លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាម​មិន​ឱ្យ​មាន​ប្រតិបត្តិការ​កាស៊ីណូ​នៅ​ខេត្ត​កែប និង កំពត លើក​លែង​តែ​តំបន់​ភ្នំបូកគោ​ដែល​មាន​កាស៊ីណូ​ស្រាប់ ខណៈ​ដែល​បច្ចុប្បន្ន​ កម្ពុជា​មាន​កាស៊ីណូ​សរុប​ចំនួន ១៨៤។

សេចក្ដី​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពីពេល​ថ្មីៗ​នេះ បញ្ជាក់​ថា ការ​កំណត់​ទីតាំង​នៃ​តំបន់​ហាម​ឃាត់​សម្រាប់​ប្រតិបត្តិការ​កាស៊ីណូ​នៅ​កម្ពុជា​ធ្វើ​ឡើង​ក្នុង​គោល​ដៅ «លើក​កម្ពស់​ការ​វិនិយោគ​ឱ្យ​កាន់​តែ​សម្បូរ​បែប​ផ្សេង​ទៀត​លើ​ផ្នែក​សណ្ឋាគារ​និង​បដិសណ្ឋារកិច្ច​សម្រាប់​ការ​បម្រើ​វិស័យ​ទេសចរណ៍​ វិស័យ​កម្មន្តសាល ​ឧស្សាហកម្ម ​កសិឧស្សាហកម្ម ​ពាណិជ្ជកម្ម ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស»។

ការ​ហាមឃាត់​នេះ​ដើម្បី​ពង្រឹង​ និង​លើក​កម្ពស់ និង​អភិរក្ស​វប្បធម៌ និង​សាសនា ការ​ធានា​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​ល្អ​ប្រសើរ​នៅ​ក្នុង​តំបន់​គោល​ដៅ​ទេសចរណ៍។ នេះ​បើ​តាម​លិខិត​ដដែល។

បច្ចុប្បន្ន​ កាស៊ីណូ​ដែល​មាន​វត្តមាន​នៅ​កម្ពុជា​ភាគច្រើន​នៅ​តំបន់​មាត់​សមុទ្រ​ដែល​មាន​​ចំនួន ១០០​ បូករួម​ទាំង​នៅ​ភ្នំបូកគោ​ក្នុង​ខេត្ត​កំពត​ដែល​ទទួល​បាន​ការ​លើក​លែង។ នៅ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ មាន​កាស៊ីណូ​ចំនួន ៤៨ និង​ជាប់​ព្រំដែន​ជាមួយ​វៀតណាម​មាន​ចំនួន ៣៥ ខណៈដែល​នៅ​ភ្នំពេញ​មាន​ចំនួន ១។ នេះ​បើ​តាម​តួលេខ​របស់​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា។

យោង​តាម​មាត្រា​ ១៩ នៃ​ច្បាប់​ស្ដីពីការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ឆ្នាំ​២០២០ ​តំបន់​ហាម​ឃាត់​ គឺជា​ទីតាំង​ភូមិ​សាស្ត្រ​ដែល​ត្រូវ​ហាម​ឃាត់​ចំពោះ​ល្បែង​ពាណិជ្ជ​កម្ម​គ្រប់​ប្រភេទ​ឬ​ចំពោះ​ ល្បែង​ពាណិជ្ជកម្ម​មួយ​ចំនួន ​ដោយ​មូលហេតុ​អភិរក្ស វប្បធម៌ សាសនា ឬ​ដោយ​សេចក្តី​ត្រូវ​ការ​ចាំ​បាច់ ​ឬ មូល​ហេតុ​ផ្សេង​ទៀត។​

ប៉ុន្តែ​កាស៊ីណូ​ដែល​កើត​មុន​ច្បាប់​នេះ​ត្រូវ​បាន​អនុគ្រោះ ដូចមាន​ចែង​ក្នុង​មាត្រា ២០។ តាម​ច្បាប់​ដដែល ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​លេង។

កាល​ពី​ឆ្នាំ ២០២៣ ចំណូល​រដ្ឋ​បាន​ពី​កាស៊ីណូ ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា ល្បែង​ពាណិជ្ជកម្ម​មាន​ចំនួន​ជាង ២០​លាន​ដុល្លារ។

លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​ថ្លែង​ថា កាស៊ីណូ​មិន​សូវ​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ច្រើន​សម្រាប់​ជាតិ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​វា​អាច​បណ្ដាល​ឲ្យ​ពលរដ្ឋ​ឬ​​មនុស្ស​មួយ​ចំនួន​ធ្លាក់​ខ្លួន​ជាប់​បំណុល​វណ្ឌក ទោះបីជា​ច្បាប់​ហាម​មិន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ក៏ដោយ។

