ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គ្មានការបាត់បង់ទឹកដីកម្ពុជាចំនួន ៤ ខេត្តនៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នោះទេ បន្ទាប់ពីមានការជជែកអំពីបញ្ហានេះនៅលើបណ្ដាញសង្គម រហូតដល់មនុស្សចំនួន ៤ នាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទញុះញង់។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃនេះ បានបញ្ជាក់ថា គ្មានការកាត់ទឹកដី ៤ខេត្ត ឲ្យទៅប្រទេសវៀតណាមដូចការចោទប្រកាន់នោះឡើយ។
លើសពីនេះទៀតក៏ «គ្មានការយកខេត្តទាំង ៤ របស់កម្ពុជាទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ»។
ក្នុងរយៈពេលមួយសប្ដាហ៍នេះ មានមតិលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយពលរដ្ឋមួយចំនួនបង្ហាញពីការបារម្ភណ៍រឿងបាត់បង់ទឹកដីតាមរយៈកិច្ចសហប្រតិបត្តិការ CLV DTA នេះ ដែលត្រូវបានផ្ដួចផ្ដើមដំបូងនៅឆ្នាំ ១៩៩៩។ ពលរដ្ឋខ្លះក៏បង្ហាញក្ដីបារម្ភណ៍ចំពោះការបាត់បង់ធនធានធម្មជាតិដែលមាននៅក្នុងខេត្តទាំងបួន រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី របស់កម្ពុជា ដែលជាផ្នែកនៃ CLV DTA។
ប៉ុន្តែ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ដូច្នេះថា៖ «គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ»។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ»។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា CLV DTA ត្រូវបានបង្កើតឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើម CLV DTA កាលពីថ្ងៃចន្ទ បានពន្យល់អំពីកិច្ចសហប្រតិបត្តិការនេះ ដោយបញ្ជាក់ថា ប្រទេសទាំង ៣ គ្រប់គ្រងលើអធិបតេយ្យភាពនៃដែនដីរបស់ខ្លួនរៀងៗខ្លួន ដោយគ្មានអ្នកណាបំពានអ្នកណាឡើយ ហើយការបង្កើតកិច្ចសហប្រតិបត្តិការនេះមិនមែនជាការដាក់បញ្ចូលទឹកដីបង្កើតបានជាដែនដី ឬ ប្រទេសថ្មីនោះដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា៖ «រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំប្រទេសឈានឆ្ពោះទៅពង្រឹងសេដ្ឋកិច្ចសង្គម និងនយោបាយទាំងក្នុងប្រទេសនិងនយោបាយការទូត ដោយរក្សាឱ្យបានជាដាច់ខាតនូវឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ»។
ការអត្ថាធិប្បាយជំទាស់ទៅនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលរដ្ឋាភិបាលចាត់ទុកថា ជាការមួលបង្កាច់ បានបណ្ដាលឲ្យមានការចាប់ខ្លួនមនុស្ស ៤ នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ អ្នកដែលត្រូវបានចាប់ខ្លួនរួមមាន លោក ស៊្រុន ស៊្រុន ដែលគេតែងឃើញអត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាមួយនឹង កញ្ញា ភីង សោភា ដែលត្រូវបានចាប់ខ្លួនដូចគ្នា។ ចំណែក ២នាក់ទៀតមានបុរសពីរនាក់ ឈ្មោះ ចក់ ប៉ានមុន្នី និង សាន សិទ្ធ។
ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី២៤ ខែកក្កដា ម្សិលមិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកទាំង ៤ បានផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុក Srun Srorm ព្រមទាំងបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួនពាក់ព័ន្ធទៅនឹង CLV-DTA ដោយអត្ថាធិប្បាយដែលមានចរិកលក្ខណៈ«មួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពនេះបានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ»។
តុលាការបញ្ជាក់ទៀតថា៖ «បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៤នាក់... សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ចំពោះ សកម្មភាពដែលមានចរិកលក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