ភ្នំពេញ៖ មនុស្ស ៣ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការអត្ថាធិប្បាយ «មួលបង្កាច់»ទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលកំពុងតែផ្ទុះការជជែកនៅលើបណ្ដាញសង្គម។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
លោក ហ៊ុន សែន ដែលធ្លាប់ជានាយករដ្ឋមន្ត្រី បានថ្លែងសារពិសេសនៅរសៀលថ្ងៃនេះថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាគំនិតផ្ដួចផ្ដើមដើម្បីរក្សាសន្តិសុខ សេដ្ឋកិច្ចសង្គម និងការពារជាតិ ដោយភាគីនីមួយៗត្រូវគ្រប់គ្រងដែនដីរៀងៗ។ កិច្ចសហប្រតិបត្តិការនេះផ្ដួចផ្ដើមនិងបើកកិច្ចប្រជុំដំបូងតាំងពីឆ្នាំ ១៩៩៩។
លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះមិនមានចំណុចណាដែលនិយាយអំពីការដាក់បញ្ចូលដែនដីជាមួយគ្នាទេ។ កិច្ចសហប្រតិបត្តិការនេះ ភាគីកម្ពុជាមានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង ក្រចេះ ខណៈដែលឡាវ និង វៀតណាមក៏បានដាក់បញ្ចូលខេត្តជាច្រើនផងដែរ។
លោកថ្លែងថា៖ «ការដាក់ខេត្តនេះមិនមែនដាក់បង្កើតជាប្រទេសមួយ ឬដាក់ខេត្តឲ្យទៅជាសហព័ន្ធដូចដែលគេចោទប៉ុន្មានថ្ងៃនេះទេ។ ឥឡូវខ្ញុំសុំប្រកាសថា យើងបានចាប់ខ្លួនមនុស្ស៣នាក់រួចទៅហើយ។ ថ្ងៃមុនចាប់មួយពីសៀមរាប ថ្ងៃនេះចាប់ពីរ ពីសៀមរាបទៀត។ គ្រូកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលមាននិយាយក្នុងតិកតុកនិយាយដ៏អាក្រក់ គឺមិនអាចទុកទេ»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការបកស្រាយអំពីការអភិវឌ្ឍតំបន់ត្រីកោណនេះនៅលើបណ្ដាញសង្គម ដោយពលរដ្ឋមួយចំនួនបានបង្ហាញការយល់ឃើញខុសគ្នាអំពីការអភិវឌ្ឍនៅតំបន់នេះ ដោយពួកគេភ័យខ្លាចបាត់បង់ទឹកដី ដែលមានខេត្តចំនួន ៤ របស់កម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់នេះគឺរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មនានាដូចជា ការជួញដូរមនុស្ស ការនាំចេញឈើខុសច្បាប់ ក៏ដូចជាសកម្មភាពខុសប្រឆាំងខុសច្បាប់ផ្សេងទៀត។ ក្រៅពីនេះវាក៏ដើម្បីបង្ករភាពងាយស្រួលដល់ពលរដ្ឋខ្មែរដែលត្រូវការព្យាបាលនៅប្រទេសវៀតណាមផងដែរ។ លើសពីនេះទៀត កិច្ចសហប្រតិបត្តិការនេះក៏ដើម្បីជួយគ្នាក្នុងការទប់ស្កាត់គ្រោះមហន្តរាយ ដូចជាទឹកជំនន់ និងភ្លើងឆេះព្រៃជាដើម។
លោកប្រាប់ឲ្យអ្នកដែលមានចម្ងល់អំពីកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងពាក់ព័ន្ធទៅស្រាវជ្រាវនៅក្រសួងពាណិជ្ជកម្ម៕