ភ្នំពេញៈ ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ទទួលទាន​ស្រា​៣ប្រភេទ រួមមាន Royal Health Wine EST:2005 ចំណុះ​៥០០​មីលីលីត្រ, និងRoyal Health Wine EST:2005 ចំណុះ​១០០​មីលីលីត្រ, និង​ស្រា​សុខភាព​ធម្មជាតិ CHL ចំណុះ ១៥០​មីលីលីត្រ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព។ 

ក្រសួង​សុខាភិបាល​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​នា​ថ្ងៃទី​២៤ កក្កដា ថា ស្រា​ទាំង​៣​ប្រភេទ​នេះ​ដែល​ផលិត​ដោយ​សិប្បកម្ម​ផលិត​ស្រា​ថ្នាំ​នៃ​ក្រុមហ៊ុន​មួយ​កន្លែង​នៅ​ខេត្ត​ស្វាយរៀង មាន​ផ្ទុក​សារធាតុ Sildenafil (សារធាតុ​បង្កើន​ផ្លូវ​ភេទ​បុរស) កម្រិត​ខ្ពស់ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នកទទួល​ទាន និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

ក្រសួង​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ធ្វើការ​ស្រាវជ្រាវ មន្ត្រី​ជំនាញ​នៃ​ក្រសួង​សុខាភិបាល បាន​សហការ​ជាមួយ​អង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ធ្វើ​និយ័តកម្ម​នៅ​ទីតាំង​ចំនួន​២​កន្លែង គឺ​សិប្បកម្ម​ផលិត​ស្រា​ថ្នាំ​នេះ និង​ទីតាំង​លក់​ស្រា​ថ្នាំ​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ «ជន​ពាក់ព័ន្ធ»។

ក្រសួង​បញ្ជាក់​ថា៖ «ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ​ក្រសួង​សុខាភិបាល​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ទទួល​ទាន​ស្រា​ទាំង​៣​ប្រភេទ​ខាង​លើ និង​សូម​បងប្អូន​អាជីវករ​ឈប់​ចែក​ចាយ ឬ​លក់​ស្រា​ទាំង​នេះ»។ 

ក្រសួង​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​បណ្ដា​រាជធានី ខេត្ត បន្ត​សហការ ណែនាំ អប់រំ និង​ទប់ស្កាត់​ការ​ចែកចាយ ឬ​លក់​ស្រា​ថ្នាំ​ទាំង​៣​ប្រភេទ​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​នីតិវិធី​ច្បាប់។ 

ក្រសួង​បញ្ជាក់​ថា៖ «ក្រសួង​សុខាភិបាល សង្ឃឹម​ថា​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​សហការ​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់»៕