ភ្នំពេញ៖ សិស្សានុសិស្ស​កម្ពុជា​បាន​បង្ហាញ​សមត្ថភាព​ផ្នែក​គណិតវិទ្យា​ដោយ​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន ៧៩ លើ​ការ​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SIMOC) ២០២៤ ដែល​បានប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃទី ២៤ ខែកក្កដា។

ការ​ទទួល​បាន​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​របស់​ពួកគេ​រួមមាន ​មេដាយមាស​ចំនួន ១១ ប្រាក់ ២១ និង​មេដាយ​សំរឹទ្ធ​ចំនួន ៣៣ រួម​ជាមួយ​មេដាយ​កិត្តិយស​ចំនួន ១៤ ដែល​បង្ហាញ​ពី​ទេពកោសល្យ និង​ភាព​ឆ្លាតវៃ​​ដ៏​ពិសេស​របស់​ពួកគេ។

ក្នុង​វិញ្ញាសារ Math Olympiad​ សិស្សានុសិស្ស​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ចំនួន ៣ ប្រាក់ ៨ មេដាយ​សំរឹទ្ធ ១៧ និង​មេដាយ​កិត្តិយស​ចំនួន ១៤ ពី​ថ្នាក់​ទី​១ ដល់ទី ១២។

នៅក្នុង​ការ​ប្រកួត Math Warriors & Math Master Mind ពួកគេ​បន្ត​ធ្វើ​បាន​ល្អ​ដោយ​ឈ្នះ​មេដាយ​មាស ៤ ប្រាក់ ៨ និង​សំរឹទ្ធ ៤ លើ​ផ្នែក Lower Division មាស ២ ប្រាក់ ៣ និង​សំរឹទ្ធ ៧ លើ​ផ្នែក Middle Division និង​មេដាយ​មាស ២​ មេដាយ​ប្រាក់ ២ និង​មេដាយ​សំរឹទ្ធ​៥​គ្រឿង នៅផ្នែក Upper Division​។​

ការ​ប្រកួត​ប្រជែង​សមត្ថភាព​ផ្នែក​គណិតវិទ្យា​នេះ​មាន​ការ​ចូលរួម​ពី​បេក្ខភាព​​ចំនួន ៣០ ប្រទេស​ រួម​មាន ​​អាស៊ែបៃហ្សង់ តួកគី ឥណ្ឌូនេស៊ី ឥណ្ឌា ឡាវ ម៉ិកស៊ិក ម៉ុងហ្គោលី នូវែលសេឡង់ ប៉ាគីស្ថាន ម៉ាឡេស៊ី ហ្ស៊កដានី នូវែលសេឡង់ មីយ៉ាន់ម៉ា កាហ្សាក់ស្ថាន នីហ្សេរីយ៉ា ហ្វីលីពីន ហ្គាណា ថៃ អ៊ូសបេគីស្ថាន ប្រេស៊ីល អ៊ីរ៉ង់ ជប៉ុន អារ៉ាប់រួម ឌូបៃ កៀហ្ស៊ីស៊ីស្ថាន ចិន កាណាដា វៀតណាម កម្ពុជា ម៉ូរីស និង​ស្រីលង្កា។

ក្នុងចំណោម​បេក្ខជន​ទាំង​ ២​៣០០​នាក់ មាន​បេក្ខជន​កម្ពុជា​ចំនួន​ ១១៩​នាក់ មកពី​គ្រឹះស្ថាន​សិក្សា​ចំនួន ៤១ គឺ​គ្រឹះ​ស្ថាន​សិក្សា​រដ្ឋ​ចំនួន​ ៣​ និង​ឯកជន​ចំនួន ​៣៨ ​សាលា មកពី​រាជធានី​ភ្នំពេញ ​និង​បណ្តា​ខេត្តនានា។

បេក្ខជន​កម្ពុជា​ទាំង​១១៩​នាក់​នេះ ត្រូវបាន​ដឹកនាំ​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី ដោយ​មជ្ឈមណ្ឌល​ដឺប្រ៊េន​នីអេកហ្វេកធើរី (The Brainiac Factory) រួម​ជាមួយនឹង​លោកគ្រូ​អ្នកគ្រូ​តំណាង​សាលា​ចំនួន​ ១១​នាក់។

