ភ្នំពេញៈ គ្រឿងញៀន​បែប​ធម្មជាតិ​លែង​មាន​វត្តមាន​ទៀត​ហើយ​នៅ​កម្ពុជា ប៉ុន្តែ​វា​ជំនួស​មក​វិញ​នូវ​គ្រឿងញៀន​បែប​សំយោគ ដែល​ប្រើប្រាស់​សារធាតុ​គីមី​សុទ្ធ​ក្នុង​ការ​ផលិត ដែល​ធ្វើឱ្យ​អ្នក​ញៀន​ឆាប់​បាត់​បង់​ការ​ចងចាំ ខណៈ​ពេល​ដែល​មិន​ទាន់​មាន​វិធីសាស្រ្ត​ជាក់ស្តែង​ក្នុង​ការ​ព្យាបាល​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​ពី​ការ​ផលិត​គ្រឿង​ញៀន​ធម្មជាតិ​មក​ជា​បង្កើន​សកម្មភាព​ផលិត​គ្រឿងញៀន​បែប​សំយោគ​វិញ។ គ្រឿងញៀន​បែប​សំយោគ​គឺ​ងាយ​ស្រួល​ក្នុង​ការ​ផលិត​ដែល​មិន​រើស​ទីតាំង​ភូមិសាស្រ្ត និង​ចំណាយ​ពេលវេលា​ខ្លី​ក្នុង​ការ​ប្រើប្រាស់​សារធាតុ​គីមី​ផ្សំ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «បច្ចុប្បន្ន​នេះ​គ្រឿងញៀន មិនមែន​ជា​គ្រឿងញៀន​ធម្មជាតិ​នោះ​ទេ និន្នាការ​ថ្មី​គឺ​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​ផលិត​ជា​គ្រឿងញៀន​សំយោគ ដែល​ជា​គ្រឿងញៀន​មួយ​ងាយ​ផលិត​ មិន​ប្រើ​ប្រាស់​ដី​ចំការ​ក្នុង​ការ​ដាំដុះ​រុក្ខជាតិ​ញៀន​ទេ»។

គ្រឿងញៀន​សំយោគ

លោក​ពន្យល់​ថា ពាក្យ​ថា​ការ​ផលិត​គ្រឿងញៀន​សំយោគ​គឺការ​ផលិត​គ្រឿង​ញៀន ដែល​មិន​ពឹង​ផ្អែក ទៅ​លើ​រុក្ខជាតិ​ញៀន ដូចជា រុក្ខជាតិ អាភៀន និង កញ្ឆា ជាដើម។ ប៉ុនុ្ត​ការ​ផលិត​គ្រឿងញៀន​សំយោគ​គឺ​ពឹង​ផ្អែក​លើ​សារធាតុ​គីមី​ផ្សំ ដូចជា មេតាំ​ហ្វេតាមីន អំហ្វីតាមីន អ៊ិចស្តាស៊ី និងកេតាម៉ីន ឬ​ម្សៅ​សប្បាយ ។ ចំណែក​ឯ ប្រភេទ ហេរ៉ូអ៊ីន គេ​ហៅថា គ្រឿងញៀន ពាក់​កណ្តាល​សំយោគ។

និន្នាការ​នៃ​ការ​ផលិត​គ្រឿងញៀន​សំយោគ​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​ផុសផុល​នៅ​តំបន់​ត្រីកោណ​មាស​ដែល​ជា​តំបន់​មាន​ពំ្រ​ទល់​រួមគ្នា​រវាង​ប្រទេស ឡាវ ថៃ និង មីយ៉ាន់ម៉ា​ ដោយសារ​តែ​តំបន់​នោះ​មិន​មាន​រដ្ឋបាល​គ្រប់គ្រង​ច្បាស់លាស់។ ឱ្យតែ​មាន​សារធាតុ​គីមី​ផ្សំ​គ្រប់គ្រាន់ អ្នក​ជំនាញ និង ឧបករណ៍​ផលិតនោះ​ ពួកគេ​អាច​ផលិត​គ្រឿងញៀន​សំយោគ​បាន​តែ​ក្នុង​រយៈពេលតែ ២ ឬ ៣ ថ្ងៃ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «ការ​ផលិត​គ្រឿង​ញៀន​សំយោគ​ហ្នឹង​មិនអាច​មើល​តាម​ផ្កាយ​រណប​ឃើញ​ទេ ដោយ​សារ​តែ​គេ​ធ្វើ​ក្នុង​រោង ឃ្លាំង ​ឬ​កន្លែង​ដាច់​ស្រយាល ដែល​សមត្ថកិច្ច​ពិបាក​នឹង​ចូល​ទៅ​ដល់។ វា​ខុស​ពី​តំបន់​អាភឿន ​ឬកញ្ឆា ដែល​អាច​មើល​ពី​លើ​ឃើញ​ចំការ ឬ​ក៏​ថ្នាល​នៃ​ការ​ដាំដុះ ហើយ​សមត្ថកិច្ច​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​បង្រ្កាប»។ 

