ព្រះសីហនុៈ យុទ្ធនាការ​២​របស់​ក្រសួង​បរិស្ថាន​បាន​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​បាន​ជាង ៧៤​ភាគរយ ក្នុង​រយៈពេល ១១​ខែ​កន្លង​មក​នេះ ដែល​ចូលរួម​ទប់​ស្កាត់​ការ​បំផ្លាញ​បរិស្ថាន ដោយ​សំណល់​ប្លាស្ទិក​ទាំងនោះ ពិសេស​ការ​បំពុល​ទន្លេ និង សមុទ្រ។

នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ក្នុង​ពិធី​បើក​វេទិកា​ពិភាក្សា​លើក​ដំបូង ស្តីពី​ការ​ការពារ​មហាសមុទ្រ និង​ជីវៈចម្រុះ​ក្នុង​សមុទ្រ​របស់​កម្ពុជា «កិច្ច​សន្ទនា​ពណ៌ខៀវ» (Blue Talks) ដែល​រៀបចំ​ឡើង​ដោយ​ស្ថានទូត​បារាំង​នា​ថ្ងៃទី​២៣ ខែ​កក្កដា​នៅ​ខេត្ត​ព្រះសីហនុ។

លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា ក្នុង​រយៈពេល ១១ ខែ​កន្លង​មក​នេះ ក្រសួង​បរិស្ថាន​បាន​ចាប់​ផ្តើម​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​តាម​រយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ» ដែល​មាន​មនុស្ស​ចូលរួម​ជាង ៨​លាន​នាក់។

ក្រៅ​ពី​នោះ ក្រសួង​ក៏​បាន​ចាប់​ផ្តើម​យុទ្ធនាការ​មួយ​ផ្សេង​ទៀត ដែល​មាន​ឈ្មោះ​ថា «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែល​រហូត​ដល់​ពេល​នេះ មាន​ឃុំ/សង្កាត់​ជាង​៦០០ ក្នុង​ចំណោម​ឃុំ/សង្កាត់​ចំនួន១ ៦៥២ បាន​ចូល​រួម​ត្រឹម​តែ​រយៈពេល​២​ខែ​តែ​ប៉ុណ្ណោះ។

លោក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា៖ «ក្រឡេក​ទៅ​មើល​ស្ថិតិ​វិញ ប្រទេស​កម្ពុជា​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក បាន​ចំនួន​ ៧៤,១​ភាគរយ​ក្នុង​រយៈពេល ១១​ខែ​កន្លង​មក​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន។ ប្រសិន​ជា​បើ​គ្មាន​ការ​កាត់​បន្ថយ​ទេ ចំនួន​ប្លាស្ទិក​នេះ ប្រមាណ​ពាក់​កណ្ដាល​អាច​នឹង​ប៉ះពាល់​ដល់​បរិស្ថាន អាច​ធ្លាក់​ចូល​ទៅ​សមុទ្រ ឬ​អាច​ចូល​ទៅ​ទន្លេ។ នេះ​គ្រាន់​តែ​ជា​ការ​រួម​ចំណែក​ពី​កម្ពុជា»។

លោក​រដ្ឋមន្រ្តី​ក៏​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ប្រទេស​ទាំងអស់​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​កម្ពុជា​​ក៏​មិន​ចង់​ឃើញ​សមុទ្រ​កម្ពុជា​ទទួល​រងពី​ការ​ប្រែប្រួល​អាកាសធាតុ​នោះ​ដែរ។ កម្ពុជា​នឹង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ធានា ការ​ទាញ​យក​ធនធាន​ធម្មជាតិ​សមុទ្រ ប្រកប​ដោយ​និរន្តរភាព។ ដើម្បី​ធ្វើ​កិច្ចការ​នេះ កម្ពុជា​ត្រូវ​មាន​ការ​ចូលរួម​ពី​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​ថែទាំ​សុខភាព​សមុទ្រ។

ការ​បំពុល​ដោយ​សំណល់​សំរាម​ប្លាស្ទិក គឺ​កើតឡើង​ដោយ​ការ​មិន​ទាន់​បាន​ទុក​ដាក់​សំរាម​ឱ្យ​បាន​ល្អ ដែល​បណ្តាល​ឱ្យ​មាន​ការ​កើន​ឡើង និង​ផល​ប៉ះពាល់​អវិជ្ជមាន លើ​សុខភាព​មនុស្ស សង្គម សេដ្ឋកិច្ច បរិស្ថាន រួម​ទាំង​ការ​បំពុល​សមុទ្រ និង​សត្វព្រៃ​ផងដែរ។

លោក អ៊ាង សុផល្លែត បាន​បន្ថែម​ថា៖ «យើង​ដឹង​ហើយ​ថា ការ​ចោល​សំរាម​ក្នុង​សមុទ្រ​ជា​បញ្ហា​មិន​មែន​តែ​នៅ​កម្ពុជា​ទេ ប៉ុន្តែ​នៅ​ទូទាំង​ពិភពលោក។ យើង​ធ្វើការ​ឆ្ពោះ​ទៅរក​ការ​កាត់​បន្ថយ ឬ​បើ​អាច​លុប​បំបាត់​ការ​ចោល​សំរាម​តាម​សមុទ្រ​នៅ​កម្ពុជា។ វា​គឺជា​តួនាទី​រួម​របស់​យើង​របស់​ប្រទេស​ទាំងអស់ ដើម្បី​អភិរក្ស និង​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព​នៃ​មហា​សមុទ្រ និង​ធនធាន​សមុទ្រ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»។