លោក យ៉ែម សុភ័ណ្ឌ ប្រធាន​មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី បាន​ឱ្យ​ដឹងថា​៖ «បេក្ខជន​ដែល​អាច​ចូលរួម​ប្រកួត​នេះ​បាន​គឺ​ត្រូវ​ជា​បេក្ខជន​ជយលាភី​មេដាយ​មាស ឬ​ប្រាក់ ឬ​សំរឹទ្ធ​ លើ​ការ​ប្រកួត​ក្នុង​ស្រុក​សិន​ដែល​រួមមាន​ការប្រកួត​គណិតវិទ្យា​សិង្ហបុរី​អាស៊ី​អន្តរជាតិ​(SASMO) និង​ការ​ប្រកួត​គណិត​វិទ្យា​អាមេរិកាំង (AMO)»។ 

កុមារា ហ៊ុន ពេជមុនីរិទ្ធិសិទ្ធិ ថតជាមួយបេក្ខជនចូលរួមប្រកួតមកពីប្រទេសចិន។ រូបថ​ត SHS

ការ​ប្រកួត​គណិត​វិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SIMOC) គឺជា​ការ​ប្រកួត​ប្រជែង​ប្រចាំឆ្នាំ​ដ៏​ល្បីល្បាញ​មួយ​ដែល​ប្រមូល​ផ្តុំ​អ្នក​ចូលចិត្ត​គណិតវិទ្យា​វ័យក្មេង​មកពី​ជុំវិញ​ពិភពលោក។

គោល​បំណង​ដើម្បី​បណ្តុះ និង​លើក​កម្ពស់​ទេពកោសល្យ​គណិតវិទ្យា SIMOC ផ្តល់​នូវ​វេទិកា​សកល​សម្រាប់​សិស្សានុសិស្ស​ដើម្បី​បង្ហាញ​ពី​ជំនាញ​របស់​ពួកគេ និង​ចូលរួម​ជាមួយ​មិត្តភក្តិ​ក្នុង​ស្មារតី​នៃ​ការប្រកួត​ប្រជែង​មិត្តភាព។

លោក សុភ័ណ្ឌ បាន​និយាយ​ថា៖ «ការ​ប្រកួត​ជា​ក្រុម​តម្រូវ​ឱ្យ​បេក្ខជន​កម្ពុជា​ដោះស្រាយ​វិញ្ញាសារ​ជា​ក្រុម​ដែល​មាន​សមាជិក ៥ ​នាក់​មកពី​បណ្តា​ប្រទេស​ខុសៗ​គ្នា។ បេក្ខជន​អាច​ប្រើប្រាស់​និង​អភិវឌ្ឍ ជំនាញ​ប្រាស្រ័យ​ទាក់ទង​គ្នា ជំនាញ​ធ្វើការ​ជា​ក្រុម កិច្ច​សហប្រតិបត្តិការ និង​ជំនាញ​ភាពជា​អ្នក​ដឹកនាំ ក្នុង​ការ​ប្រកួត​ជាក្រុម​បែបនេះ ដែល​សុទ្ធ​សឹង​ជា​ជំនាញ​សតវត្សរ៍​ទី​២១»។

លោក​បាន​ឱ្យ​ដឹងថា ​ការ​ប្រកួត SIMOC មាន ​៣ ​វិញ្ញាសារ​ រួមមាន​ ​​វិញ្ញាសារ​គណិតវិទ្យា ប្រកួត​ជា​ឯកទត្ត​ជន​ Math Olympiad (MO) វិញ្ញាសារ​ល្បែង​គិត​លេខ ប្រកួត​ជា​ក្រុម Math Warrior (MW) and Math Master Mind (MMM) និង​វិញ្ញាសារ​ល្បែង​ប្រាជ្ញា ប្រកួត​ជា​ក្រុម​ Mind Sport (MS)​។ 