សារធាតុគីមី​ផ្សំ​ទាំង​នោះ គឺ​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ផងដែរ ដែល​សមត្ថកិច្ច​នៃ​ប្រទេស​ភាគ​ច្រើន​នៅ​មិន​ទាន់​មាន​យន្តការ​ក្នុង​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​សារធាតុ​គីមី​ផ្សំ​ទាំង​នោះ​ឱ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា៖ «បច្ចុប្ប​នេះ យើង​បាន​ចាត់​ទុក​ថា បើ​គ្មាន​សារធាតុ​គីមី​ផ្សំ​ទេ គ្រឿងញៀន​ក៏​មិន​មាន​ដែរ។ ចឹង​យន្តការ​នៃ​ការ​អនុវត្ត​ច្បាប់​គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​សារធាតុ​គីមី​ផ្សំ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ឬ​ត្រូវ​បាន​គេ​បង្វែរ​ពី​សកម្មភាព​ស្រប​ច្បាប់​យក​ទៅ​ធ្វើ​សម្មភាព​ខុស​ច្បាប់ ដូចជា ការ​ផលិត​គ្រឿងញៀន​សំយោគ​នេះឯង»។

លោក​បាន​កត់​សម្គាល់​ឃើញ​ថា អ្នក​ប្រើប្រាស់​គ្រឿងញៀន​ប្រមាណ​ជា ៨០​ភាគរយ ប្រើ​ប្រភេទ​គ្រឿងញៀន​មាន​សារធាតុ​គីមី​មេតាំហ្វេតាមីន។ បន្ទាប់ពី​នោះ​មាន​សារធាតុ​ប្រភេទ អិចស្តាស៊ី កេតាមីន និង​សារធាតុ​ញៀន​ផ្សេង​ទៀត។

លោកថា «អញ្ចឹង នៅ​កម្ពុជា​មិនមាន​ទីផ្សារ​ប្រើប្រាស់​គ្រឿង​ញៀន​ធម្មជាតិ​ប្រភេទ​អាភឿន​នោះ​ទេ»។

ការ​ផលិត​គ្រឿង​ញៀន​សំយោគ​មាន​បរិមាណ​ច្រើន​ដែល​ក្នុង​មួយ​ចង្វាក់​ផលិតកម្ម​អាច​បាន​ទៅ​ដល់​រាប់​តោន​ដែល​ធ្វើ​ឱ្យ​តម្លៃ​គ្រឿងញៀន​នេះ​មាន​ការ​ធ្លាក់​ចុះ។ នៅ​ពេល​តម្លៃ​មាន​ការ​ធ្លាក់ចុះ សកម្មភាព​នៃ​ការ​ជួញដូរ និង​ដឹក​ជញ្ជូន​មាន​ច្រើន​ដែរ ក្នុង​បរិមាណ​ច្រើន​ក្នុង​មួយ​ជើងៗ។ បើ​សមត្ថកិច្ច​ចាប់​បាន​ម្តងម្កាល វា​ក៏​មិន​បង្ក​បញ្ហា​ដល់​ការ​ជួញដូរ​ដែរ ព្រោះ​គ្រឿង​ញៀន​ទិញ​មក​មាន​តម្លៃទាប ដែល​ខុស​ពី​មុន​គ្រឿងញៀន​មាន​តម្លៃ​ខ្ពស់។

ការ​ប្រើប្រាស់ និង បន្សាប​គ្រឿងញៀន

ជាទូទៅ ការ​ប្រើប្រាស់​គ្រឿងញៀន​មាន​បី​ប្រភេទ គឺ​ការ​ប្រើប្រាស់​ដោយ​ស្ម័គ្រ​ចិត្ត ដោយ​គេ​បន្លំ និង​ដោយ​គេ​បង្ខំ។ ការ​ប្រើប្រាស់​ដោយ​គេ​បន្លំ​មាន​ដូចជា​ការ​កុហក​ជន​រងគ្រោះ​ថា គ្រឿងញៀន​នោះ​គឺជា​ថ្នាំ​ប៉ូវ​កម្លាំង ថ្នាំ​ធ្វើឱ្យ​រៀន​ពូកែ ឬ​ថ្នាំ​បង្កើន​សម្ផស្ស​ជាដើម។

