ និង​ភាព​ប៉ិន​ប្រសប់​នៃ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៀត​ទើប​យន្តការ​នេះ​ទទួល​បាន​ជោគជ័យ»។

យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​ដាក់​ដំណើរ​ការ​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ដោះស្រាយ​វិវាទ​កម្រិត​រដ្ឋប្បវេណី និង​ដោយការ​ស្ម័គ្រ​នៃ​ភាគី​ទាំងសងខាង។ អ.ដ.ក. បាន​បង្ហាញ​ពី​លទ្ធផល​វិជ្ជាមាន​មួយ​ចំនួន​ដែល​គូជម្លោះ​អាច​រក​ឃើញ​ដំណោះ​ស្រាយ​តាម​រយៈ​យន្តការ​នេះ ដោយ​ករណី​ខ្លះ​មាន​ភាព​រ៉ាំរ៉ៃ​ជាយូរ​មក​ហើយ៕