វិញ្ញាសារ​ទាំង​ ៣​ មាន​មេដាយ​រៀងៗ​ខ្លួន ដែល​បេក្ខជន​អាច​ទទួល​បាន​មេដាយ​ចំនួន ​៣​ក្នុង​ការ​ប្រកួត​ទាំង​៣ ​វិញ្ញាសារ​នេះ​។ បេក្ខជន​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ទាំង​បី​វិញ្ញាសារ អាច​នឹង​ទទួល​បាន​រង្វាន់​ជា​ពាន បន្ថែម​ទៀត ដែល​រួមមាន Overall Champion, 1st Runner-up និង 2nd Runner-up។

លោក សុភ័ណ្ឌ បាន​បន្ដ​ថា៖ «ក្នុង​ចំណោម​បេក្ខជន​កម្ពុជា​ទាំង​ ១១៩​នាក់ ក៏​មាន​កូន​ប្រុស​របស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួម​ប្រកួត​ផងដែរ គឺ​ប្អូន​ប្រុស ហ៊ុន ពេជមុនីរិទ្ធិសិទ្ធិ ដែល​ប្អូន​ធ្លាប់​ទទួលបាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​គណិតវិទ្យា​សិង្ហបុរី​អាស៊ី​អន្តរជាតិ​ (SASMO) ២០២៤ កម្រិត​ថ្នាក់​ទី១»។

កុមារា ហ៊ុន ពេជមុនីរិទ្ធិសិទ្ធិ ជា​សិស្ស​ថ្នាក់​ទី ១ នៃ​សាលា​អន្តរជាតិ​ភ្នំពេញ ទទួល​បាន​មេដាយ​ប្រាក់ ចំណាត់​ថ្នាក់​លេខ១ ក្នុង​សាលា និង​ប្រចាំ​ប្រទេស និងទី ១៧ ទូទាំង​ពិភពលោក។

កុមារា ហ៊ុន ពេជមុនីរិទ្ធិសិទ្ធិ ជា​សិស្ស​ថ្នាក់​ទី ១ នៃ​សាលា​អន្តរជាតិ​ភ្នំពេញ ទទួល​បាន​មេដាយ​ប្រាក់ ចំណាត់​ថ្នាក់​លេខ១ ក្នុង​សាលា និង​ប្រចាំ​ប្រទេស និងទី ១៧ ទូទាំង​ពិភពលោក។ រូបថ​ត SHS

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា «ចៅ ​រិទ្ធិសិទ្ធិ ប្រឡង​នៅ​សិង្ហបុរី​បាន​មេដាយប្រាក់​មួយ និង​សំរឹទ្ធ​មួយ។ ខុសពី​នៅ​ឌូបៃ​ដែល​ចៅ​សិទ្ធិ​រៀន​នៅ​មតេយ្យ​តែ​ត្រូវ​ប្រឡង​ ជាមួយ​សិស្ស​ថ្នាក់​ទី​១។ លើក​នេះ ចៅសិទ្ធិ ​ត្រូវ​ប្រឡង​ជាមួយ​សិស្ស​ដែល​មាន​កម្រិត​ខ្ពស់​ជាង»។ 

កុមារី សេងសំរេច សិរីរ័ត្ន សិស្ស​ថ្នាក់​ទី ២ នៃ​សាលា​អន្តរជាតិ អាយ.ស៊ី.អេស ក៏​ទទួល​បាន​មេដាយ​ចំនួន ២ ផងដែរ ដែល​បង្ហាញ​ពី​ទេពកោសល្យ​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​ក្នុង​ផ្នែក​គណិតវិទ្យា។

លោក Henry Ong ប្រធាន SIMCC បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការ​ចូលរួម​ក្នុង SIMOC ដោយលើក​ឡើង​ថា៖ «​វា​ផ្តល់​ឱកាស​សម្រាប់​សិស្សានុសិស្ស​​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ​ដែល​មាន​ទេពកោសល្យ​មកពី​ជុំវិញ​ពិភពលោក ផ្លាស់ប្តូរ​ចំណេះដឹង និង​ពង្រីក​ទស្សនៈ​របស់​ពួកគេ​»។​