ដោយឡែក ចំពោះ​ការ​បន្សាប​គ្រឿង​ញៀន​វិញ ត្រូវ​បាន​លោក​ មាស វិរិទ្ធ ពន្យល់​ថា ពាក្យ​ថា​បន្សាប មិន​មែន​យក​ថ្នាំ​អ្វី​មួយ​ទៅ​បន្សាប​ទេ។ ការ​បន្សាប គឺជា​ការ​ទុក​លទ្ធភាព​ឱ្យ​បុគ្គល​ប្រើប្រាស់​គ្រឿងញៀន​នោះ បញ្ចេញ​សារធាតុ​ញៀន​ឱ្យ​អស់​ពី​ក្នុង​ខ្លួន តាម​មធ្យោបាយ​បច្ចេក​ទេស​វេជ្ជសាស្រ្ត។ ក្នុង​នោះ​រួមមាន ការ​ហូប​ទឹក​ឱ្យ​បាន​ច្រើន និង​ការ​ដាក់​សេរ៉ូម ដើម្បី​ឱ្យ​សារធាតុ​ញៀន​ចេញ​អស់​ពី​ក្នុង​ខ្លួន។

សារធាតុញៀន​ចេញ​អស់​ពី​ក្នុង​ខ្លួន​យ៉ាង​យូរ​បំផុត​ក្នុង​រយៈពេល ១៤ថ្ងៃ។ នៅពេល​សារធាតុ​ញៀន​ចេញ​បន្តិច រោគ​សញ្ញា​ញៀន​ក៏​បង្ហាញ​ចេញ​មក​ដែរ។ សារធាតុ​ញៀន​កាន់​តែ​ថយ​ចុះ រោគ​សញ្ញា​ញៀន​ក៏​កាន់​តែ​ធ្វើ​ទុក​បុក​ម្នេញ​ក្នុង​ខ្លួន ដូច​អ្នក​ញៀន​ស្រា​ដូច្នេះ​ដែរ​ដូចជា៖ ទឹកភ្នែក​ហៀរ មុខ​ក្រហម និយាយ​ឡុលៗ​ ដោយ​សារ​តែ​សារធាតុ​ស្រា អេតាណុល​ចេញ​អស់​ពី​ក្នុង​ខ្លួន។ បើ​អ្នក​ញៀន​ផឹក​បញ្ជូល​អេតាណុល​វិញ នោះ​រោគ​សញ្ញា​ទំាង​នោះ​នឹង​បាត់​ទៅ​វិញ។

លោកថ្លែងថា៖ «ចឹង អ្នក​ប្រើប្រាស់​គ្រឿងញៀន​ក៏​ចឹង​ដែរ កាលណា បញ្ចេញ​សារធាតុញៀន​អស់​ពី​ខ្លួន រោគ​សញ្ញា​ញៀន​លេច​ឡើង ហើយ​គេ​ព្យាបាល​រោគ​សញ្ញា​ញៀន​ហ្នឹង​ឯង។ ពាក្យ​សាមញ្ញ​របស់​ពេទ្យ​គេ​ហៅ​ថា រោគ​សញ្ញា​ដុះមេ ឬ​រោគ​សញ្ញា​រើ​មេហ្នឹង»។

បន្ទាប់ពីនោះ គឺ​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ​ទៀត ដែល​បាន​កើតឡើង នៅ​ពេល​បុគ្គល​នោះ ស្ថិត​ក្នុង​ស្ថាន​ភាព​ញៀន​គ្រឿងញៀន។ ការ​ព្យាបាល​ក្នុង​ដំណាក់​កាល​នេះ​អាស្រ័យ​លើ​ស្ថានភាព​ស្រាល ឬ ធ្ងន់​របស់​បុគ្គល​នោះ ដែល​មាន​រយៈពេល​ចាប់​ពី ១​ខែ​កន្លះ ទៅ ៣ខែ។ ក្រោយ​ពេល​គាត់​មាន​ប្រក្រតីភាព​ឡើង​វិញ ដែល​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន នោះ​នឹង​ទទួល​ការ​ចាប់​ផ្តើម​ស្តារ​នីតិសម្បទា។ 

