កំពង់ធំៈ យ៉ាង​ហោច​ណាស់ ឃុំ​ចំនួន​១៣ ក្នុង​ស្រុក​ចំនួន​៥ ​នៃ​ខេត្ត​កំពង់ធំ​កំពុង​តែ​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹក​ភ្លៀង ដែល​ប៉ះ​ពាល់​ដំណាំ​ស្រូវ​ចំនួន ៤៧៤​ហិកតា។

ការ​ចុះ​ពិនិត្យ​ផ្ទាល់ និង របាយការណ៍​បន្ថែម​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ បង្ហាញ​ថា ក្នុង​ខេត្ត​កំពង់ធំ​មាន​ឃុំ​ចំនួន​១៣ ក្នុង​ស្រុក​ចំនួន​៥ កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង។ ស្រុក​ទាំង ៥ នោះ​រួម​មាន ស្រុក​កំពង់ស្វាយ ក្រុង​ស្ទឹងសែន ស្រុក​ប្រាសាទ​សំបូរ ស្រុក​សណ្តាន់ និង​ស្រុក​បារាយណ៍ ដែល​មាន​កសិករ​សរុប​ចំនួន​៣៤០​គ្រួសារ។ នេះ​បើ​យោង​តាម​ក្រសួង​កសិកម្ម​នា​ថ្ងៃ​ទី​២៤ ខែ​កក្កដា​នេះ។

ក្រសួង​បញ្ជាក់​ថា៖ «ដំណាំ​ស្រូវ​បាន​រង​ផល​ប៉ះពាល់​ចំនួន ៤៧៤​ហិកតា និង ខូចខាត​ទាំង​ស្រុង​ចំនួន ១២៥​ហិកតា។ ផ្ទៃ​ដី​ប៉ះពាល់​សរុប​នេះ ស្មើ​នឹង ១.៩៦ ភាគរយ បើ​ធៀប​នឹង​ផ្ទៃ​ដី​ដាំដុះ​ស្រូវ​វស្សា​សរុប​ក្នុង​ឃុំ និង​ស្មើ​នឹង ០.២៤​ភាគរយ បើ​ធៀប​នឹង​ផ្ទៃដី​ដែល​បាន​ដាំដុះ​ស្រូវ​វស្សា​ក្នុង​ខេត្ត»។

ស្ថិត​ក្នុង​ស្ថានភាព​នេះ ក្រុម​ការងារ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​បញ្ជា​អភិបាល​ខេត្ត លោក នួន ផារ័ត្ន បាន​អន្តរាគមន៍​ស្តា​ប្រឡាយ​បណ្តោះ​ទឹក​នៅ​ក្នុង​ឃុំ​បារាយណ៍ ដើម្បី​រំដោះទឹក​ចេញ​ពី​វាល​ស្រែ​ដែល​មាន​ផ្ទៃ​ដី​ប្រមាណ​២០០​ហិកតា។

លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ​កំពុង​តែ​ចុះ​ពិនិត្យ​ផល​ប៉ះពាល់​នៃ​ដំណាំ​កសិកម្ម​នៅ​តាម​មូលដ្ឋាន។ ហេតុនេះ លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ទេ។ 

ក្រោយពី​មាន​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ត​កំពង់ធំ កាល​ពី​សប្តាហ៍​មុន​មក​នោះ លោក គង់ គា ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ នៃ​ក្រសួង​កសិកម្ម និង ក្រុម​ការងារ​ចុះ​ពិនិត្យ​ផល​ប៉ះពាល់​ដំណាំ​ស្រូវ​ដោយសារ​ជំនន់​ទឹក​ភ្លៀង នៅ​ភូមិ​អូតាសេក ឃុំ​កំពង់គោ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ។ លោក​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​គ្រោះ​មហន្តរាយ​នេះ។

លោក​បាន​ថ្លែង​ពេល​ចុះ​ពិនិត្យ​ស្រូវ​ថា៖ «ស្រូវ​នេះ​រយៈពេល ៥ថ្ងៃ​ហើយ​លិច​ទឹក ហើយ​ទឹក​ដែល​លិច​នេះ​គឺ​ទឹក​ល្អក់​ទៀត ដែល​ធ្វើឱ្យ​ស្រូវ​ហ្នឹង​វា​ឆាប់ខូច ហើយ​ទោះ​បី​ជា​ទឹក​ស្រក​ទៅ​វិញ ក៏​មិន​អាច​ប្រមូល​ផល​បាន​ដែរ។ ស្តាយ ស្តាយ​មែន​ទែន ទិន្នផល​មើល​ទៅ​បាន​ច្រើន​ណាស់។ ស្រែ​នោះ​បាន ៦ ទៅ ៧​តោន»។ 

លោក​មាន​ប្រសាសន៍​បន្ត​ថា៖ «សង្វេគ​ណាស់​កសិករ​យើង​ឆ្នាំនេះ គឺ​ឆ្នាំ​បញ្ហា​ច្រើន ទាំងពី​ដង្កូវ ទាំង​ពី​មមាច ទាំង​ពី​រុយ​ស លូវ​ដល់​ទឹក​ជំនន់​ទៀត។ ជា​ធម្មតា​ខែ​នេះ គឺជា​ខែ​ស្ថិត​ក្នុង​កូន​រដូវ​ប្រាំង តែ​ឆ្នាំនេះ​ទៅ​ជា​កូន​រដូវ​ភ្លៀង​វិញ។ នេះ​គឺជា​រឿង​ចម្លែក អាហ្នឹង​ហើយ​ដែល​គេ​ហៅថា ការ​ប្រែប្រួល​អាកាសធាតុ»។ 