បើតាម​ការ​យល់​ឃើញ​របស់​លោក រដ្ឋាភិបាល​គួរ​តែ​រក្សា​តែ​ទីតាំង​កាស៊ីណូ​ដែល​មាន​ស្រាប់​ដូចជា នៅ​ខេត្ត​ព្រះសីហនុ ក្រុង​បាវិត​ខេត្ត​ស្វាយ​រឿង និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​ថា បើ​អាច​ឲ្យ​កាស៊ីណូ​នៅ​ទីក្រុង​ភ្នំពេញ​ប្ដូរ​ទីតាំង​ទៅ​តំបន់​ទាំង​បី​នេះ​រឹតតែ​ប្រសើរ។

លោក ឈត ប៊ុនថង ​មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់​ទំនង​ វប្បធម៌ ​អប់រំ​ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់ឃើញ​ថា ការ​សម្រេច​ហាម​មិន​ឲ្យ​មាន​កាស៊ីណូ​នៅ​ខេត្ត​កែប និង កំពត ទំនង​ជា​លោក​នាយករដ្ឋ​មន្ត្រី​យល់​ឃើញ​ថា កាស៊ីណូ​នៅ​កម្ពុជា​មាន​គ្រប់​គ្រាន់​ហើយ។

យ៉ាងណា​ក៏ដោយ លោក​យល់​ថា ទោះបី​ជា​កម្ពុជា​មាន​កាស៊ីណូ​ច្រើន​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង​ក៏ដោយ ក៏ភាគច្រើន​នៅ​តែ​តាម​ព្រំដែន ចំណែក​នៅ​សហរដ្ឋ​អាមេរិក​ ក៏​មាន​កាស៊ីណូ​មាន​ច្រើន ដែរ ហើយ​ស្ថិត​នៅ​ផ្ទៃ​ក្នុង​ប្រទេស​តែម្ដង។

ចំពោះ​ចំណូល​ពី​កាស៊ីណូ លោក​យល់​ថា វា​រួម​ចំណែក​មួយ​ចំនួន​ដល់​ថវិកា​ជាតិ។ ប៉ុន្តែ ការ​ប្រព្រឹត្ត​ល្បែង​ស៊ីសង វា​ផ្ទុយ​នឹង​ច្បាប់ និង​ខុស​​ប្រពៃណី ទំនៀម​ទម្លាប់។

លោកថា៖ «ក្រៅ​ពីចំណូល​ជូនរដ្ឋ វា​បង្កើត​ចំណូល​ដល់​អ្នក​វិនិយោគ និង​អ្នក​បម្រើការ​នៅ​កាស៊ីណូ។ តាម​ច្បាប់​ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលលេង​ទេ។ ប៉ុន្តែ ជាក់ស្ដែង​យើង​គ្រប់​គ្រង​បាន​ឬ​អត់។ បើ​យើង​គ្រប់គ្រង​បាន វា​អត់​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​យើង​ទេ។ ប៉ុន្តែ​បើ​គ្រប់​គ្រង​មិន​បាន​ វាប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ»។

ដោយ​យោងទៅ​លើ​ការ​បកស្រាយ​របស់​អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍ លោក ប៊ុនថង ថ្លែង​ថា ជន​បរទេស​ដែល​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ប្រទេស​មួយ ទោះជា​​ក្នុង​គោល​បំណង​លេង​ល្បែង ដើរ​កម្សាន្ត ឬ បំពេញ​ទស្សនកិច្ច​ក៏ដោយ​ក៏​ចាត់​ទុក​ជា​ភ្ញៀវ​ទេសចរ​ដូចគ្នា។

លោក​បញ្ជាក់​ថា៖ «រឿង​ដែល​សំខាន់​គឺ​យើង​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​ទៅតាម​គោលការណ៍​ច្បាប់​របស់​យើង ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ចូល​ទៅពាក់​ព័ន្ធ​ក្នុង​ការ​លេង​ល្បែង។ ឥឡូវ​នេះ យើង​ឃើញ​មាន​ល្បែង​លេង​ផ្ទាល់ និង​តាម​អនឡាញ។ ដូច្នេះ​ត្រូវ​ទប់ស្កាត់​យ៉ាងម៉េច​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​យើង​លេង​ល្បែង​ទាំង​នេះ។ បើយើង​គ្រប់​គ្រង​បាន ខ្ញុំ​គិត​ថា ​វា​មាន​ផល​ប្រយោជន៍​សម្រាប់​ថវិកាជាតិ»៕