លោក​គូស​បញ្ជាក់​ថា៖ «ការ​បន្សាប ការ​ព្យាបាល និង ការ​ស្តារ​នីតិសម្បទា​គឺ​បែប​នេះ​ឯង កុំ​ឱ្យ​យល់​ថា បន្សាប​​យក​ថ្នាំ​អី​ទៅ​បន្សាប? មិនមែន​ទេ។ គឺ​ថ្នាំ​ព្យាបាល​សញ្ញា​ដុះ​មេ។​ គ្រឿងញៀន​សំយោគ​ដល់​ពេល​នេះ​អត់​មាន​មធ្យោបាយ​ជាក់​ស្តែង​ក្នុង​ការ​ព្យាបាល​ឱ្យ​មាន​ប្រសិទ្ធភា​ពទេ»។

ហេតុនេះ​ វិធី​សាស្រ្ត​តែ​មួយ​គឺ​ការ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ស៊ីជម្រៅ​ពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​ដែល​បណ្តាល​ពី​គ្រឿង​ញៀន។ នៅ​ពេល​ដែល​មាន​ការ​យល់​ដឹង​ហើយ នោះ​ពលរដ្ឋ ពិសេស​យុវជន​នឹង​បដិសេធ​គ្រឿងញៀន។ បើ​ពលរដ្ឋ​ទាំងអស់​គ្នា​បដិសេធ នោះ​ទីផ្សារ​គ្រឿង​ញៀន​អត់​មាន ហើយ​ក្រុម​ជួញ​ដូរ​អត់​មាន​ឱកាស​ដូចគ្នា​ដែរ។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្រ្គោះ​ជន​រងគ្រោះ​ដោយសារ​គ្រឿងញៀន​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ការ​ព្យាបាល​ចំពោះ​អ្នក​គ្រឿងញៀន​គីមី​សំយោគ​មាន​ការ​លំបាក​ច្រើន ព្រោះ​ផល​ប៉ះពាល់​វា​ខ្លាំង ដែល​អ្នក​ខ្លះ​ជិត​ឆ្កួត​ក៏​មាន​ដែរ ដែល​ខុស​ពី​ការ​ញៀន​ដោយ​ថ្នាំញៀន​បែប​ធម្មជាតិ​ដូចជា អាភឿន និង កញ្ឆា។

លោក​ថ្លែង​ថា៖ «វា​ពិបាក​ព្យាបាល ខ្លះ​ដូច​ឆ្កួត​ទៅ​ហើយ ព្រោះ​វា​ប៉ះពាល់​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ។ គ្រឿង​ញៀន​កែច្នៃ​សំយោគ​នេះ និយាយ​រួម​យក​ជាតិ​គីមី​យក​ទៅ​ធ្វើ​ហ្នឹង។ វា​ធ្វើឱ្យ​មនុស្ស​ឆាប់​វង្វេង ឆាប់​បាត់​បង់​ការចង​ចាំ។ ខួរក្បាល​ដូច អង្គ​ចងចាំ​មួយ​ចឹង បើ​ឆេះ​បាត់​ហើយ មានអីដូរ ឆ្កួត​បាត់​ទៅ។ ខ្លះ​១ឆ្នាំ ២​ឆ្នាំ​អី​មិន​ទាន់​ជា​ផង»។ 

លោក​បាន​កត់​សម្គាល់​ឃើញ​ថា អ្នក​ញៀន​កន្លងមក​ដែល​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​លោក​គឺ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​មេតាំហ្វេតាមីន ប្រភេទ​ម៉ាទឹកកក។ 

នាពេល​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​មណ្ឌល​បន្សាប ព្យាបាល និង ស្តារ​នីតិសម្បទា​ចំនួន ១៥ ដែល​មាន​អ្នក​ញៀន​ថ្នាំញៀន​ប្រមាណ​ជា ​​២​ម៉ឺន​នាក់។ អ្នក​ញៀន​ថ្នាំ​ញៀន​មាន​អាយុ​ចន្លោះ​ពី​​ ១៨ ​ទៅ ​៣៥​ឆ្នាំ។

ក្នុង​រយៈពេល​ជាង ៦​ខែ​នៃ​ឆ្នាំ ​២០២៤​ នេះ គ្រឿងញៀន​ចំនួន ៥ ៦៥៦​ករណី​ត្រូវ​បាន​បង្រ្កាប​។ ក្នុង​នោះ ​មនុស្ស​ចំនួន​១៣ ៩៥៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​សារធាតុ​ញៀន​ជាង​ ៥​តោន​ត្រូវ​បាន​រឹប​អូស៕