បាត់ដំបងៈ ប្រជាពលរដ្ឋមូលដ្ឋានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ចំនួន៥០គ្រាប់ កាលពីថ្ងៃទី២១ ខែកក្កដា នៅចំណុចមាត់អូរ ក្រុមទី៧ ស្ថិតនៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនាថ្ងៃទី២២ កក្កដា ថា ក្រោយពីបានប្រទះឃើញគ្រាប់ទាំងនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដា។
របាយការណ៍បញ្ជាក់ថា៖ «ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់មីនស្កូចំនួន ៥០គ្រាប់ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុមព័ទ្ធ និងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) ដើម្បីយកទៅកម្ទេចចោល»។
នគរបាលស្រុកកំរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗ និងរាយការណ៍ជាបន្ទាន់ ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌ និងអាវុធទាំងនោះជាយថាហេតុ។
ស៊ីម៉ាក់បានឱ្យដឹងថា កាលពីដើមខែកក្កដា មានករណីផ្ទុះគ្រាប់មីនតោននៅភូមិត្រពាំងរំសែង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្ដាលឱ្យបុរសអាយុ៦៦ឆ្នាំម្នាក់ស្លាប់ នៅពេលគាត់កំពុងជីករណ្ដៅបោះបង្គោលរបងព្រំដីចម្ការរបស់គាត់។
របាយការណ៍ស៊ីម៉ាក់បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២៤ ស៊ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ចំនួនជាង១១២លានម៉ែត្រក្រឡា ដោយកម្ទេចចោលគ្រាប់មីន និងUXO គ្រប់ ប្រភេទជិត៨៩ម៉ឺនគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សជាង៨ ០០០គ្រាប់, មីនប្រឆាំងរថក្រោះ១២៦គ្រាប់, មីនច្នៃ៤គ្រាប់, គ្រាប់បែកទម្លាក់ពីយន្តហោះនិងគ្រាប់បែកចង្កោម២៨គ្រាប់, និងUXOជាង ៥២ ០០០គ្រាប់។
របាយការណ៍បន្តថា ក្នុងរយៈពេលជាង៣២ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីនបានជិត ២ ០០០ គីឡូម៉ែត្រក្រឡា ហើយកម្ទេចគ្រាប់មីន និងUXO គ្រប់ប្រភេទប្រមាណជាង៣លានគ្រាប់។
របាយការណ៍បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩៤ ដល់ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជាមានទឹកប្រាក់ចំនួនប្រមាណជាង២០០លានដុល្លារអាមេរិក តាមរយៈផ្តល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាព CMAC, តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុនជាដៃគូរបស់អង្គភាព CMAC, និងការផ្ដល់ជាជំនួយសម្ភារៈបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស៕