ស្ទឹងត្រែងៈ អ្នក​ដាំ​កញ្ឆា​ពីរ​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​ស្ទឹងត្រែង​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាំ​រុក្ខជាតិ​ញៀន​ជាង ៧០០ដើម ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ៤​លាន​រៀល។ 

តុលាការ​ខេត្ត​បាន​ធ្វើ​ការ​សួរ​នាំ និង​ចោទ​ប្រកាន់​បុរស​ម្នាក់ និង​ស្រ្តី​មា្នក់​ពី​បទ​ដាំ​ដោយ​ខុស​ច្បាប់​នូវ​រុក្ខជាតិ​ញៀន តាមមាត្រា​៣៨ នៃ​ច្បាប់ច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។ នេះបើយោងតាម លោកឈុំ ស៊ាងហាក់​អ្នកនាំ​ពាក្យ​តុលា​ការ​ខេត្ត។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​២៥ កក្កដា​ថា៖ «តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​រួច​ហើយ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ដាំ​ដោយ​ខុស​ច្បាប់​នូវ​រុក្ខជាតិ​ញៀន»។

យោង​តាម​មាត្រា​៣៨ បាន​ឱ្យ​ដឹង​ថា ជន​ណា​ប្រព្រឹត្ត​ដោយ​ចេតនា​ល្មើស​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ និង​បទ​បញ្ជា​ទាក់​ទង​នឹង​ការ​ដាំ​រុក្ខជាតិ​ញៀន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២ឆ្នាំ ។ ក្រៅ​ពី​ទោស​ដាក់​ពន្ធនាគារ ជន​ល្មើស​នឹង​អាច​ត្រូវ​ទទួល​បន្ថែម​នូវ​ទោស​ពិន័យ​ជា​ប្រាក់​ពី​ ១​លាន​រៀល ទៅ ៤​លាន​រៀល​ផងដែរ។ 

លើសពីនោះ ក្នុង​ករណី​ដែល​ការ​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​ចែកចាយ ផលិត ឬ​ធ្វើ​ពាណិជ្ជកម្ម ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង​អាច​ត្រូវ​ទទួល​បន្ថែម​នូវ​ទោស​ពិន័យ​ជា​ប្រាក់​ពី ៤លាន ទៅ ១០ លាន) រៀល។

កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ខេត្ត និង កម្លាំង​នគរបាល​ស្រុក សេសាន បាន​បង្ក្រាប​ករណី​ដាំ​ដុះ​កញ្ឆា​ដោយ​ខុស​ច្បាប់​ស្ថិត​នៅ​ភូមិ​ញឺន ឃុំស្តៅ ស្រុក​សេសាន ក្រោយពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​តាម​រយៈApp NoDrug។ 

កម្លាំង​នគរបាល​បាន​រក​កញ្ឆា​នៅ ២ គោលដៅ​ផ្សេង​គ្នា ដែល​សរុប​ចំនួន ៧៦៧គុម្ព។ គោល​ដៅ​ទី១ បាន​កាប់ និង​ដុត​បំផ្លាញ​កញ្ឆា​ចំនួន ២៥៥គុម្ព និង​បាន​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ ២នាក់។ រីឯ គោលដៅ​ទី២ បាន​កាប់ និង​ដុត​បំផ្លាញ​កញ្ឆា​ចំនួន ៥១២​គុម្ព ប៉ុន្តែ​ ចំពោះ​ម្ចាស់​ដាំ​កញ្ឆា​បាន​រត់​គេច​ខ្លួន។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នា​ថ្ងៃទី​២៤ ខែ​កក្កដា​នេះ។

លោក ឈុំ ស៊ាងហាក់​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា តុលាការ​នឹង​ធ្វើការ​ពិនិត្យ និង​មាន​ចំណាត់​ការ​បន្ត​ទៀត​ចំពោះ​អ្នក​ដែល​រត់​គេច​ខ្លួន ឬ​ពាក់​ព័ន្ធ​ផ្សេង​ទៀត។

ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ខុស​ច្បាប់ ដោយ​បាន​ចាប់​ខ្លួន​បុរស​ជា​ជនជាតិ​ចិន ២​នាក់ និង​រឹបអូស​ថ្នាំ​ញៀន​ជាង ២០០​គីឡូ​ក្រាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ 

ជនជាតិ​ទាំង​ពីរ​នាក់​នោះ​មាន​អាយុ ៤១ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ៤២ឆ្នាំ។ រីឯ វត្ថុតាង និងសម្ភារៈចាប់​យក​បាន​រួម​មាន៖ សារធាតុ​ញៀន​ប្រភេទ​កេតាមីន (Ketamine) សរុប​ចំនួន ២០០គីឡូ ៧៨៤,៩៣ក្រាម រថយន្ត​ចំនួន ២គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន ២គ្រឿង។ នេះ​បើ​យោង​តាម​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​នា​ថ្ងៃទី​២៤ កក្កដា។

ក្នុង​រយៈពេល​ជាង ៦​ខែ នៃ​ឆ្នាំ ២០២៤ នេះ គ្រឿង​ញៀន​ចំនួន ៥ ៦៥៦​ករណី​ត្រូវ​បាន​បង្រ្កាប​ហើយ​មនុស្ស​ចំនួន​១៣ ៩៥៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន សារធាតុញៀន​ចំនួន ៥តោន និង ២៥៨​គីឡូក្រាម​ត្រូវ​បាន​រឹបអូស៕