ភ្នំពេញ៖ កម្មវិធីប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SIMOC) ២០២៤ បានបញ្ចប់កាលពីថ្ងៃទី ២៤ សិស្សានុសិស្សកម្ពុជាបាននាំយកមេដាយសរុបមកកាន់មាតុភូមិវិញចំនួន ១២០ ពីការប្រកួតប្រជែងនៅប្រទេសសិង្ហបុរី។
ក្នុងចំណោមបេក្ខជនជាង ២៣០០នាក់ សិស្សកម្ពុជាមានចំនួន ១១៩ នាក់ តំណាងឱ្យស្ថាប័នអប់រំចំនួន ៤១ មកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
លោក យ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី ដែលដឹកនាំបេក្ខជនកម្ពុជាសម្រាប់ SIMOC 2024 បានឱ្យដឹងថា៖ «សិស្សកម្ពុជាបានទទួលជយលាភីមេដាយមាសចំនួន ១៧ គ្រឿង មេដាយប្រាក់ ៣៦ គ្រឿង និងមេដាយសំរឹទ្ធ ៦៧ គ្រឿង រួមជាមួយនឹងរង្វាន់កិត្តិយសចំនួន ១៤ ដែលបង្ហាញពីទេពកោសល្យ និងការខិតខំប្រឹងប្រែងដ៏ពិសេសរបស់ពួកគេ»។
សិស្សានុសិស្សកម្ពុជាទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការប្រកួតគណិតវិទ្យាលើវិញ្ញាសារ Math Olympiad ដោយទទួលបានមេដាយមាសចំនួន ៣ មេដាយប្រាក់ ១៧ មេដាយសំរឹទ្ធ ១៩ និងមេដាយកិត្តិយសចំនួន ១៤ ពីថ្នាក់ទី១ ដល់ទី ១២។
នៅក្នុងការប្រកួត Math Warriors & Math Master Mind ពួកគេបានបន្តធ្វើបានយ៉ាងល្អ ដោយទទួលបានមេដាយមាស ១៤ ប្រាក់ ១៥ និងសំរឹទ្ធ ៤៨។
ការប្រកួតប្រជែងសមត្ថភាពផ្នែកគណិតវិទ្យានេះមានការចូលរួមពីបេក្ខភាពចំនួន ៣០ ប្រទេស រួមមាន អាស៊ែបៃហ្សង់ តួកគី ឥណ្ឌូនេស៊ី ឥណ្ឌា ឡាវ ម៉ិកស៊ិក ម៉ុងហ្គោលី នូវែលសេឡង់ ប៉ាគីស្ថាន ម៉ាឡេស៊ី ហ្ស៊កដានី នូវែលសេឡង់ មីយ៉ាន់ម៉ា កាហ្សាក់ស្ថាន នីហ្សេរីយ៉ា ហ្វីលីពីន ហ្គាណា ថៃ អ៊ូសបេគីស្ថាន ប្រេស៊ីល អ៊ីរ៉ង់ ជប៉ុន អារ៉ាប់រួម ឌូបៃ កៀហ្ស៊ីស៊ីស្ថាន ចិន កាណាដា វៀតណាម កម្ពុជា ម៉ូរីស និងស្រីលង្កា។
ការប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SIMOC) គឺជាការប្រកួតប្រជែងប្រចាំឆ្នាំដ៏ល្បីល្បាញមួយដែលប្រមូលផ្តុំអ្នកចូលចិត្តគណិតវិទ្យាវ័យក្មេងមកពីជុំវិញពិភពលោក។
គោលបំណងដើម្បីបណ្តុះ និងលើកកម្ពស់ទេពកោសល្យគណិតវិទ្យា SIMOC ផ្តល់នូវវេទិកាសកលសម្រាប់សិស្សានុសិស្សដើម្បីបង្ហាញពីជំនាញរបស់ពួកគេ និងចូលរួមជាមួយមិត្តភក្តិក្នុងស្មារតីនៃការប្រកួតប្រជែងមិត្តភាព។
ការប្រកួត SIMOC មាន ៣ វិញ្ញាសារ រួមមាន វិញ្ញាសារគណិតវិទ្យា ប្រកួតជាឯកទត្តជន Math Olympiad (MO) វិញ្ញាសារល្បែងគិតលេខ ប្រកួតជាក្រុម Math Warrior (MW) and Math Master Mind (MMM) និងវិញ្ញាសារល្បែងប្រាជ្ញា ប្រកួតជាក្រុម Mind Sport (MS)។
អ្នកទទួលជយលាភីពីការប្រកួតគណិតវិទ្យា SIMOC នឹងទទួលបានមេដាយ និងពិន្ទុអាហារូបករណ៍ ដើម្បីចូលរួមក្នុងជំរុំភាពជាអ្នកដឹកនាំវ័យក្មេង (YALA) នៅប្រទេសចិននៅចុងឆ្នាំនេះ។
លោក សោភ័ណ្ឌ បានបន្ថែមថា៖ «ពួកគេក៏នឹងទទួលបានបទពិសោធន៍ និងទំនាក់ទំនងដ៏មានតម្លៃ ដែលនឹងគាំទ្រដល់ការខិតខំប្រឹងប្រែងសិក្សា និងវិជ្ជាជីវៈនាពេលអនាគតរបស់ពួកគេ។ ភាពជោគជ័យរបស់និស្សិតកម្ពុជានៅ SIMOC 2024 គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការជួយជ្រោមជ្រែងពីសាលា និងគ្រួសាររបស់ពួកគេ»។
ជាមួយនឹងការចូលរួមកើនឡើង និងសមិទ្ធផលនានា កម្ពុជានៅតែបន្តបោះជំហានទៅមុខក្នុងវិស័យគណិតវិទ្យានៅលើឆាកអន្តរជាតិ៕