តាកែវ៖ កាល​ពី​ថ្ងៃទី ២៣ ខែ​កក្កដា លោក កៅ វគ្គសែល អភិបាល​នៃ​គណ:អភិបាល​ស្រុក​ត្រាំកក់ រួមជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​សិប្បកម្ម​កាត់ដេរ​ខោខូវប៊យ​ ក្នុង​​ភូមិ​អង្គ​រនាប ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់​ខេត្តតាកែវ ដែល​បាន​បង្ក​ជា​ក្លិន​ស្អុយ​ប៉ះពាល់​ដល់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​ប្រជាពល​រដ្ឋ​រស់នៅ​ក្បែរ​នោះ។

មន្ដ្រី​ក្រុមប្រឹក្សា​ឃុំ​ត្រាំកក់ អ្នកស្រី សួត សំអុល បាន​ឱ្យ​ដឹងថា​៖ «លោក វគ្គសែល បាន​ឱ្យ​ផ្អាក​ការ​ដុត​កម្ទេច​ក្រណាត់ និង​ត្រូវ​អនុវត្តតាម​បច្ចេកទេស​របស់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​​បរិស្ថានដើម្បី​បញ្ជៀ​ស​ផលប៉ះពាល់ ដល់​សុខភាព​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជា​​ប្រជាព​រដ្ឋ​ក្នុងភូមិ​»។​

ការ​ចុះ​អន្ដរាគមន៍​របស់​មន្ដ្រី​មូលដ្ឋាន​ស្រុក និង​មន្ដ្រី​បរិស្ថាន​នេះ ត្រូវបាន​ធ្វើ​ឡើង​ក្រោយ​មាន​ការ​បង្ហោះ​វីដេអូ​របស់​សិស្សានុសិស្ស ក៏ដូចជា​លោកគ្រូ​អ្នក​គ្រូ​ខ្ទប់​ច្រមុះ​នៅ​ក្នុង​ថ្នាក់​រៀន និង​បរិវេណ​សាលា​ ដោយ​បាន​ត្អូញត្អែរ​អំពី​ក្លិន​ស្អុយ​អាសោច​ភាយ​ចេញ​ពី​រោងចក្រ​ផលិត​ខោខូវប៊យ​។

លោក សុខ ប៊ុនធឿន ជា​គ្រូបង្រៀន​ម្នាក់ និង​បាន​បង្ហោះ​វីដេអូ​​នៅលើ​បណ្ដាញសង្គម ដោយ​ភ្ជាប់​ជាមួយ​សំណេរ​ថា​៖ «ស្អុយ​រាល់​ថ្ងៃ ព្រោះ​សាលារៀន​ទាំង​បឋម ទាំង​វិទ្យាល័យ​នៅ​ក្រោម​ខ្យល់​ (ខ្យល់បក់​មកពី​លិច រោងចក្រ​នៅ​ខាងលិច​ សាលា​នៅ​ខាង​កើត)​។ ទាំង​គ្រូ​ទាំង​សិស្ស លែង​ចង់​មក​សាលារៀន​ហើយ​»។ 

វីដេអូ​នោះ​បាន​ទាក់ទាញ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ឱ្យ​បញ្ចេញមតិ និង​ចែករំលែក ជំ​រុញឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​។​
ក្លិន​ដែល​មិនអាច​ទ្រាំទ្រ​បាន​មិន​ត្រឹមតែ​រំខាន​ដល់​ការសិក្សា​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដល់​សហគមន៍​សាលា​ទៀតផង​។​

ទិដ្ឋភាព​ក្នុង​រោងចក្រ​ផលិត​ខោខូវប៊យ​ក្នុង​ឃុំ​ត្រាំកក់ដែល​បង្ក​បញ្ហា​ក្លិន​ស្អុយ​ប៉ះពាល់​ដល់​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​។ បណ្ដាញសង្គម​

ហេតុការណ៍​នេះទាមទារ​ឱ្យ​មាន​ចំណាត់​​ការ​បន្ទាន់​សម្រាប់​បទ​ប្បញ្ញត្តិ​បរិស្ថាន និង​គណនេយ្យភាព​ឧស្សាហកម្ម ដើម្បី​ធានាបាន​នូវ​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព និង​សុខ​ភាពល្អ​សម្រាប់​កុមារ​។​

លោក ហៀក សំភី ជា​មេប៉ុស្ដិ៍​នគរបាល​ ឃុំ​ត្រាំកក់ បាន​ឱ្យ​ដឹងថា អាជ្ញាធរ​មូល​ដ្ឋាន​បាន​ដោះ​ស្រាយ​បញ្ហា​រំភាយ​ក្លិន​ស្អុយ​ពី​រោង​ចក្រ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «យើង​បាន​ឱ្យ​ខាង​រោងចក្រ​ប្រើ​ប្រាស់​បំពង់​បង្អុយ​ផ្សែង​ និង​សម្អាត​បរិស្ថាន​ក្នុង​បរិវេណ​រោងចក្រ​។ ឥឡូវនេះ វា​លែង​មាន​ក្លិន​ស្អុយ​រំខាន​សិស្ស​នៅ​សាលារៀន​ទៀត​ហើយ​»។ 

លោក ប៊ុនធឿន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក និង​បាន​លប់​ចោល​វីដេអូ​នោះ​ក្រោយ​អាជ្ញាធរ​ចុះ​ចាត់​វិធានការ​បន្ទាន់​ថា​៖ «​សូម​អរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​លោក​អភិបាលស្រុក​ត្រាំកក់ ដែល​បាន​ចុះជួយ​ដោះស្រាយ»៕ 

ទិដ្ឋភាព​ក្នុង​រោងចក្រ​ផលិត​ខោខូវប៊យ​ក្នុង​ឃុំ​ត្រាំកក់ដែល​បង្ក​បញ្ហា​ក្លិន​ស្អុយ​ប៉ះពាល់​ដល់​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​។ បណ្ដាញសង្គម​