ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​ក្រសួង ស្ថាប័ន​ឱ្យ​បង្កើន​ការ​យកចិត្ត​ទុកដាក់​បន្ថែម​លើ​កិច្ចការ​តាមដាន ត្រួត​ពិនិត្យ និង​វាយតម្លៃ ដើម្បី​​ធ្វើឱ្យប្រសើរឡើង និងធ្វើ​ឱ្យ​​មាន​ភាព​ប្រាកដនិយម​ក្នុង​ការ​​រៀបចំ និង​អនុវត្ដ​គោល​នយោបាយ យុទ្ធសាស្រ្ដ និង​ផែនការ​អភិវឌ្ឍន៍របស់​រាជរដ្ឋាភិបាល។

លោកបាន​ចាត់ទុកការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ជាយន្តការ​​តម្រង់ទិស​ក្នុង​ការ​ឆ្លើយតប​ទាន់ពេល​ចំពោះ​តម្រូវការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការប្រែប្រួល​នៃ​ពិភពលោក និង​ប្រទេស​ជាតិ និង​សម្រេច​សមិទ្ធផល​ថ្មីៗ​ជូន​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព។ 

លោក​ថ្លែងដូច្នេះ​ក្នុង​សិក្ខាសាលា​ពិគ្រោះយោបល់​ចុងក្រោយ​កម្រិត​ថ្នាក់ដឹកនាំ​ស្ដីពី «សេចក្ដីព្រាងក្របខ័ណ្ឌ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១» នាថ្ងៃទី២២ ខែកក្កដា នៅ​រាជធានីភ្នំពេញ។

សិក្ខាសាលា​នេះ​មាន​គោលបំណង​ពិភាក្សា ផ្លាស់ប្ដូរ​យោបល់ និង​ប្រមូល​ធាតុចូល​ចុងក្រោយ​ពី​ថា្នក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ធានា​ឱ្យ​សេចក្ដីព្រាង​ឯកសារ​ក្របខ័ណ្ឌ​នេះ មាន​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ មាន​គុណភាព និង​អាច​អនុវត្ដ​បាន។ 

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ការ​រៀបចំ​យន្តការ​នេះ​គឺជា​ដំណាក់​កាល​សំខាន់​នៃ​វដ្ដ​នៃ​ការ​រៀបចំ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​លោក​បាន​ដកស្រង់​សំដី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា «ធ្វើ​អ្វី​ក៏​ដោយ​បើ​គ្មាន​ការ​តាមដាន គឺ​អត់​ជោគជ័យ​នោះ​ទេ»។ 

លោក វង្សី វិស្សុត ដែល​ជា​ប្រធាន​គណៈកម្មាធិការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការ​អនុវត្ដ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី១ (គ.យ.ប.) បញ្ជាក់​ថា ការ​រៀបចំ​យន្តការ​នេះ​នឹងត្រូវ​ធ្វើឡើង​ឱ្យ​មាន​សង្គតិភាព​ពី​លើ​ដល់​ក្រោម រវាង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិឆ្នាំ២០២៤-២០២៨ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តាម​វិស័យ។

យុទ្ធសាស្ត្រ​បញ្ចកោណ​មាន​រយៈពេល​វេលា​២៥ឆ្នាំ ហើយ​ត្រូវ​បែងចែក​ជា​៥​ដំណាក់​កាល ដោយ​១ដំណាក់កាល​មាន​រយៈ​ពេល៥ឆ្នាំ។ 

កាលពី​ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ​ដែល​មាន​រយៈ​ពេល​៥​ឆ្នាំ​ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨ ដែល​មានគោលដៅ​រក្សា​ឱ្យ​បាន​នូវ​សុខសន្ដិភាព និង​ការ​អភិវឌ្ឍ​ដោយ​មាន​ការ​បែងចែក​ប្រយោជន៍​នៃ​កំណើន​សេដ្ឋកិច្ច​ជូន​ប្រជាពលរដ្ឋ

សេចក្តី​ប្រកាស​ព័ត៌មាន គ.យ.ប. ​បាន​បញ្ជាក់​នាថ្ងៃទី​២៣ កក្កដា ថា៖ «គ.យ.ប. បាន​ទទួលមតិ​យោបល់ និង​ធាតុចូល​យ៉ាង​ច្រើន ពី​ថា្នក់​ដឹកនាំ​ក្រសួង ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍ សម្រាប់កែលម្អ និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​នេះ ឱ្យ​កាន់តែ​មាន​គុណភាព និងប្រសិទ្ធភាព​នៃ​ការ​អនុវត្ដ មុន​នឹង​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​នៅ​ពេល​ខាងមុខ»​។

សិក្ខាសាលា​នេះ​មាន​ការ​ចូលរួម​ពី​លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស, លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រី​ក្រសួង​ផែនការ, លោក ហែម វណ្ឌឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម សិប្បកម្ម និង នវានុវត្តន៍, រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី, ថ្នាក់ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ, មន្រ្ដី​ជាន់ខ្ពស់​នៃ​អគ្គ​លេខាធិការដ្ឋាន គ.យ.ប., ដៃគូ​អភិវឌ្ឍន៍, និង​អ្នក​សារព័ត៌មាន សរុប​ប្រមាណ​ជាង ៣០០នាក់៕