លោក Ong បាន​សរសេរ​នៅ​ក្នុង​លិខិត​អញ្ជើញ​ថា៖ «​លើសពីនេះ វា​ជួយ​ពង្រឹង​ជំនាញ​ដោះស្រាយ​បញ្ហា សមត្ថភាព​គិត​ប្រកបដោយ​ការរិះគន់ និង​ចំណេះដឹង​គណិតវិទ្យា ​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​ក្នុង​ដំណើរ​សិក្សា​របស់​ពួកគេ»​។​

លោក​ស្រី ជា សំរេច ដែល​អម​ដំណើរ​កូន​ស្រី​ទៅ​ចូលរួម​ប្រកួតប្រជែង​គណិតវិទ្យា​នៅ​ប្រទេស​សិង្ហបុរី បាន​ឱ្យ​ដឹង​ថា​ កុមារី សេងសំរេច សិរីរ័ត្ន អាយុ​៨ឆ្នាំ រៀន​ថ្នាក់​ទី២ ទទួល​បាន​មេដាយ​ប្រាក់​ចំនួន ២ លើ​វិញ្ញាសារ (Maths Warriors & Mind Sports Challenge) និង​បាន​វិញ្ញាបនប័ត្រ​កិត្ដិយស​មួយ (Math Olympia)។

កុមារី សេងសំរេច សិរីរ័ត្ន សិស្ស​ថ្នាក់​ទី ២ នៃ​សាលា​អន្តរជាតិ អាយ.ស៊ី.អេស ក៏​ទទួល​បាន​មេដាយ​ចំនួន២ ផងដែរ ដែល​បង្ហាញ​ពី​ទេពកោសល្យ​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​ក្នុង​ផ្នែក​គណិតវិទ្យា។ រូបថត សហការី

លោក​ស្រី បាន​ឱ្យ​ដឹង​ថា៖ «មុន​ពេល​ចូលរួម​ប្រកួត​ប្រជែង ដំបូង​គាត់​ទទួល​បាន​មេដាយ​ជា​សិស្ស​ពូកែ​ក្នុង​ក្របខ័ណ្ឌ​ក្នុង​ប្រទេស ដើម្បី​មាន​សិទ្ធិ​អាច​ចុះ​ឈ្មោះ​ប្រឡង​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបូរី»។

លោក​ស្រី សំរេច បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «ឪពុកម្តាយ​មាន​សេចក្តី​រីករាយ​ដោយ​បាន​ឃើញ​កូនៗ​មានសេចក្តី​ក្លាហាន ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ហ៊ាន​ចូលរួម​ប្រឡង​កម្រិត​អន្តរជាតិ។ បើ​ទោះ​ជា​បាន​មេដាយ ឬ​មិន​បាន ក៏​ជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​ការ​សិក្សា​របស់​ពួកគេ»។

អ្នក​ទទួល​ជយលាភី​ពី​ការ​ប្រកួត​គណិតវិទ្យា​ SIMOC នឹង​ទទួល​បាន​មេដាយ និង​ពិន្ទុ​អាហារូបករណ៍ ដើម្បី​ចូលរួម​ក្នុង​ជំរុំ​ភាព​ជា​អ្នក​ដឹកនាំ​វ័យក្មេង (YALA) នៅ​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​នេះ។

លោក សោភ័ណ្ឌ បាន​បន្ថែម​ថា៖ «ពួកគេ​ក៏​នឹង​ទទួល​បាន​បទពិសោធន៍ និង​ទំនាក់ទំនង​ដ៏​មាន​តម្លៃ ដែល​នឹង​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា និង​វិជ្ជាជីវៈ​នាពេល​អនាគត​របស់​ពួកគេ។ ភាព​ជោគជ័យ​របស់​និស្សិត​កម្ពុជា​នៅ SIMOC 2024 គឺជា​សក្ខីភាព​មួយ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ការ​លះបង់ និង​ការ​ជួយជ្រោម​ជ្រែង​ពី​សាលា និង​គ្រួសារ​របស់​ពួកគេ»។

ជាមួយ​នឹង​ការ​ចូលរួម​កើនឡើង​ និង​សមិទ្ធផល​នានា កម្ពុជា​នៅតែ​បន្ត​បោះជំហាន​ទៅ​មុខ​ក្នុង​វិស័យ​គណិតវិទ្យា​នៅ​លើ​ឆាក​អន្តរជាតិ៕