លោក សុទ្ធ គឹមកុលមុនី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឱ្យ​ដឹង​ថា ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្តា​ខេត្ត​បាន​ស្រក​បន្តិច​វិញ ក្រោយ​ពី​ភ្លៀង​មិនមាន​ធ្លាក់​បន្ត​ទៀត។ 

លោកបន្តថា ស្ថានភាព​ទឹក​នៅ​ខេត្ត​ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ ក្រចេះ កំពង់ស្ពឺ បាត់ដំបង ព្រះសីហនុ និង​កោះកុង​ជាដើម​មិន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ស្ថានភាព​ឥឡូវ​នេះ​មិន​ជា​បញ្ហា​អីទេ ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​នេះមិនមាន​ភ្លៀង​ខ្លាំង តែ​បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក នៅពេល​ខាង​មុខ​នឹង​មាន​ភ្លៀង​ធ្លាក់ តែ​បើ​ភ្លៀង​គឺ​អាច​ឡើង​នៅ​តំបន់​តាម​ស្ទឹង។ នៅ​​តាម​ទីវាល​មិនទាន់​មាន​ទឹកជន់​លិច​នៅ​ឡើយទេ»។ 

លោក​បន្ថែម​ថា ស្ថានភាព​ទឹក​នៅ​ខេត្ត​ព្រះវិហារ បាន​ស្រក​ហើយ ដោយសារ​តែ​មិនមាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត។ រីឯ​ខេត្ត​កំពង់ធំ ទឹក​ហូរ​មក​ពី​ខាង​លើ​គឺ​ខេត្ត​ព្រះវិហារ ដែល​ធ្វើឱ្យ​ទឹក​ស្ទឹងសែន​នៅ​មាន​ការ​ហក់​ឡើង។ ប៉ុន្តែ ស្ថានភាព​ទឹក​នេះ បាន​ហក់​ឡើង​នៅ​តែ​នៅតាម​បណ្តោយ​ស្ទឹង​សែន​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​ប្រាំង​មួយ​ចំនួន។ 

ក្នុង​ស្ថានភាព​ទឹក​ជំនន់​នៅ​នេះ​ផងដែរ មន្ទីរ​កសិកម្ម​ខេត្ត​មួយ​ចំនួន​បាន​ណែនាំ​ឱ្យ​កសិករ​ចិញ្ចឹម​សត្វ ពិសេស​កសិករ​ចិញ្ចឹម​គោក្របី ជ្រូក​ត្រៀម​លក្ខណៈ​ទុកជា​មុន​សម្រាប់​អន្តរាគមន៍​ជួយ​សង្គ្រោះ​សត្វ​ក្នុង​ពេល​មាន​ទឹក​ជំនន់ ទឹក​ភ្លៀង ឬ​ទឹក​ទន្លេ។

មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប បាន​ធ្វើ​ការ​ណែនាំ​ដល់​កសិករ ឱ្យ​កំណត់​ទីទួល​សុវត្ថិភាព​នៅ​តាម​មូលដ្ឋាន ដើម្បី​ជម្លៀស​សត្វ នៅ​ពេល​មាន​គ្រោះ​ទឹក​ជំនន់ និង​ត្រូវ​មាន​ជម្រក​ឱ្យ​បាន​ត្រឹមត្រូវ, ត្រូវ​រៀបចំ​ត្រៀម​ចំណី ដូចជា ចំបើង ស្មៅស្ងួត ចំ​ណី​ស្ងួត (ចំណីការុង) និង​កៅស៊ូតង់ សម្រាប់​ឱ្យ​សត្វស៊ី និង ផ្តល់​ទឹក​ស្អាត​ឱ្យ​សត្វ​ផឹក​បាន​គ្រប់គ្រាន់ និង​ធ្វើ​ជម្រក​សម្រាប់​សត្វ។ 

មន្ទីរ​កសិកម្ម​បញ្ជាក់​ថា៖ «មិនត្រូវ​ប៉ះពាល់ វះកាត់ ឬបរិភោគ​សត្វ​ឈឺ-ងាប់​ឡើយ និង​ហាម​ជា​ដាច់​ខាត​ការ​លក់ ទិញ ឬ​ចរាចរណ៍​សត្វឈឺ និង​ងាប់​ដោយសារ​ជំងឺ គឺ​ត្រូវ​ធ្វើ​ការ​កប់ ឬ​ដុត​កម្ទេច​ចោល»។ 

លើសពីនោះ ពលរដ្ឋ​ត្រូវ​គ្រប់​គ្រង​មើល​ថែ​សត្វ​ឱ្យ​បាន​ល្អ​ចៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​មនុស្ស សត្វ ជាពិសេស ការ​ចង​សត្វ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ។ ករណី​មាន​សត្វ​ឈឺ ត្រូវ​បំបែក​សត្វ​ឈឺ​ចេញ​ពី​សត្វជា រួច​ហើយ​ត្រូវ​ទំនាក់ទំនង​ទៅ​ភ្នាក់ងារ​សុខភាព​សត្វភូមិ អាជ្ញាធរភូមិ ឃុំ និង​មន្ត្រី​ជំនាញ ដើម្បី​ជួយ​អន្តរាគមន៍ និង​មាន​វិធានការ​បន្ត​ឲ្យ​បាន​ទាន់​ពេលវេលា៕