ភ្នំពេញៈ រាជ​រដ្ឋាភិបាល​កំពុង​រៀបចំ​សេចក្ដី​ព្រាង​ក្របខ័ណ្ឌ​តាមដាន ត្រួត​ពិនិត្យ​ និង​វាយតម្លៃនៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី​១ ដើម្បី​គាំទ្រ និង​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ។

កាល​ពី​ខែ​សីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ២០៥០។

ក្នុង​នោះ​ប្រទេស​មាន​ចំណូល​ខ្ពស់ និង​សេដ្ឋកិច្ច​ធន់ ជា​សេដ្ឋកិច្ច​បើក​ចំហ មាន​ភាព​ប្រកួត​ប្រជែង និង​បរិយាបន្ន ហើយ​ប្រជាជន​រស់នៅ​ក្នុង​សេចក្ដី​ថ្លៃថ្នូរ សុភមង្គល និង​ទទួល​បាន​ការ​គាំពារ​សង្គម​ប្រកប​ដោយ​សមធម៌ ស្មើ​សិទ្ធិ ស្មើ​ឱកាស។

យុទ្ធសាស្ត្រ​នេះ​បាន​កំណត់​គោលដៅ​ក្នុង​ការ​ធានា​ឱ្យ​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​១ឆ្នាំ, បង្កើត​ការងារ​ឱ្យ​បាន​កាន់តែ​ច្រើន​ទាំង​បរិមាណ និង​គុណភាព, កាត់បន្ថយ​ភាព​ក្រីក្រ​ឱ្យ​នៅ​ក្រោម​អត្រា​១០​ភាគរយ, បន្ត​ពង្រឹង​សមត្ថភាព​អភិបាលកិច្ច និង​លើក​កម្ពស់​គុណភាព​ស្ថាប័ន, និង​ធានា​ចីរភាព​នៃ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច និង​កសាង​ភាព​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ។​

ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ក្របខ័ណ្ឌ​នេះ នា​ថ្ងៃទី​២២ កក្កដា លោក វង្សី វិស្សុត ឧប​នាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ថ្លែង​ថា ការ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​នេះ​មាន​គោលដៅ​​ប្រមូល​ធាតុ​ចូល​ពី​អ្នក​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​រៀបចំ​ក្របខ័ណ្ឌ​នេះ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ មាន​គុណភាព និង​មាន​ប្រយោជន៍ និង​អាច​យក​ទៅ​ប្រើប្រាស់​បាន​ជា​ប្រយោជន៍​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី១។

កាលពី​ខែ​សីហា ឆ្នាំ២០២៣ រាជ​រដ្ឋាភិបាល​ក៏​បាន​បង្កើត​គណៈកម្មាធិការ​តាមដាន ត្រួតពិនិត្យ និង​វាយ​តម្លៃ​អនុវត្ត​​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី១​នេះ៕