បច្ចុប្បន្ន​នេះ ថង់​ប្លាស្ទិក​ប្រមាណ ១០​លាន​ថង់ ត្រូវ​បាន​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ ដែល​រស់​នៅ​ក្នុង​ទីក្រុង​នានា​នៃ​ប្រទេស​កម្ពុជា ប្រើប្រាស់​ថង់​ប្លាស្ទិក​ជាង ២ ០០០ ថង់​ក្នុង​មួយ​ឆ្នាំ។

ប្រជាពលរដ្ឋ​រស់​នៅ​តាម​តំបន់​ឆ្នេរ​ក្នុង​មួយ​ខ្នង​ផ្ទះ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ជា​មធ្យម​ចំនួន ១២​ថង់ ក្នុង​មួយ​ថ្ងៃ ហើយ​បរិមាណ​សំណល់​ប្លាស្ទិក​ប្រមាណ​ជា ៤៨​ភាគរយ ត្រូវ​បាន​បោះចោល​ចូល​ទៅ​ក្នុង​សមុទ្រ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​ប្រចាំ​កម្ពុជា កាល​ពី​ឆ្នាំ ២០១៩។ 

កំណើន​បរិមាណ​សំណល់​ប្លាស្ទិក បាន​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ជីវជម្រុះ សុខភាព​មនុស្ស និង​សេដ្ឋកិច្ច​ជាតិ។ ស្ថិតិ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​កន្លង​មក បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០៥០ ចំនួន​ប្លាស្ទិក នឹង​មាន​ច្រើន​ជាង​ចំនួន​ត្រី​ក្នុង​មហាសមុទ្រ។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ត្រៀម​សម្រាប់​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​មហាសមុទ្រ​លើក​ទី៣ (UNOC3) គ្រោង​ធ្វើ​នៅ​ទីក្រុង​នីស ប្រទេស​បារាំង នា​ខែ​មិថុនា ឆ្នាំ​២០២៥។

ក្រៅពី​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង លោក Jacques Pellet ឯកអគ្គរដ្ឋ​ទូត​បារាំង កម្ម​ពិធី​នេះ​ក៏​មាន​ការ​ចូលរួម​ពី​លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ លោក Jean-Pierre Marcelli នាយក​ទី​ភ្នាក់ងារ​បារាំង AFD ប្រចាំ​ភូមិភាគ​អាស៊ី​អាគ្នេយ៍ និង​តំណាង​មក​ពី​ក្រសួង​អង្គការ​ក្រៅ​រដ្ឋាភិបាល គណៈប្រតិភូ​សហភាព​អឺរ៉ុប ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​វិស័យ​ឯកជន​ផងដែរ។

អ្នក​ចូលរួម​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​អំពី​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​ពណ៌ខៀវ អេកូ​ទេសចរណ៍ ពាណិជ្ជកម្ម​តាម​សមុទ្រ និង​កសិកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។ នេះ​បើ​យោង​តាម​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា។

ទាក់ទង​ទៅ​នឹង​បញ្ហា​បរិស្ថាន​និង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ដែរ ក្រសួង​បរិស្ថាន នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហាអនុតំបន់​ទន្លេ​មេគង្គ​លើក​ទី​៦ (EMM-6) ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ខាង​មុខ​នេះ។

នៅ​មុន​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រីនេះ ក្រសួង​បរិស្ថាន​បាន​ចូលរួម ដឹកនាំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​មួយ​កាល​ពី​ថ្ងៃទី​២៣ កក្កដា ក្នុង​ខេត្ត​ព្រះសីហនុ ស្តីពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ឆ្នាំ ២០៣០ សម្រាប់​ពន្លឿន​សកម្មភាព​អាកាសធាតុ និង​ចីរភាព​បរិស្ថាន​ក្នុង​មហាអនុ​តំបន់​ទន្លេ​មេគង្គ។

កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង​ដើម្បី​កំណត់​អាទិភាព​រួម តម្រូវ​ការ​វិនិយោគ  និង​ជំនួយ​បច្ចេក​ទេស​សម្រាប់​ដាក់​បញ្ជូល​ទៅក្នុង​សេចក្តី​ព្រាង​ក្រប​ខ័ណ្ឌ​យុទ្ធសាស្ត្រ​ឆ្នាំ ២០៣០ ដែល​នឹង​ដាក់​ជូន​កិច្ច​ប្រជុំ EMM-6  ដើម្បី​អនុម័ត នៅខែ​កញ្ញា​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន។

កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​ប្រតិភូ​តំណាង​ប្រទេស​ជា​សមាជិក នៃ​ប្រទេស​មហាអនុតំបន់​ទន្លេ​មេគង្គ (GMS) សរុប​៤៥​នាក់ រួម​មាន​ប្រទេស កម្ពុជា វៀតណាម ឡាវ ថៃ ចិន មីយ៉ាន់ម៉ា ធនាគារ​អភិវឌ្ឍន៍​អាស៊ី តំណាង JICA វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម៕