ភ្នំពេញៈ ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អនុវត្ត​នូវ​វិធានការ​បរិភោគ​ផ្សិត​ដើម្បីចៀសវាង​បាន​នូវ​ការ​ពុល​ផ្សិត ដែល​អាច​ធ្វើ​ឱ្យ​គ្រោះថ្នាក់​រហូត​បាត់បង់​ជីវិត។

ការ​ចេញ​វិធាន​ការ​នេះ​ធ្វើឡើង បន្ទាប់​ពី​មាន​ករណី​ពុល​ផ្សិត​ចំនួន ១៧​នាក់ ដោយមាន​រោគសញ្ញា​ចុកពោះ រាក ក្អួត នៅភូមិឡុំ ឃុំប៉ក់ញៃ ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី ក្រោយ​ពី​បរិភោគផ្សិត កាលពី​ថ្ងៃទី​២១ ខែកក្កដា។

ក្រសួង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃទី​២៣ កក្កដា ថា អ្នក​ដែល​ពុល​ផ្សិត​ចំនួន​១៧នាក់​នេះ​ត្រូវ​បាន​និង​កំពុង​ទទួល​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព និងមន្ទីរពេទ្យ។

ក្រសួង​បញ្ជាក់​ថា៖ «ក្រុម​ឆ្លើយតប​បន្ទាន់​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត បាន​និង​កំពុង​សហការ​ជាមួយ​ក្រុម​ការងារ​នៃ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និង​ផ្នែក​ពាក់​ព័ន្ធ​ដោយ​ទទួល​ការ​ផ្ដល់​យោបល់​បច្ចេកទេស​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល ធ្វើការ​អង្កេត​ស្រាវជ្រាវ​យ៉ាង​សកម្ម​លើ​ការ​កើត​ឡើង​នូវ​ករណី​ពុល​នេះ និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដែល​កើត​ហេតុ​ខាងលើ»។ 

ក្រសួង​ពន្យល់​ថា ក្នុង​ចំណោម​ផ្សិត​រាប់​ពាន់​ប្រភេទ​មាន​ផ្សិត​ប្រហែល ១០០​ប្រភេទ ដែល​ភាគច្រើន​បណ្ដាល​ឱ្យ​ពុល ​នៅ​ពេល​បរិភោគ និង​ណែនាំ​ថា៖ «មុន​នឹង​យក​ផ្សិត​មក​ចម្អិន​ជា​ម្ហូប​អាហារ​បរិភោគ​ត្រូវ​ស្គាល់​ប្រាកដ​ថា ផ្សិត​នោះ​មិន​ពុល ឬ​សូម​ស្វែង​រក សាក​សួរ​ចាស់ទុំ ដែល​ស្គាល់​ច្បាស់​ថា ផ្សិត​នោះ​ធ្លាប់​បរិភោគ​ដោយ​សុវត្ថិភាព។ ចម្អិន​ផ្សិត​ដែល​មិន​ពុល​ឱ្យ​បាន​ត្រឹមត្រូវ និង​ឆ្អិន​ល្អ មុន​បរិភោគ»។

ក្រសួង​ណែនាំ​ឱ្យ​ប្រកាន់​អនាម័យ លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត មុនចាប់​កាន់​អាហារ និង​ទទួល​ទាន​ចំណី​អាហារ​ដែល​មាន​អនាម័យ និង​សុវត្ថិភាព​ល្អ។

ក្រសួង​បញ្ជាក់​ថា រោគ​សញ្ញា​នៃ​ការ​ពុល​ផ្សិត​អាច​កើត​ក្រោយ​ពី​បរិភោគ​រយៈពេល​២​ម៉ោង ទៅ ៦​ម៉ោង ឬ​ច្រើន​ថ្ងៃ ដែល​មាន​ដូចជា ចុកពោះ រាក ក្អួត បែកញើស រីកប្រស្រីភ្នែក ដង្ហើមញាប់ ឬ​ពិបាក​ដក​ដង្ហើម​ឡេះឡះ រហូត​ដល់​អាច​ស្លាប់​ក្នុង​រយៈពេល​ណា​មួយ​ទៅ​តាម​ប្រភេទ​ផ្សិត​ពុល​ដែល​មាន​កម្រិត​ជាតិ​ពុល​ខុសៗ​គ្នា។

ក្រសួង​លើក​ឡើង​ថា៖ «ជាតិ​ពុល​ខ្លះ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ តម្រង​នោម ឬថ្លើម ជួន​កាល​ច្រើន​ថ្ងៃ ឬ​ច្រើន​សប្តាហ៍​បន្ទាប់ពី​បរិភោគ។ អ្នកពុល​ត្រូវ​ប្រញាប់​ស្វែង​រក​ការ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ដោយ​ស្ថានភាព​អ្នក​ពុល​តម្រូវ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាមដាន​ពី​គ្រូពេទ្យ​ជា​ចាំបាច់»។ 

ក្រសួង​បញ្ជាក់​ថា៖ «ក្រសួង​សុខាភិបាល​សូម​លើក​ទឹក​ចិត្ត​ដល់​បងប្អូន​ពលរដ្ឋ​គ្រប់​រូប​អនុវត្ត​តាម​ការ​ណែនាំ​ខាង​លើ និង​សូម​បន្ត​ផ្សព្វផ្សាយ​សារ​អប់រំ​នេះ​ដល់​ក្រុម​គ្រួសារ ញាតិ​មិត្ត ដើម្បី​ចៀស​ផុត​ពី​ការ​ឈឺ គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​ការ​បរិភោគ​ផ្សិតពុល»។

ក្រសួង​អំពាវនាវ​ដល់​មន្ត្រី​សុខាភិបាល អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ផ្សព្វផ្សាយ និង​ធ្វើការ​ណែនាំ អប់រំ​ការ​អនុវត្ត​វិធានការ​នេះ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់ខ្លួន៕